ដោយ៖ ដេប៉ូ / កំពង់ធំ៖ កម្ពុជា បានរៀបចំទិវាសត្វស្លាប ទេសន្តរប្រវេសន៍ពិភពលោក ឆ្នាំ២០២២ ក្រោមប្រធានបទ «ផលប៉ះពាល់ នៃការបំពុល ដោយពន្លឺ លើសត្វស្លាបទេសន្តរប្រវេសន៍»។

ពិធីនេះ ត្រូវបានរៀបចំឡើង នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នាវិទ្យាល័យ ជា ស៊ីម ប្រឡាយ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។ ពិធីនេះដែរ ក៏មានការចូលរួមពីសំណាក់ លោក សៅ សុភាព រដ្ឋលេខាធិការ ក្រសួងបរិស្ថាន , លោក ចាន់ តារា អភិបាលរង នៃគណៈអភិបាល ខេត្តកំពង់ធំ និងមានការចូលរួមពី តំណាង មន្ទីរពាក់ព័ន្ធ នៃខេត្តកំពង់ធំ អង្គការដៃគូ អាជ្ញាធរមូលដ្ឋាន លោកនាយកសាលា តំណាងសហគមន៍ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ៤០០ នាក់។

លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា: ទិវាសត្វស្លាបទេសន្តរប្រវេសន៍ពិភពលោក ឆ្នាំ២០២២ នេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងសំខាន់ៗ ដូចជា៖ ១)លើកកម្ពស់ការយល់ដឹង អំពីផលប៉ះ ពាល់អវិជ្ជមាន នៃការបំពុលពន្លឺ លើសត្វស្លាបទេសន្តរប្រវេសន៍ និងចូលរួមកាត់បន្ថយការបំពុល ដោយពន្លឺ ។ ២)បង្កើនការយល់ដឹង សម្រាប់ការគ្រប់គ្រង ធនធានធម្មជាតិ និងអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ ។ ៣)បណ្តុះគំនិតស្មារតី ដល់សាធារណជន ជាពិសេសសិស្សានុសិស្ស និងសហគមន៍មូលដ្ឋាន ឱ្យចេះស្រលាញ់ ថែរក្សា និងចូលរួមការពារទីជម្រក និងកន្លែងរកចំណីរបស់សត្វស្លាបទេសន្តរប្រវេសន៍។

គួរបញ្ចាក់ថា ក្នុងពិធីនេះលោក សៅ សុភាព ក៏បានដឹកនាំដាំកូនឈើចំនួន ១០០ ដើម នៅក្នុងបរិវេណវិទ្យាល័យ ជា ស៊ីម ប្រឡាយ ដើម្បីទុកជាអនុស្សាវរីយ៍ផងដែរ៕/V