​ដោយៈ វ៉ៃ​កូ​/​ស្វាយរៀងៈ បុរស​ម្នាក់​បាន​ស្លាប់​យ៉ាង​អ​ណោ​ច​អធម​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដោយសារ​ជិះ​ម៉ូតូ​វ៉ា​ជែង​មិន​ប្រយ័ត្ន​ក៏បាន​ទៅបុក​រថយន្ត​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២២ ស្ថិត​ក្នុងភូមិ​/​សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយរៀង ។

រថយន្ដ​កុងតឺន័រ​ជាមួយ​រថយន្ដ​ធុន​តូច និង ម៉ូតូ លើផ្លូវ​ជាតិ​លេខ ០១ Km ១៣១/១៣២ ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២៣​និង​០១ នាទី​យប់​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២២ ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថាៈ ករណី​គ្រោះថ្នាក់​ខាងលើ​បានកើត​ឡើង រវាង​​រថយន្ដ​កុងតឺន័រ​ម៉ាក​ហ្វុ​យ​សូ ពណ៌ ស ពាក់​ផ្លាកលេខ ភ្នំពេញ ៣E ៤៥២៨ សឺ​មី​រ៉ឺម៉ក ពាក់​ស្លាក​លេខ ភ្នំពេញ ៤A ៥៥១២ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ (​បាន​រត់គេច​ពី​កន្លែងកើតហេតុ​) បើកបរ​ពី​កើ​តទៅ​លិច រថយន្ដ​គ្មាន​ខូចខាត ។ ចំណែក​រថយន្ដ​មួយគ្រឿង​ទៀត​ម៉ាក​កូរ៉ូឡា​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២K ៤៨៩៧ បើកបរ​ដោយ​ឈ្មោះ សួស តាក់​ច័ន្ទ​ធីតា ភេទ​ប្រុស អាយុ ២៩ ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​រំដួល ឃុំ​ប្រសូត្រ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង បើកបរ​ពី​លិចទៅ​កើត រថយន្ដ​ខូចខាត​ធ្ងន់ (​អ្នកបើកបរ​រត់គេច​ពី​កន្លែងកើតហេតុ​) ។ ដោយឡែក​ម៉ូតូ​ជនរងគ្រោះ​ម៉ាក ហុងដា​សេ ១២៥ ពណ៌ ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ កែវ ចាន់​រ៉ា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ រស់នៅ​ភូមិ ព្រៃ​ស​ម្ភ័​រ ឃុំ​សំបួរ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង បើកបរ​ពី​កើ​តទៅ​លិច មិន​ពាក់មួក​សុវត្ថិភាព (​ស្លាប់​នៅ​កន្លែងកើតហេតុ​) រីឯ​ម៉ូតូ​ខូចខាត​ធ្ងន់ ។

​ក្រោយ​កើតហេតុ​មធ្យោបាយ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្តស្វាយរៀង ។ ចំណែក​សាកសព​សមត្ថ​កិច្ច​បាន​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​