​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ អ្នកបញ្ជា​យានយន្ត​បាន​តម្រង់​ជួរ​វែងៗ​ដើម្បី​ទទួលបាន​សាំង​នៅ​តាម​ស្ថានីយ​នៅ​ទូ​ទាំង​រដ្ឋធានី​វៀងចន្ទន៍​អស់​ពេល​ប៉ុន្មាន​ថ្ងៃ​មកហើយ នៅ​ពេល​ប្រទេស​ឡាវ​កំពុង​ប្រវេ​​ប្រវា​ដោះស្រាយ​វិបត្តិ​ប្រេងឥន្ធនៈ​។​

អ្នកជិះម៉ូតូរង់ចាំដ៏យូរដើម្បីទទួលបានសាំងនៅទីក្រុងវៀងចន្ទន៍

​សូមបញ្ជាក់ថា​នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស​កុំម្មុយនីស្ត​នេះ​កំពុង​ជួប​ការខ្វះខាត​ប្រេង​ជាច្រើន​សប្តាហ៍​មក​ហើយ នេះ​បើ​តាម​សារព័ត៌មាន​រដ្ឋ តែ​កាលពី​ថ្ងៃ​ចន្ទ​ទី០​៩​ឧសភា ប្រេង​នៅក្នុង​រដ្ឋធានី​វៀងចន្ទន៍​ចាប់​​ផ្តើម​អស់​។​

​ពួក​ក្រុមហ៊ុន​នាំចូល​បាន​ជួប​បញ្ហានៃការធ្លាក់​ថ្លៃ​ប្រាក់​គីប​(kip)​ចាប់តាំងពី​ខែ​កញ្ញាឆ្នាំមុន គួបផ្សំ​នឹង​រូបិយប័ណ្ណ​បំរុង​បរទេស​ធ្លាក់ចុះ​ទាបនិង​ការ​ឡើងថ្លៃ​ប្រេង ជំរុញ​ដោយ​សង្គ្រាម​នៅ​អ៊ុ​យក្រែន​។​

​ដា​រ៉ា ខាយ​អូ​សំផន​(Dara Khiosompon) នាយក​ក្រុមហ៊ុន​ទេសចរណ៍​មួយ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​កាលពី​ថ្ងៃ​អង្គារ​ថា ក្រុមហ៊ុន​កំពុង​តស៊ូ​នឹង​ការ​រក​ប្រេង​ចាក់​រថយន្ត​របស់​​ខ្លួន​។​លោកស្រី​បាន​និយាយថា «​អ្នក​បើក​ឡាន​របស់​យើង​បាន​ទៅកាន់​ស្ថានីយ​ទីមួយ ជាមួយនឹង​ការតម្រង់​ជួរ​ចាំ​ដ៏​វែង​ហើយ​ប្រេង​បាន​អស់​នៅពេល​វេន​របស់​យើង​ចូល​មក​ដល់​។​ដូច្នេះ​យើង​បន្ត​ទៅកាន់​​ស្ថានីយ​ពីរ​ទៀត តែ​ប្រេង​ក៏​អស់​ដែរ​។​យើង​បាន​ទៅកាន់​ស្ថានីយ​ទី​បួន​នៅ​ក្រៅ​ក្រុង​»​។​

​សូមបញ្ជាក់​ថា បណ្តា​ស្ថានីយប្រេងឥន្ធនៈ​នៅ​ឡាវ​ក៏​កំហិត​អោយ​អតិថិជន​ចាក់​ប្រេង​បាន​ច្រើន​បំផុត​ត្រឹម​៥០០.០០០​គី​ប​(៤០​ដុល្លារ​) គឺ​ប្រេង​ក្រោម​៣០​លីត្រ​ក្នុង​មួយ​លើក​។​

​រដ្ឋធានី​វៀងចន្ទន៍​ទើប​ទួប​ការខ្វះ​ប្រេង​នៅ​សប្តាហ៍​នេះ តែ​ទីក្រុង​លួង​ណា​ម​ថា​(Luang Namtha)​ភាគ​ខាងជើង​បាន​អស់​ប្រេង​តាំងពី​ចុង​ខែ​មីនា នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​Laotian Times​។​

​កាសែត​ខាងលើ​បាន​និយាយថា ឡាវ​ត្រូវការ​ប្រេង​១២០​លាន​លីត្រ​ក្នុង​មួយខែ តែ​ក្រុមហ៊ុន​នាំ​ចូល​បាន​ត្រឹមតែ​២០​លាន​លីត្រ​។​

​យោង​តាម​សារព័ត៌មាន​ក្នុងស្រុក សភា​ឡាវ​បាន​កាត់​បន្ថយពន្ធ​នាំចូល​ប្រេង​ពី​៣១​ភាគរយ​មក​នៅ​១៦​ភាគរយ​ដើម្បី​បន្ទាប​ថ្លៃ​ប្រេង​លក់​ចេញ ហើយ​ប្រទេស​នេះ​ក៏​កំពុង​ស្វះស្វែង​រក​ទិញ​ប្រេង​ថោកៗ​ពី​រុស្ស៊ី​ផងដែរ។​

​មន្ត្រី​រដ្ឋាភិបាល​ក្នុងពេល​ជាមួយ​គ្នា​ក៏​អំពាវនាវ​អោយ​ប្រជាជន​ងាក​មក​ប្រើ​មធ្យោបាយ​ធ្វើដំណើរ​រួមគ្នានិង​ប្រើ​គមនាគមន៍​សាធារណៈ នៅពេល​ឯកអគ្គរដ្ឋទូត​អង់គ្លេស​បាន​សរសេ​រ​បង្ហោះ​ថា​«​វា​ជា​ពេល​​ល្អ​សំរាប់​ប្រើ​រថយន្ត​អគ្គិសនី​»​។​

​សាស្ត្រាចារ្យ​សកល​វិទ្យាល័យ​ជាតិ​អូស្ត្រាលី​លោក​កៀត បា​នី​(Keith Barney)​បាន​និយាយថា សេដ្ឋកិច្ច​ឡាវ​ស្ថិតក្រោម​សម្ពាធ​ខ្លាំង​ឡើង​សំរាប់​មួយ​រយៈពេលវា​ដោយ​មិន​ទាន់​ចេញ​ពី​បញ្ហា​នៅ​ឡើយ​ទេ​។​

​អតិផរណា​បាន​ឡើង​៩,៩​ភាគរយ​កាលពី​ខែ​មេសា ដោយ​កើន​ពី​២​ភាគរយ​កាលពី​ខែ​មករា​ឆ្នាំ​២០២១ នៅ​ពេល​ប្រទេសនេះ​ជំពាក់​បំណុល​បរទេស​១៣,៣​ពាន់​លាន​ដុល្លារ ជិត​ស្មើ​បី​ដង​នៃ​ផលិតផល​សរុប​ក្នុងស្រុក​​របស់ខ្លួន​។​

​ក្នុងពេល​ជាមួយគ្នា ឡាវ​ក៏​បាន​ចាប់ផ្តើម​បើក​ប្រទេស​ទទួល​ទេសចរ​ឡើងវិញ​កាលពី​ថ្ងៃ​ចន្ទ​ទី​០៩​ឧសភា នៅ​ជាង​ពីរ​ឆ្នាំ​ក្រោយ​ខ្លួន​ធ្វើការ​រឹតបន្តឹង​ខ្លាំង​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​កូវី​ដ​១៩​។​ទោះជា​បើក​ប្រទេស​​ទទួល​ទេសចរ​ឡើងវិញ ក៏​ភ្ញៀវ​ចូល​ឡាវ​តំរូវអោយ​មាន​ឯកសារ​ចាក់​វ៉ាក់សាំង​និង​ការធ្វើតេ​ស្តិ៍​រក​កូវី​ដ​។​សំរាប់​អ្នក​មិន​បាន​ចាក់​វ៉ាក់សាំង​ត្រូវមាន​ឯកសារ​បង្ហាញ​ថា​បាន​ធ្វើតេស្តិ៍​អវិជ្ជុ​មាន​កូ​វីដនៅ​៤៨​ម៉ោង​​មុន​ការ​ចេញ​ដំណើរ​មក​ឡាវ​៕

​ឡាវ​ទទួលភ្ញៀវ​បរទេស​៤,៧៩​លាន​នាក់​នៅ​ឆ្នាំ​២០១៩​មុន​ពេល​ផ្ទុះ​កូវី​ដ​១៩ និង​ធ្លាក់​មក​នៅ​៨៨៦.៤០០​នាក់​នៅ​ឆ្នាំ​២០២០