ដោយៈ បាយ័ន / សៀមរាបៈ សួន​រុក្ខជាតិ​អង្គរ ស្ថិតនៅតាម​បណ្តោយ រុក្ខវិថី​ព្រះសីហនុ ឆ្ពោះទៅ​ប្រាសាទអង្គរវត្ត នៃ​រមណីយដ្ឋាន​អង្គរ​។ សួន​នេះ ត្រូវបាន​រៀបចំ​កែលម្អ ដោយ មាន​រុក្ខជាតិ និង​ផ្កា​ចម្រុះ​ជាង ៥០០ ប្រភេទ និង​រាប់ម៉ឺន​ដើម​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​អ្នកទទួលបន្ទុក​រៀបចំ​សួន នៅ​រសៀល ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២២​នេះ​។​

​លោក យិ​ត ចាន់​ដារ​ដ្ឋ បាន​និយាយថាៈ សួន​រុក្ខជាតិ​អង្គរ មានឈ្មោះ​ដើម ជា​សួន​គ្រឿង ទេស បង្កើតឡើង​ពី​ឆ្នាំ​២០០៥ ដែល​កាលណោះ មាន​ផ្ទៃដី​ប្រមាណ ២ ហិកតា​ប៉ុណ្ណោះ​។​

​លោក​បាន​បន្តថាៈ ចាប់ពី​ឆ្នាំ​២០១៨ មក សួន​នេះ ត្រូវបាន​រៀបចំ​កែលម្អ និង​ពង្រីក រហូតដល់​ជាង ១៥ ហិកតា ក្រោម​ការឧបត្ថម្ភ និង​គំនិត​ផ្តួចផ្តើម របស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្នុង​បំណង​ចង់ ឃើញ​សួន មាន​ភាព​ទាក់ទាញ និង​សក្តានុពល​ខ្លាំង​ជាង​មុន សម្រាប់​ជា​ប្រយោជន៍ ប្រជាជន និង​ទេសចរ​ជាតិ​-​អន្តរជាតិ​។​

​លោក យិ​ត ចាន់​ដារ​ដ្ឋ បាន​និយាយទៀតថាៈ សួន​រុក្ខជាតិ​អង្គរ​នេះ ត្រូវបាន​រៀបចំ​ជា ៥ សួន​ធំៗ ប្លែក​ពីគ្នា​។ ទី​១ សួន​គ្រឿងទេស និង​សួន​ឱសថ ដែល​ប្រមូលផ្តុំ​រុក្ខជាតិ​ឱសថ ចម្រុះ​ជាច្រើន ដែល​ដូនតា​ខ្មែរ ឬ​ប្រជាពលរដ្ឋ មាន​ជំនឿ​យកទៅ​ព្យាបាល​រោគ​ផ្សេងៗ រួម​នឹង​ដំណាំ យក​ធ្វើជា​គ្រឿងទេស​ដាំ​ស្ល​។ ទី​២ សួនផ្កា​ស្មៅ និង​ផ្កា​ចម្រុះ ប្រមូលផ្តុំ​នូវ​ផ្កា ចម្រុះ តាម​រដូវ​កាល និង​ផ្កាស្មៅ​។ ទី​៣ សួន​អំបូរ​ត្នោត រួមមាន ដើម​ប្រង់ ស្លា ល​ម្ម៉ើ ដូងប្រេង ។​ល​។ ទី​៤ សួន​ខ្មែរ ប្រមូលផ្តុំ​រុក្ខជាតិ​ហូប​ផ្លែ​ច្រើន​មុខ​ហើយ​ក្នុងនោះ ក៏មាន​ការរៀបចំ ជា​ស្រែ​ខ្នាតតូច និង​ការ​រចនា​បែប​ខ្មែរ​ផងដែរ​។ និង​ទី​៥ សួន​ព្រៃឈើ និង​សត្វ​ព្រៃអង្គរ ដែលជា​ផ្នែក​មួយ​ធំ នៃ​ព្រៃឈើ​អង្គរ ប្រមូលផ្តុំ​ដោយ ដើមឈើ​ប្រណិត សត្វព្រៃ និង​សត្វ​ចិញ្ចឹម មួយចំនួន ដើម្បី​ទាក់ទាញ​ទេសចរ​។​

​ក្រៅពី​រុក្ខជាតិ​ខាងលើនេះ សួន​នេះ ក៏​រៀបចំ​ជា​កូនភ្នំ​តូចៗ ទឹកធ្លាក់ ការបាញ់ទឹក និង ការ​រចនា​ផ្សេងៗ ដើម្បី​ទាក់ទាញ​ផងដែរ​។ តាម​ការលើកឡើង​រប​ស់​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា សួន​នេះ គ្រោង​ដាក់​សម្ពោធ​ជា​ផ្លូវការ នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២២ ខាងមុខ ហើយ ក្រោយ​ថ្ងៃ​សម្ពោធ នឹង​បើក​ឱ្យ​សាធារណជន​ចូល​ទស្សនា ដោយ​ឥតគិតថ្លៃ រយៈពេល ១​ខែ ។​

​ទោះបី​មានការ​បង់ថ្លៃ ចូល​ទស្សនា តែ​លោក យិ​ត ចាន់​ដារ​ដ្ឋ បានបញ្ជាក់​ថាៈ ក្នុងតម្លៃ ថោក សមរម្យ​បំផុត ដើម្បី​ងាយស្រួល គ្រប់គ្រង​លំហូរ​ទេសចរ ដែល​ទេសចរ មានលទ្ធភាព ចូល​ទស្សនា និង​មាន​មោទកភាព ក្នុងការ​រួមចំណែក ថែរក្សា​ទីនេះ​ទៅ​អនាគត​។

​សួន​រុក្ខជាតិ​អង្គរ ឬ​ភាសាបរទេស ហៅថា Angkor Botanical Garden បង្កើតឡើង ក្នុងទិសដៅ​បម្រើ​ប្រយោជន៍​សាធារណជន និង​ជា​ផ្នែក​មួយ នៃ​សេវាកម្ម ទេសចរណ៍ ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ក្រៅពី​ប្រាសាទ ទេសចរ អាចមក​សម្រាកលំហែ ដើរ​កម្សាន្ត ហាត់ប្រាណ និង​សម្រាកលម្ហែ ក្នុង​សួនច្បារ​ដ៏​ធំ និង​ត្រជាក់​នេះ​បាន ដែល​អាច​ទស្សនា បាន​ទាំង​រុក្ខជាតិ ផ្កា​ចម្រុះ និង​សត្វព្រៃ ជាច្រើន​។​

​ក្នុងទិសដៅ​ទៅ​អនាគត សួន​នេះ គ្រោង​នឹង​ពង្រីក​រហូតដល់​ខាងត្បូង​ច្រាំង​ក​សិន្ធុ​អង្គរវត្ត ដែល​អាចមាន​ទំហំ​ផ្ទៃដី ជាង ១៣០ ហិកតា​។​

​លោក យិ​ត ចាន់​ដារ​ដ្ឋ បានបង្ហាញ​នូវ​មោទកភាព​ជាខ្លាំង ចំពោះ​វត្តមាន​សួនច្បារ ដ៏​ធំ​មួយ​នេះ ដែល​វា​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​ថ្មី មួយ​បន្ថែមទៀត ក្នុង​រមណីយដ្ឋាន​អង្គរ​។ លោក​អគ្គនាយករង ក៏មាន​សេចក្ដី​រីករាយ​ជាខ្លាំង ចំពោះ​សមិទ្ធផល​នានា ដែល​កកើតឡើង រយៈពេល​ជាង ២ ឆ្នាំ​មកនេះ អំឡុងពេល​សកលលោក ជួប​វិបត្តិ​ជំងឺ​កូ​វីដ​១៩ តែ​ការអភិវឌ្ឍ​នានា ក្នុង​រមណីយដ្ឋាន​អង្គរ នៅតែ​បន្ត​ដើរទៅ​មុខជា​និច្ច ដូចជា​ការរៀបចំ​ទេសភាព​បរិស្ថាន នៅមុខ​ប្រាសាទអង្គរវត្ត តាម​ប្រាសាទ​មួយចំនួនទៀត មាននៅ​ព្រះ​លានជល់ដំរី និង​គម្រោង​អភិរក្ស និង​ជួសជុល មួយចំនួនទៀត ៕/V​