ដោយៈ សុផល / ភ្នំពេញ៖ និស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានរៀបចំ ពិធីសំណេះសំណាល និងអាហារសាមគ្គី អបអរខួបអនុស្សាវរីយ៍ លើកទី៥ នៃថ្ងៃបង្កើត សមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន (១១ ឧសភា ២០១៧ – ១១ ឧសភា ២០២២) ក្រោមអធិបតីភាព លោក យ៉ក់ ងុយ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោក Lin Ruihua ទីប្រឹក្សាវប្បធម៌ នៃស្ថានទូតសាធារណរដ្ឋប្រជាមានិត ចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិធីនេះ ក៏មានអ្នកក្រុមហ៊ុនចិន សមាគមចិន មិត្តចិន បងប្អូនអតីតនិស្សិត និងនិស្សិត ចូលរួមសរុបប្រមាណ ២៣០ នាក់ ដែលបានរៀបចំ នៅទីស្នាក់ កណ្តាល សមាគមសម្ព័ន្ធខ្មែរ ចិន នៅកម្ពុជា។
កញ្ញា ហោ រស្មី ប្រធានសមាគមនិស្សិត អាណត្តិទី៥ បានអានរបាយការណ៍ សកម្មភាព និងសមិទ្ធផលសមាគមនិស្សិត នាពេលកន្លងមក។ កញ្ញា ក៏បាន បញ្ចេញចំណាប់អារម្មណ៍ ទាក់ទងនឹងការសិក្សា តាមអនឡាញ នៅក្នុងស្រុក របស់និស្សិត រយៈពេល ៥ ឆមាស កន្លងមកនេះ និងបានលើកទឹកចិត្តនិស្សិតខ្មែរ ឲ្យតស៊ូ ព្យាយាម បន្តការសិក្សាទៅមុខទៀត ដើម្បីអនាគតខ្លួនឯងផង និងដើម្បីចូលរួមជាចំណែកមួយ ក្នុងការកសាងប្រទេសជាតិ យើងផង។
លោក អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគមនិស្សិត បានលើកឡើង អំពីប្រវត្តិនៃ ការបង្កើតសមាគមនិស្សិតនេះឡើង ជាមួយនឹង ស្នាដៃ និងសមិទ្ធផល មួយចំនួន ជាពិសេសការរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ តាមរយៈការរួមចាក់វ៉ាក់សាំង បង្កាជំងឺកូវីដ១៩ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនមិត្តភាពកម្ពុជា ចិន នៃសមាគមនិស្សិត។
ជាមួយគ្នានេះដែរ លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានរំលេចអំពីតួនាទី របស់សមាគម ដែលបាន និងកំពុងអនុវត្ត៖ ១. ជួយសម្របសម្រួល និងដោះ ស្រាយបញ្ហាការសិក្សា និងការរស់នៅរបស់និស្សិត នៅប្រទេសចិន។
២. ចូលរួម ចំណែកលើកស្ទួយ និងផ្សព្វផ្សាយវប្បធម៌ អរិយធម៌ខ្មែរនៅ ប្រទេសចិន។
៣. ចូលរួមផ្សព្វផ្សាយ អំពីតំបន់ទេសចរណ៍ និងឱកាសវិនិយោគផ្សេងៗ នៅកម្ពុជា ជូនប្រជាជនចិន និងនិស្សិតបរទេស សិក្សានៅប្រទេសចិន។
៤. ផ្សព្វផ្សាយ និងស្វែងរកអាហារូបករណ៍ ជូនបងប្អូនយុវជននិស្សិតនៅក្នុង ប្រទេសកម្ពុជា ដើម្បីបង្កើននិស្សិតកម្ពុជា មកសិក្សានៅប្រទេសចិន។
៥. ចូលរួមចំណែកពង្រឹងសមត្ថភាពបងប្អូននិស្សិត ( វគ្គសិក្សាស្រាវជ្រាវផ្សេងៗ)
៦. ដឹកនាំសម្របសម្រួលបងប្អូននិស្សិតចូលរួមសកម្មភាពជាមួយនិស្សិតអាស៊ាន និងបណ្តាលប្រទេសផ្សេងៗ នៅប្រទេសចិន។
៧. ស្វែងរកឱកាសការងារ និងកម្មសិក្សា ជូននិស្សិត ដែលបានបញ្ចប់ការសិក្សា ពីប្រទេសចិន។
៨.សម្របសម្រួលបងប្អូននិស្សិត ចូលជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំ ពេលមកទស្សនកិច្ច នៅប្រទេសចិន។
៩. ចូលរួមធ្វើសកម្មភាពមនុស្សធម៌ផ្សេងៗ នៅក្នុងប្រទេសកម្ពុជា។
១០. ចូលរួមតម្រង់ទិស និងការលើកទឹកចិត្ត ដល់សិស្ស និស្សិត នៅតាមបណ្តា វិទ្យាល័យ វិទ្យាស្ថាន និងសាកលវិទ្យាល័យ នៅក្នុងប្រទេសកម្ពុជា តាមរយៈការធ្វើសិក្ខាសាលា។
លោក អ៊ុ វុទ្ធទី ក្នុងនាមស្ថាបនិកសមាគមនិស្សិត ក៏បានរំលឹកដឹងគុណ ចំពោះការចិត្តទុក ដាក់ ការគាំទ្រ និងការឧបត្ថម្ភរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា លោកបណ្ឌិត ហ៊ុន ម៉ាណែត ស្ថានទូតចិនប្រចាំ កម្ពុជា ស្ថានទូតកម្ពុជាប្រចាំ ប្រទេសចិន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការបរទេស និងកិច្ចសហ ប្រតិបត្តិការអន្តរជាតិ និងសភាពាណិជ្ជកម្មកម្ពុជា ដើម្បីទ្រទ្រង់សកម្មភាព របស់សមាគមនិស្សិតនាពេលកន្លងមកនេះ។
លោក Lin Ruihua ទីប្រឹក្សាវប្បធម៌ នៃស្ថានទូតចិនប្រចាំកម្ពុជា បានលើក សរសើរ អំពីសមាគមនិស្សិត ដែលបង្កើតដោយយុវជនមួយក្រុម ដែលពោរ ពេញដោយ ភាពស្វាហាប់ រស់រវើក និងភាពក្លាហាន ក្នុងការច្នៃប្រឌិត។
លោក បានឲ្យតម្លៃខ្ពស់ ទៅលើសមាគមនិស្សិត ដែលកំពុងក្លាយជាឆ្អឹងខ្នង នៃការអភិវឌ្ឍន៍ សេដ្ឋកិច្ច និង សង្គម របស់កម្ពុជា ជាបណ្តើរៗ ហើយជាអ្នក កសាង និងជាអ្នកជំរុញទំនាក់ទំនង មិត្តភាព ចិន – កម្ពុជា ក្នុងសករាជថ្មី។
លោក ក៏បានពាំនាំការយកចិត្តទុកដាក់ យ៉ាងខ្ពស់ពីសំណាក់ មេដឹកនាំចិន និងកម្ពុជា ការគាំទ្រដល់ការងាររបស់ សមាគមនិស្សិតកម្ពុជា ប្រចាំប្រទេសចិន និងជំរុញការផ្លាស់ប្តូរ រវាងយុវជននៃប្រទេសទាំងពីរ ជួយដល់សហគ្រិនវ័យក្មេង និងបានសន្យាថា នឹងបន្តបង្កើត ឱកាសបន្ថែមទៀត សម្រាប់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសចិន។
ទន្ទឹមនឹងនោះ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន សង្ឃឹមថា សមាគមនិស្សិត នឹងរៀបចំសកម្មភាព បន្ថែមទៀត ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ រវាងចិន និងកម្ពុជា ព្រមទាំងរួមចំណែក ក្នុងការបន្តលើកកម្ពស់ការយល់ដឹង និងមិត្តភាព រវាងប្រជាជន ទាំងពីរ។
លោក យ៉ក់ ងុយ រដ្ឋលេខាធិការ នៃរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានពាំនាំនូវសារ អបអរសាទរពីសំណាក់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ លោក បានលើកឡើង អំពីសារៈសំខាន់នៃការបង្កើតសមាគមនិស្សិត ព្រោះសមាគម ជាអ្នកដើរតួនាទី យ៉ាងសំខាន់ ក្នុងការរិតចំណងសាមគ្គីភាព រវាង និស្សិតកម្ពុជា ទាំងអស់ដែលកំពុងស្នាក់នៅ និងសិក្សា នៅប្រទេសចិនហើយតាមរយៈ សមាគមនេះ និស្សិតដែល ទើបទទួលបានអាហារូបករណ៍ថ្មីត្រៀមចេញទៅសិក្សា នៅប្រទេសចិន អាចស្វែងយល់ព័ត៌មានបន្ថែម អំពីការរៀបចំឯកសារ មុនចេញទៅសិក្សា ការធ្វើដំណើរចេញ ទៅសិក្សា ការរស់នៅ ការសិក្សា និងបទពិសោធន៍ ក្នុងពេលកំពុង សិក្សា និងក្រោយពេលបញ្ចប់ការសិក្សា។
លោក បានមានប្រសាសន៍គាំទ្រ និងជំរុញឲ្យសមាគម បន្តសកម្មភាពការងារ របស់ខ្លួនបន្ថែមទៀត ដូចជាការផ្សព្វផ្សាយព័ត៌មាន ឲ្យបានទូលំទូលាយ ថែមទៀត ដើម្បីឲ្យនិស្សិតកម្ពុជាទាំងអស់ ទាំងនិស្សិតអាហារូបករណ៍ និងនិស្សិតបង់ថ្លៃ ដែលទៅសិក្សា នៅប្រទេសចិន បានស្គាល់ និងចូលរួម ចុះឈ្មោះ ជាសមាជិករបស់ សមាគម។ ការផ្សារភ្ជាប់ទំនាក់ទំនងល្អ ជាមួយប្រជាជនចិន ជាពិសេសអ្នកវិនិយោគិន ដែលមានបំណង និងកំពុង ធ្វើវិនិយោគ នៅកម្ពុជា។ ចែករំលែកសុខទុក្ខ និងបទពិសោធន៍ ចំពោះសមាជិក ដែលជួបប្រទះការលំបាក ឬមានបញ្ហា ក្នុងការសិក្សា និងស្នាក់នៅក្នុង ប្រទេសចិន ដើម្បីជួយនិស្សិតទាំងអស់ ឲ្យបានរៀនចប់ចុងចប់ដើម ដោយជោគជ័យ និងយកចំណេះដឹងទាំងនោះរួមអភិវឌ្ឍន៍ប្រទេសជាតិ។ ចែករំលែក និងផ្តល់ព័ត៌មានជូន ក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នផ្សេងទៀត ដែលពាក់ព័ន្ធ ក្នុងករណីដែលមាន បញ្ហាកើតឡើង ប៉ះពាល់ដល់និស្សិតយើង (ដូចករណីការផ្ទុះឡើង នូវជំងឺកូវីដ១៩ ជាដើម)។
លោកក៏បានថ្លែងនូវអំណរគុណ ចំពោះរដ្ឋាភិបាល នៃប្រទេសចិន ដែលបាន ជួយបណ្តុះ បណ្តាលធនធានមនុស្ស ដល់កម្ពុជា និងនៅតែបន្តផ្តល់អាហា រូបករណ៍ ដល់និស្សិតកម្ពុជា កាន់តែច្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ និងសូមអរគុណចំពោះ ប្រធានក្រុមប្រឹក្សាភិបាល ប្រធានសមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំពិធីគម្រប់ខួប ៥ ឆ្នាំនេះឡើង៕/V-PC