ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានអាស៊ានបានអញ្ជើញទៅដល់រដ្ឋធានីវ៉ាស៊ីន តោនឌីស៊ីប្រកបដោយសុវត្តិភាពកាលពីវេលាម៉ោង១៩ និង៣៥នាទីល្ងាចថ្ងៃទី១០ ខែឧសភា ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ីត្រូវនឹងម៉ោង៦និង៣៥នាទីព្រឹកថ្ងៃទី១១ ខែឧសភាម៉ោងនៅរាជធានីភ្នំពេញដើម្បីអញ្ជើញចូលរួមនិងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកដែលនឹងប្រារព្វធ្វើឡើងនៅថ្ងៃទី១២-១៣ ខែឧសភាខាងមុខនេះ។

នៅអាកាសយានដ្ឋានអន្តរជាតិ Joint Base Andrews Airport រដ្ឋធានីវ៉ាស៊ិនតោនឌីស៊ី សហរដ្ឋអាមេរិកវត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និង គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលបំផុតពីឥស្សរជនជាន់ខ្ពស់ពិធីការក្រសួងការបរទេសសហរដ្ឋអាមេរិកលោក កែវ ជា ឯកអគ្គរាជទូតវិសាមញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក ព្រមទាំងវត្តមានឥស្សរជនជាន់ខ្ពស់សហរដ្ឋអាមេរិកនិងឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋធានីវ៉ាស៊ិនតោន ឌីស៊ី ជាច្រើនរូប ។

សូមបញ្ជាក់ដែរថាតាមកម្មវិធីដែលបានគ្រោងទុកក្រៅពីការអញ្ជើញអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋ អា មេរិកនៅថ្ងៃទី១២-១៣ឧសភាសម្តេចតេជោ នាយករដ្ឋមន្រ្តីក្នុងនាមជាប្រធានអាស៊ាននិងជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកមានគម្រោងជួបពិភាក្សាទ្វេភាគីជាមួយលោកផាម មិញជីញ នាយករដ្ឋមន្រ្តីវៀតណាមនិងបណ្តាមេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក ជាច្រើនរូបពិសេសជួបសន្ទនាដោយផ្ទាល់ជាមួយសហគមន៍ខ្មែរប្រមាណ១ពាន់នាក់រស់នៅសហរដ្ឋ អាមេរិកនិង កាណាដា។

បន្ទាប់ពីការចុះចតដោយសុវត្តិភាពរួចមកសម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តដំណើរទៅកាន់សណ្ឋាគារដែលនៅទីនោះមាន បងប្អូនប្រជាពលរដ្ឋខ្មែរបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយបងប្អូនខ្មែរអាមេរិកាំងនិងកាណាដានៅសណ្ឋាគារ Willard intercontinental hotel, Washington DC ៕