​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅ​ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២២ បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុម​វិនិយោគិន​ដែល​អញ្ជើញ​មកពី​ប្រទេស​ចិន​ទាក់ទង​នឹង​កាលានុវត្តភាព និង​សក្តានុពល​នៃ​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​នាពេល​អនាគត​។​

​នាឱកាស​នោះ តំណាង​ក្រុមហ៊ុន​ចិន បាន​ជំរាប​លោក​រដ្ឋមន្ត្រី​បាន​ជ្រាប​ពី​គោលបំណង​ចំបង​របស់​គណ​:​ប្រតិភូ​ដែល​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​គឺ​ដើម្បី​ធ្វើការ​ស្វែងយល់ និង​ស្នើសុំ​ការណែនាំ​បន្ថែម​ទាក់ទង​ការវិនិយោគ​លើ​ដំណាំ​កាហ្វេ ដោយ​ដាំ កែច្នៃ ផ្គត់ផ្គង់​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស​។

​លោក​រដ្ឋមន្ត្រី បាន​សម្តែង​ការស្វាគមន៍ និង​គាំទ្រ ដើម្បី​ចូលរួម​លើកកម្ពស់​ផលិតកម្ម​កាហ្វេ​កម្ពុជា ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​នាំចេញ​។ លោក​រដ្ឋមន្ត្រី បាន​ជូន​យោបល់​ដល់​គណ​:​ប្រតិភូ​ថា​ផលិតកម្ម​កាហ្វេ មាន​សក្តានុពល​នៅ​ខេត្ត​មណ្ឌល​គី​រី ហើយ​បើ​មានឱកាស​អញ្ជើញ​ទៅ​សិក្សា​ពី​លក្ខខណ្ឌ​អំណោយ ផល​នៃ​ផលិត​កម្មនេះ និង​ជួបពិភាក្សា​ជាមួយ​សហគមន៍​កាហ្វេ​បើ​អាច អំពី​កិច្ចសហការ​រវាង​ក្រុមហ៊ុន និង​សហគមន៍ ធ្វើការ​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​។ ចំពោះ​ការងារ​លម្អិត លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​គណ​:​ប្រតិភូ​ធើ្វ​ការ​ណាត់ជួប​ជាមួយ លោក ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​។

លោក​រដ្ឋមន្ត្រី ក៏បាន​ស្នើសុំ​ឲ្យ​គណ​:​ប្រតិភូ​ធ្វើការ​សិក្សា​ពី​សក្តានុពល​នៃ​វិស័យ​វារីវប្បកម្ម ទាំង​ទឹកសាប និង​សមុទ្រ ដើម្បី​ធ្វើការ​វិនិយោគ​ជា​ខ្សែ​ច្រវាក់​ផលិតកម្ម​តែម្តង និង​នាំចេញ​ផងដែរ​៕​