​ដោយៈ ប​.​ខុន / ភ្នំពេញៈ ច្រាំង​ស្ទឹង​ព្រែក​ត្នោត នៅក្រោម​ស្ពានថ្ម​តាខ្មៅ បាក់ស្រុត​អស់ ប្រវែង​ជាង ២០០ ម៉ែត្រ បណ្តាលមកពី​ច្រាំង​ស្ទឹង​នេះ មាន​ដី​សើម​ខ្លាំង ក្រោយពេល​ភ្លៀង បន្តបន្ទាប់ ហើយ​ក្រុមការងារ​ថ្នាក់ជាតិ កាលពី​ថ្ងៃទី​៩ ខែឧសភា បាន​ចុះ​ពិនិត្យ ដើម្បី​រកមើល​មូលហេតុ ពិតប្រាកដ និង​រក​វិធី​ធ្វើ​ឡើងវិញ​។​

​លោក ម៉ៅ ហាក់ មន្ត្រី​ជំនាញ​ជលសា​ស្ត្រ នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២២​ថាៈ ច្រាំង​ស្ទឹង ព្រែក​ត្នោត នៅ​ក្រុង​តាខ្មៅ បាក់ស្រុត កាលពី​ម្សិលមិញ ក្រុមការងារ​ថ្នាក់ជាតិ បាន​ចុះ​ពិនិត្យឃើញថា បណ្តាលមកពី​ច្រាំង​របស់​ស្ទឹង​នេះ មាន​ដី​សើម​ខ្លាំង ក្រោយពី​មាន​ភ្លៀង​ធ្លាក់​ច្រើន ទើប​បង្ក​ឱ្យ​ច្រាំង​បេតុង​នេះ រអិល​ស្រុតចុះ​។​

​មន្ត្រី​ជំនាញ​ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ ច្រាំង​ស្ទឹង​បាក់ស្រុត​នេះ សាងសង់ ដោយ​រដ្ឋបាល ខេត្តកណ្តាល ប្រើប្រាស់​កញ្ចប់​ថវិកា សប្បុរសជន មាន​កម្រិត​។ បំណែក​ច្រាំង ដែល​បាក់​នេះ នឹងត្រូវ​យកចេញ ហើយ​ត្រូវ​សាង សង់​ឡើងវិញ បែបណា​នោះ នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ក្រុមការងារ​កំពុង សិក្សា​។​

​ច្រាំង​ស្ទឹង​ព្រែក​ត្នោត ចាប់ពី​ស្ពានថ្ម​តាខ្មៅ រហូតដល់​វិហារ​លោកតា សា​ថៃ​ជឺ បាន​បាក់ស្រុត អស់​ប្រវែង​ជាង ២០០ ម៉ែត្រ ស្ថិតនៅក្នុង​សង្កាត់​តាខ្មៅ ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល​៕/V​-PC