​ដោយៈ ប​-​ជ័យ / បន្ទាយ​មាន​ជ័​យៈ បុរស​ម្នាក់ បាន​ល្បួង​ក្មេងស្រី​ម្នាក់ យកទៅ​រំលោភ នៅផ្ទះ​សំណាក់​មួយ ពេលដែល​ពួកគេ បាន​ជួបគ្នា នៅ​កន្លែង​ប្រគំ​តន្ត្រី ឬ​ខុន​សឺត ។ ប៉ុន្តែ ក្រោយមក ជនសង្ស័យ បាន​ត្រូវ​កងរាជអាវុធហត្ថ ក្រុង​សិរីសោភ័ណ ឃាត់ខ្លួន តាម​ពាក្យបណ្ដឹង របស់​ម្ដាយ​ក្មេងស្រី​រងគ្រោះ​ហើយ​បាន​បញ្ជូនទៅ​តុលាការ ដើម្បី​ផ្ដន្ទាទោស តាមច្បាប់​។​

​លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ ក្រុង​សិរីសោភ័ណ បាន​ដឹកនាំ​កម្លាំង ចុះ​ឃាត់ខ្លួន​បាន​ជនសង្ស័យ កាលពី​វេលា​ម៉ោង ២ រសៀល ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២២​។​

​ម្តាយ​ជនរងគ្រោះ ឈ្មោះ អ​. ស អាយុ ៥៣ ឆ្នាំ រស់នៅ​ភូមិ​ដូន​ឡី សង្កាត់​ម្កាក់ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថាៈ កូនស្រី​របស់គាត់ មានឈ្មោះ យ​.​ស​.​យ អាយុ ១៦ ឆ្នាំ បាន​ទៅលេង​ការប្រគំ​តន្ត្រី នៅពេល​យប់ ។ ពេលនោះ កូនស្រី​របស់គាត់ បាន​ផឹកស្រា​បៀរ ឡើង​ចង់​ស្រវឹង ហើយ​ក៏បាន​ជួបនឹង​ជនសង្ស័យ មានឈ្មោះ លី​ស វិ​ច័ន្ទ​ត្រា ហៅ ត្រា ភេទ​ប្រុស អាយុ ២៦ ឆ្នាំ ស្នាក់នៅ​បណ្ដោះអាសន្ន ភូមិ​ជើងវត្ត ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

​ជនសង្ស័យ បានមក​ល្បួង​កូនស្រី​របស់គាត់ ដោយបាន​អះអាងថា នឹង​ស្រឡាញ់​កូនស្រី គាត់ ហើយ​បាន​ល្បួង​នាំយក ទៅ​ដេក​នៅផ្ទះ​សំណាក់ យីហោ ថ្ម​ពេជ្រ ស្ថិតក្នុង​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យមួយយប់ ។ ជនសង្ស័យ បានរួម​រក្ស ជាច្រើន​ដង រហូតទល់​ភ្លឺ​តែម្ដង​។​

​ចំណែក​ជនសង្ស័យ បាន​ឆ្លើយ​សារភាព នៅក្រោយពេល​សមត្ថកិច្ច បាន​ចាប់ខ្លួន​ថាៈ ខ្លួន​ពិតជា​បាន​លួងលោម ចាប់បង្ខំ និង​រំលោភ​សេពសន្ថវៈ លើ​ក្មេងស្រី​រងគ្រោះ​ពិតប្រាកដ ដូច​ការចោទប្រកាន់​មែន​។​

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវ ជ្រាវ និង​បង្ក្រាប​បទល្មើស បាន​ឲ្យ​ដឹងថាៈ ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ដោយបាន ការអនុញ្ញាត​ពី​លោក​ឧត្ដមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត ហើយ បន្ទាប់ពី​ជនសង្ស័យ សារភាព​រួ​កម្លាំង​ការិយាល័យ​ការជួញដូរ​មនុស្ស កងរាជអាវុធហត្ថ​ខេត្ត បាន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២២ ហើយ​៕/V​