ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ខេត្ត​ចំនួន​២ គឺ​ខេត្តកំពត និង​ខេត្ត​កែប ត្រូវបាន ក្រសួងបរិស្ថាន បន្ត​បើក​វគ្គ​បណ្តុះបណ្តាល​ជូន​ដល់​មន្ត្រីនគរបាល​យុត្តិធម៌ មន្ត្រី​អនុវត្ត​ច្បាប់ ចំនួន ៤៥​នាក់ លើ​គោលការណ៍​ណែនាំ ស្តីពី​បែបបទ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ សម្រាប់​ស៊ើបអង្កេត និង​ការរៀបចំ​សំណុំរឿង សម្អាង​បទល្មើស និង​បទល្មើស​សម្អាត​ប្រាក់ ក្នុង​ក្របខណ្ឌ​នៃ ដែន​សមត្ថកិច្ច ក្រសួងបរិស្ថាន​។​

​វគ្គ​បណ្តុះបណ្តាល ដែល​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២២ នៅ​មន្ទីរ​បរិស្ថាន ខេត្តកំពត ក្រោម​អធិបតីភាព​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​ក្រុមការងារ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម នៃ​ក្រសួងបរិស្ថាន ដោយ មានការ​ធ្វើ​បទ​បង្ហាញ ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នានា​។​

​លោក​រដ្ឋលេខាធិការ ក្រសួងបរិស្ថាន នេត្រ ភក្ត្រា បាន​ថ្លែងថាៈ វគ្គប​ណ្តុះ បណ្តាល​នេះ មាន​សារៈសំខាន់​ណាស់ សម្រាប់​មន្ត្រីនគរបាល​យុត្តិធម៌ និង​មន្ត្រី​អនុវត្ត​ច្បាប់ នៃ​ក្រសួងបរិស្ថាន ដើម្បី​ពង្រឹងសមត្ថភាព ចូលរួម​ប្រយុទ្ធ ប្រឆាំងនឹង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ក្នុង​បទល្មើស​ដើម ពាក់ព័ន្ធ​នឹង​បទល្មើស​ធនធានធម្មជាតិ ជាពិសេស​បទល្មើស​ពាក់ព័ន្ធ​នឹង​ព្រៃឈើ និង​ការជួញដូរ​សត្វព្រៃ ដោយ​ខុសច្បាប់​។ មន្ត្រីនគរបាល​យុត្តិធម៌ នឹងត្រូវ ពន្លាត លើ​បទល្មើស​នៃ​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន ភេរវកម្ម ករណី​រកឃើញថា មាន​តម្រុយ​ពាក់ព័ន្ធ​នឹង​ការសម្អាត​ប្រាក់ ក្នុង​សំណុំរឿង ដើម​ទាក់ទង​នឹង​បទ ល្មើស​ធនធានធម្មជាតិ​។​

​វគ្គ​បណ្តុះបណ្តាល​នេះ បានផ្តល់​ជូន​ដល់ មន្ត្រីនគរបាល​យុត្តិធម៌ និង​មន្ត្រី​អនុវត្ត ច្បាប់ នៃ​មន្ទីរ​បរិស្ថាន នូវ​លិខិតបទដ្ឋាន​គ​តិ​យុត្ត និង​ទទួលបាន​បទពិសោធន៍ ពី​ការកសាង សំណុំរឿង ពាក់ព័ន្ធ​នឹង​ការសម្អាត​ប្រាក់ ក៏ដូចជា នីតិវិធី​ស៊ើបអង្កេត លើ​សំណុំរឿង​។​

​លោក នេត្រ ភក្ត្រា បានលើកឡើង​ថាៈ យោងតាម​ផែនការ មន្ត្រីនគរបាល យុត្តិធម៌ និង​មន្ត្រី​អនុវត្ត​ច្បាប់ របស់​ក្រសួងបរិស្ថាន សរុប​ជាង ១.២០០ នាក់ នឹងត្រូវ​ទទួលបាន ការបណ្តុះបណ្តាល ពង្រឹងសមត្ថភាព​នេះ​។​

​ជាមួយគ្នានេះ លោក រដ្ឋលេខាធិការ បាន​ជំរុញ​ឱ្យ​មន្ត្រី​អនុវត្ត​ច្បាប់ ត្រូវយក ចិត្ត​ទុកដាក់ បន្ត​អនុវត្ត​ច្បាប់ ឱ្យបាន​ហ្មឺ​ង​ម៉ាត់ និង​ប្រកបដោយ​ការទទួលខុសត្រូវ និង​វិជ្ជាជីវៈ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​កិច្ចការពារ និង​អភិរក្ស​ធនធាន ធម្មជាតិ និង​ជាពិសេស ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ទាក់ទង​នឹង​ការ សម្អាត​ប្រាក់ ពាក់ព័ន្ធ​នឹង​បទល្មើស​ធនធាន ធម្មជាតិ​៕/V​-PC