​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ គម្រោង​កសាង​ខ្សែបណ្តាញ​បញ្ជូន​ចរន្ត​អគ្គីសនី​ខេត្តកំពង់ចាម ក្រចេះ និង​កោះកុង​ត្រូវបាន​សម្ភោ​ធនា​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២២ នៅក្នុង​អនុ​ស្ថានីយ​អគ្គិសនី ខេមរភូមិន្ទ ស្ថិតនៅ​ភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ក្រោម​អធិបតីភាព លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​លោក ហ្សា​ក ប៉ឺ​ឡឺ ( Jacque PELLET) ឯកអគ្គរដ្ឋទូត​បារាំ​ង ប្រចាំ​នៅ​កម្ពុជា​។​

​លោក ស៊ុយ សែម បាន​មានប្រសាសន៍ថា​​ក្នុង​ក្របខណ្ឌ​នៃ​គោលនយោបាយ​អភិវឌ្ឍ​សេដ្ឋកិច្ច​រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​ជំរុញ​ការអភិវឌ្ឍ​យ៉ាង​ពេញទំហឹង​ក្នុង​គ្រប់​វិស័យ ទាំង​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ទាំង​គម្រោង​បង្កើត​រោងចក្រ​ផលិត​សំភារៈ បរិក្ខារ​នានា​ក្នុងស្រុក​។

​លោក​បាន​បន្តថា ក្នុងការ​អភិវឌ្ឍន៍​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​ជម្រុញ​ការសាងសង់​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី​ធំៗ អនុ​ស្ថានីយ​ត​ភ្ជាប់​គ្នា ជាមួយនឹង​ការសាងសង់​ប្រភព​អគ្គិសនី​បន្ថែម​ជា​បន្តបន្ទាប់ ដើម្បី​ផ្ដល់​ប្រភព​អគ្គិសនី​ឲ្យ​បាន​គ្រប់គ្រាន់ ទាន់​តាម​កំណើនសេដ្ឋកិច្ច និង​ឲ្យ​ទាន់​តាម​កំណើន​នៃ​សេចក្តីត្រូវការ​ប្រើប្រាស់ និង​ជម្រុញ​ការសាងសង់​ខ្សែបណ្តាញ​ប​ញ្ចូ​ន​រង និង​ខ្សែបណ្តាញ​ចែកចាយ​អគ្គិសនី​តាម​បណ្តា​ខេត្ត​នានា​ជា​បន្តបន្ទាប់ ដើម្បី​ធ្វើការ​បញ្ជូន​និង​ចែកចាយ​ប្រភព​អគ្គិសនី​ដែល​យើង​បាន​អភិវឌ្ឍ​ទៅ​ផ្គត់ផ្គង់​ឲ្យ​អ្នកប្រើប្រាស់​អគ្គិសនី​នៅ​ទូទាំងប្រទេស​កម្ពុជា​។

​លោក​បាន​បន្តថា ការអភិវឌ្ឍ​វិស័យ​ថាមពល​អគ្គិសនី​ដូច​បាន​ជម្រាបជូន​ខាងលើនេះ គឺ​ដើម្បី​អភិវឌ្ឍ​កម្ពុជា​ឲ្យ​ប្រែ​ក្លាយទៅជា​ប្រទេសមួយ​មានការ​ផ្គត់ផ្គង់​អគ្គិសនី​គ្រប់គ្រាន់ មាន​ចីរភាព អាច​ទុកចិត្តបាន មានគុណ​ភាព​និង​មាន​ថ្លៃ​សមរម្យ សម្រាប់​អ្នកប្រើប្រាស់​គ្រប់​ប្រភេទ នៅ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស ដែលជា​កត្តា​ចំបង​និង​ចាំបាច់​បំផុត​សម្រាប់​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម ព្រមទាំង​ការ​ផ្តល់នូវ​សុខុមាលភាព​នៅក្នុង​ការ​រស់នៅ​ជូន​ប្រជាពលរដ្ឋនៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា របស់​រាជរដ្ឋាភិបាល​។

​ពាក់ព័ន្ធ​នឹង​គម្រោង​នេះ លោក​បាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ រដ្ឋាភិបាល​បារាំង​លើ​ឥណទាន​សម្បទាន​ចំនួន ៧០ លាន​អឺរ៉ូ និង​ការផ្តល់​ជំនួយឥតសំណង​ពី​សហភាព​អឺរ៉ុប​សម្រាប់​ការពង្រឹង​សមត្ថភាព​ចំនួន ១ លាន​អឺរ៉ូ តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) និង​ថវិកាបដិភាគ​របស់​អគ្គិសនី​កម្ពុជា​ចំនួន ១៥,៤១ លាន​អឺរ៉ូ ដើម្បី​អនុវត្ត​គម្រោង​សាងសង់​ខ្សែបណ្តាញ​បញ្ជូន អនុ​ស្ថានីយ និង​បណ្តាញ​ចែកចាយ​អគ្គិសនី​នៅក្នុង​ខេត្ត​ចំនួន ៣ គឺ​ខេត្តកោះកុង កំពង់ចាម និង​ក្រចេះ និង​គម្រោង​ពង្រឹងសមត្ថភាព​ដល់​និយោជិត​អគ្គិសនី​កម្ពុជា នេះ​ឡើង​។

​សូម​ជម្រាបជូន​ថា ជាមួយ​ហេដ្ឋារចនាសម្ព័ន្ធ​បញ្ជូន អនុ​ស្ថានីយ និង​ចែកចាយ​ថាមពល​អគ្គិសនី​ដែល​បាន​សាងសង់​នៅក្នុង​ក្របខណ្ឌ​គម្រោង​ខាងលើ នឹងធ្វើ​ឲ្យ​ប្រព័ន្ធ​បណ្តាញ​បញ្ជូន​អគ្គិសនី​នៅ​ភូមិភាគ​ខាងលិច និង​ភូមិភាគ​ខាងត្បូង​របស់​កម្ពុជា ក្លាយទៅជា​ប្រព័ន្ធ​បណ្តាញ​កង​ជួយ​ពង្រឹង​គ្នា​ទៅវិញទៅមក​សម្រាប់​ការបញ្ជូន​ថាមពល​អគ្គិសនី ប្រកបដោយ​គុណភាព ស្ថិរភាព និង​និរន្តរភាព ក្នុង​ផ្ទៃ​ប្រទេស ។​

​ប្រព័ន្ធ​បណ្តាញ​កង​ខាងលើនេះ ក៏​នឹង​ចូលរួមចំណែក​ជួយ​ពង្រីក​លទ្ធភាព ក្នុងការ​នាំយក​ថាមពល​ពី​ប្រភព​វា​រី​អគ្គិសនី​នៅ​បណ្តា​ខេត្ត​ភាគ​ខាងលិច រួមមាន វា​រី​អគ្គិសនី​តា​តៃ វា​រី​អគ្គិសនី​ឬ​ស្សី​ជ្រុំ​ក្រោម វា​រី​អគ្គិសនី​អា​តៃ ប្រមាណ​ជាង ៧០០ មេ​ហ្កា​វ៉ា​ត់ និង​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​កំលាំង ៨០ មេ​ហ្គា​វ៉ា​ត់ វា​រី​អគ្គិសនី​តា​តៃ​លើ​កំលាំង ១៥០ មេ​ហ្គា​វ៉ា​ត់ ដែល​កំពុងតែ​រៀបចំ​ធ្វើការ​អភិវឌ្ឍន៍ និង​វា​រី​អគ្គិសនី​ក្នុង​ខេត្តកោះកុង និង​ខេត្តពោធិសាត់ ប្រមាណ​ជាង ៣០០ មេ​ហ្កា​វ៉ា​ត់​បន្ថែម ដែល​បានកំណត់​ក្នុង​ផែនការមេ ទៅ​ផ្គត់ផ្គង់​ឲ្យ​រាជធានី​ភ្នំពេញ និង​តំបន់​ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​កម្ពុជា​។ ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ជាតិ​បញ្ជូន​ថាមពល​អគ្គិសនី​ទាំងអស់នេះ បាន​គាំទ្រ​ដល់​ការបន្ត​អភិវឌ្ឍន៍​បណ្តា​វា​រី​អគ្គិសនី​ថ្មីៗ​ជា​ថាមពល​កកើត​ឡើងវិញ និង​ថាមពល​ស្អាត ក្នុង​តំបន់​ខាងលើ​ដើម្បី​ជំនួស​ការប្រើប្រាស់​ថាមពល​ឥន្ធនៈ​ហ្វូ​ស៊ី​ល​ដែលជា​គោលដៅ​ចូលរួមចំណែក​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅក្នុង​បរិយាកាស​បន្ថយ​នូវ​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត តាម​យុទ្ធសាស្ត្រ​រយៈពេល​វែងរ​បស់​រាជរដ្ឋាភិបាល​ដើម្បី​សម្រេច​ឱ្យបាន​នូវ​អព្យាក្រឹតភាព​កាបូន​។​