​ដោយៈ​ក្រុមហ៊ុន​/​ភ្នំពេញ​៖ប្រតិបត្តិ​ករ​ទូរស័ព្ទ​ឈានមុខ​គេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក្រុមហ៊ុន Smart Axiata កាលពី​ថ្ងៃអាទិត្យ​បានប្រកាស​បិទ​បញ្ចប់​កម្មវិធី SmartStart High School Edition ដែល​រៀបចំឡើង​ក្នុង​គោលបំណង​បណ្តុះ​ស្មារតី​សហគ្រិន​ក្នុងចំណោម​សិស្ស​វិទ្យាល័យ​នៅ​កម្ពុជា ទន្ទឹមនឹងនោះ​ក៏​ជួយ​អភិវឌ្ឍ​គំនិត​អាជីវកម្ម​ផ្នែក​ឌីជីថល និង​បច្ចេកវិទ្យា តាមរយៈ​សិក្ខាសាលា កម្មវិធី​ណែនាំ​នានា និង​ដំណើរ​កំសាន្ត​។

មកពី​វិទ្យាល័យ​កំពង់ធំ ក្រុម The Last Idea ដែលមាន​សមាជិក​សរុប​ចំនួន​បួន​នាក់​ទទួលបាន​រង្វាន់​សាច់ប្រាក់​ចំនួន ១៤០០ ដុល្លារ ចំពោះ​គំនិត​ផ្ដួចផ្ដើម​ម៉ាស៊ីន​ចម្រោះ​ទឹក​របស់​ពួកគេ ដែល​ផ្តល់​ទឹកស្អាត​តាម​ភូមិ​នៅ​តំបន់​ជនបទ ខណៈ​ក្រុមទី​២ និង​ក្រុមទី​៣ ទទួលបាន​រង្វាន់​សាច់ប្រាក់​ចំនួន ៨០០ ដុល្លារ និង​២០០ ដុល្លារ​តាម​ក្រុម​។

​សិស្ស​វិទ្យាល័យ​ចំនួន​៣៦​នាក់​មកពី​ខេត្ត កំពង់ចាម កំពង់ធំ និង​កំពង់ឆ្នាំង បាន​ចូលរួម​ប្រកួត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។ មុន​ការប្រកួត​ផ្តាច់ព្រ័ត្រ​បេក្ខជន​ទាំង ៣៦ នាក់​មកពី​ក្រុម​ទាំង ៩ បាន​ចូលរួម​ក្នុង​ដំណើរ​ទស្សនៈកិច្ច​ដែល​ទទួលបាន​ការឧបត្ថម្ភ​រយៈពេល​ពីរ​ថ្ងៃ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ពួកគេ​បាន​ទៅ​ទស្សនា​សារមន្ទីរ​ជាតិ សាកលវិទ្យាល័យ​បច្ចេកវិទ្យា និង​អាជីវកម្ម​ឌីជីថល​ទើប​បង្កើត​ថ្មី​។​

​ដោយ​ទទួលបាន​ការគាំទ្រ និង​ការយល់ព្រម​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​សហគ្រិន​ខ្មែរ (Khmer Enterprise) កម្មវិធី SmartStart High School Edition គឺជា​គំនិត​ផ្តួចផ្តើម​មួយ​ក្នុងចំណោម​គំនិត​ផ្តួចផ្តើម​ដ៏ទៃទៀត ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Smart Axiata ដើម្បី​លើកកម្ពស់​ភាពជា​សហគ្រិន និង​ការច្នៃប្រឌិត​ក្នុងចំណោម​យុវជន​តាមរយៈ ការបណ្តុះបណ្តាល កម្មវិធី hackathons និង​កម្មវិធី incubation ។

​លោក Feiruz Ikhwan នាយក​ប្រតិបត្តិ​ស្តីទី​របស់​ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា ៖ «​នៅ​ក្រុមហ៊ុន Smart យើង​តែងតែមាន​មោទនភាព​យ៉ាងខ្លាំង​ក្នុងការ​ធ្វើឱ្យ​កម្មវិធីសិក្សា​អំពី​ភាព​ច្នៃប្រឌិត និង​សហគ្រិនភាព​របស់​យើង អាច​ស្វែង​រកបាន​សម្រាប់​សិស្ស​វិទ្យាល័យ​ក្រៅ​រាជធានី​ភ្នំពេញ ក្រោយ​ទទួលបាន​ជោគជ័យ​ដ៏​ល្អ​នៃ​កម្ម វិធី​សម្រាប់​និស្សិត​សាកលវិទ្យាល័យ​។ ការរៀនសូត្រ​ពី​សារៈសំខាន់​នៃ​ផ្នត់គំនិត​សហគ្រិន​ឌីជីថល និង​បច្ចេកវិទ្យា​ពី​ក្មេង​ទៅនឹង​អនុញ្ញាតឱ្យ​ពួកគេ​បញ្ចេញ​សក្តានុពល និង​បំពេញ​តួនាទី​ដ៏​សំខាន់​ក្នុងការ​លើកកម្ពស់​ការ​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា​នាពេល​អនាគត​។ ដោយមាន​ការគាំទ្រ​ពី​ដៃគូ​របស់​យើង ក្រុមហ៊ុន Smart នឹង​ពង្រីក​លទ្ធ​ភា​នៃ​កម្មវិធី​ទាំងនេះ​បន្តទៀត សម្រាប់​សិស្ស និង​និស្សិត​នៅ​កម្ពុជា​។​»

​បេក្ខជន​ចូលរួម​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ទាំងអស់​បានបង្ហាញ​គំនិត​អាជីវកម្ម​របស់​ពួកគេ​ទៅកាន់​ក្រុម​ចៅក្រម មាន​លោកស្រី លឹម សូ​លីន នាយក​ប្រតិបត្តិ និង​ជា​ស្ថាបនិក​ក្រុម ហ៊ុន Saddhā ផ្នែក​សហគ្រាស​ប្រឹក្សា​យុទ្ធសាស្ត្រ និង​គោលនយោបាយ​។ លោក ពិសិដ្ឋ នេ​ត ពេជ្រ ផ្នែក Startup Incubation Lead នៅ Impact Hub Phnom Penh និង​លោកស្រី តូ គឹម​អ៊ាង អ្នកគ្រប់គ្រង​ភាពជា​ដៃគូ​ផ្នែក​ប្រព័ន្ធ​អី​ុ​ន​ធឺ​ណិ​ត​ក្រុមហ៊ុន Smart Axiata ។

​ក្រោយ​ភាពជោគជ័យ​នៃ​កម្មវិធី SmartStart អ្នក​ច្នៃប្រឌិត​វ័យក្មេង កម្មវិធី SmartStart វគ្គ High School Edition ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ក្នុង​ឆ្នាំ ២០២២ ដើម្បី​ផ្តល់នូវ​ការណែនាំ​អំពី​អាជីវកម្ម​ឌីជីថល និង​ភាពជា​សហគ្រិន​សម្រាប់​សិស្ស​វិទ្យាល័យ​ទូទាំងប្រទេស​កម្ពុជា​។ កម្មវិធី​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ណែនាំ​សិស្សានុសិស្ស​អំពី​មូលដ្ឋានគ្រឹះ​នៃ​ភាពជា​សហគ្រិន​ឌីជីថល ដោយ​ធ្វើឱ្យមាន​តុល្យភាព​នៃ​វគ្គ​សិក្សា​អាជីវកម្ម​ឌីជីថល ភាពជា​សហគ្រិន និង​ជំនាញ​ទន់​សំខាន់ៗ នឹង​បណ្តុះ​ផ្នត់គំនិត​សហគ្រិនភាព​ក្នុងចំណោម​សិស្ស​ទាំងអស់​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក Smart for Cambodia នៅ www.facebook.com/smartforcambodia ឬ​ចូលទៅ​កាន់ www.smartstart.com.kh