ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹង ពីការបន្តសម្របសម្រួលវិវាទការងាររួម នៅក្រុមហ៊ុន ណាហ្គាវើលដ៍ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ដែលជាការជួបប្រជុំដោះស្រាយ ជាលើកទី១០ ។

ជាលទ្ធផល ក្នុងកិច្ចប្រជុំលើកនេះដែរ គឺភាគីទាំងពីរ នៅតែមិនទាន់ឈានដល់ចំណុចព្រមព្រៀងគ្នានៅឡើយទេ។ ជាមួយគ្នានេះ ភាគីទាំង២ ក៏បានកំណត់កាលបរិច្ឆេទប្រជុំបន្ទាប់ នៅថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៤:៣០ នាទី ដើម្បីឱ្យភាគីទាំងពីរ មានឱកាសពិចារណាឡើងវិញ អំពីលទ្ធភាពនៃការសម្បទានគ្នា ទៅវិញទៅមក ដែលអាចឈានទៅបញ្ចប់វិវាទ។

ក្រសួងការងារ បានបញ្ជាក់ផងដែរថា: បើទោះបីជាមិនទាន់មានការឯកភាពគ្នា ក៏ក្រសួង នឹងបន្តខិតខំធ្វើការសម្របសម្រួល និងកំណត់កាលបរិច្ឆេទប្រជុំបន្តបន្ទាប់ទៀត ស្របតាមតួនាទី ដែលកំណត់ដោយ ច្បាប់ ក៏ដូចជា ការទាមទាររបស់គូភាគី។

ក្រសួងការងារ បានក្រើនរំលឹកដោយស្នើឱ្យភាគីទាំងពីរមានការយោគយល់គ្នាខ្ពស់ ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទ ការងារនេះ, បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី, និងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។ យោងតាមនីតិវិធីច្បាប់ ប្រសិនបើវិវាទការងារនេះ មិនអាចស្វែងរកដំណោះស្រាយបាន ដោយការផ្សះផ្សា នីតិវិធីបន្ទាប់គឺ អាចបញ្ជូនទៅតុលាការ ដើម្បីរកដំណោះ ស្រាយ ចុងក្រោយ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជ្រាបតាមការគួរ៕/V