ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានបញ្ជាក់​ថាៈ កម្លាំង​កងរាជអាវុធហត្ថ កំពុងតែ​ស្រាវជ្រាវ រក​មេខ្លោង ពាក់ព័ន្ធ​ករណី​ដឹកជញ្ជូន​សព្វាវុធ ដោយ​ខុសច្បាប់​។ ការស្រាវជ្រាវ​រក​មេខ្លោង​នេះ បានធ្វើ​ឡើង បន្ទាប់ពី​អាវុធហត្ថ​ខេត្តបាត់ដំបង បាន​ចាប់ខ្លួន​មនុស្ស​ចំនួន ៧​នាក់ ជា​បន្តបន្ទាប់ និង​ដកហូត​សព្វាវុធ ខុសច្បាប់​មួយចំនួន​។  កម្លាំង​កងរាជអាវុធហត្ថ បាន​ស្រាវជ្រាវ និង​បាន​ចាប់ខ្លួន​ជនសង្ស័យ បានជា​បន្តបន្ទាប់ គឺ​ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២២ និង​បាន​បញ្ជូន ទៅ​តុលាការ រួចហើយ​។​

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​មានប្រសាសន៍ ប្រាប់​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​១០ ខែឧសភា​ថាៈ ពាក់ព័ន្ធ​ករណី​ដឹកជញ្ជូន​សព្វាវុធ ដោយ​ខុសច្បាប់ អាវុធហត្ថ​ខេត្តបាត់ដំបង បាន​ឃាត់ខ្លួន​មនុស្ស ចំនួន ៧​នាក់ និង​បាន​បញ្ជូនទៅ​តុលាការ ខេត្តបាត់ដំបង រួចរាល់​អស់ ហើយ ហើយ​កម្លាំង​អាវុធហត្ថ កំពុង​បន្ត​ស្រាវជ្រាវ ដើម្បី​ឈានទៅដល់​ការចាប់ខ្លួន​មេខ្លោង ដើម្បី​ឈានទៅដល់ ការបញ្ចប់​សំណុំ​រឿងនេះ ថា​តើ​ប្រភព​នៃ​គ្រឿងផ្ទុះ ដែល​ដកហូត​នោះ ចេញ​មកពី​ប្រភព​ណា​? ។​

​សូមជម្រាបថា កាលពី​រសៀល ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២២ កម្លាំង​អាវុធហត្ថ ស្រុក​ប​វេ​ល ខេត្តបាត់ដំបង សហការ​ជាមួយ កម្លាំង​អាវុធហត្ថ ស្រុក​មង្គល​បូរី បាន​សហការគ្នា ចុះ​ស្រាវជ្រាវ​ករណី​រក្សាទុក និង​ដឹកជញ្ជូន​សព្វាវុធ ដោយ​ខុសច្បាប់ រហូត​ឈានដល់ បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ៣ នាក់ នៅត្រង់ចំណុច​រង្វង់​មូល យាយជី ច្រូតស្រូវ ស្ថិតក្នុង​ភូមិ​ឫស្សី​ក្រោក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

​បន្ទាប់ពី​បាន​សាកសួរ ជនសង្ស័យ នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ ស្រុក​មង្គល​បូរី និង​ដោយមាន ការសម្របសម្រួល​នីតិវិធី ពី​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តបន្ទាយមានជ័យ កម្លាំង​អាវុធហត្ថ បាន​ឈានទៅដល់​ការឆែកឆេរ​លំនៅដ្ឋាន​អ៊ុំ របស់ ជនសង្ស័យ ដែល​នៅក្បែរ​ផ្ទះ​ជនសង្ស័យ (​ផ្ទះ​ទុក​ទំនេរ ម្ចាស់​ទៅរក​ស៊ី នៅ​ប្រទេស​ថៃ​) រកឃើញ គ្រាប់កាំភ្លើង ជាច្រើន​គ្រាប់ គ្រាប់បែកដៃ ប្រមាណ​ជា ៥០ គ្រាប់ និង​កាំភ្លើងខ្លី រួមទាំង​វត្ថុតាង មួយចំនួនទៀត​។​

​ជនសង្ស័យ​ទាំង ៧​នាក់ ដែល​ឃាត់ខ្លួន រួមមានៈ ១-​ឈ្មោះ ឆាន់ ស្រស់ ភេទ​ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ បើកបរ មាន​ទីលំនៅ​ភូមិ​យាង ឃុំ​យាង ស្រុក​ពួក ខេត្តសៀមរាប​។ ២-​ឈ្មោះ ប៉ក់ ពៅ ហៅ ប៉យ ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ បើកបរ មាន​ទីលំនៅ ភូមិ​អូរ​ចម្លង​លើ ឃុំ​តា​ត្រៃ ស្រុក​កំរៀង ខេត្តបាត់ដំបង​។ ៣-​ឈ្មោះ ហ៊ី ឡៃ​ហៀក ភេទ​ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ អ្នកទទួល​បញ្ញើ​អីវ៉ាន់ ប្រចាំ​ស្រុក​ប​វេ​ល មាន​អាស័យដ្ឋាន ភូមិ​ល្វា ឃុំ​ល្វា ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។ ៤-​ឈ្មោះ វើ​ន វាសនា ហៅ លុន ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ ជា​មន្ត្រីនគរបាល ស្នាក់នៅ​ភូមិ​ឃាំង ឃុំ​យាង ស្រុក​ពួក ខេត្តសៀមរាប​។ ៥-​ឈ្មោះ សម្បត្តិ ស្រី​លីន ភេទ​ស្រី អាយុ ៣០ ឆ្នាំ អ្នកទទួល​បញ្ញើ​អីវ៉ាន់ ប្រចាំ​ស្រុក​មង្គល​បូរី នៅ​ភូមិ​ប្រឡាយ​លួង​លើ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។ ៦- ឈ្មោះ សោម ចាន់ណា ភេទ​ប្រុស អាយុ ១៧ ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​តា​ដោក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។ ៧-​ឈ្មោះ ថន ម៉េង​គង់ ហៅ វីន ភេទ​ប្រុស អាយុ ១៩ ឆ្នាំ អ្នកលក់​ត្រី រស់នៅ​ភូមិ​ឫស្សី​ក្រោក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

​វត្ថុតាង​ដែល​សមត្ថកិច្ច បាន​ដកហូត រួមមានៈ កាំភ្លើងខ្លី ចំនួន ២ ដើម ម៉ាក ROLO ពណ៌ ទឹកប្រាក់ លេខ 21TH010037 និង ម៉ាក GLOCK 1 ទ ពណ៌​ខ្មៅ លេខ 2104859, គ្រាប់កាំភ្លើង ROLO ចំនួន ១៤ គ្រាប់​, គ្រាប់កាំភ្លើង GLOCK ចំនួន ២១ គ្រាប់ និង​បង់ ចំនួន ២ , គ្រាប់កាំភ្លើង AK 47 ចំនួន ១.០០០ គ្រាប់​, សំបក​គ្រាប់បែក ចំនួន ៥០ គ្រាប់​, គីប​គ្រាប់បែក ច្រក​ក្នុង​កំប៉ុង ចំនួន ៥ កំប៉ុង ស្មើនឹង ៥០ គីប និង​នៅក្រៅ​កំប៉ុង ចំនួន ១ គីប សរុប​ចំនួន ៥១ គីប​, សំបក​កស ដក ( បើក​រួច ) គ្រាប់កាំភ្លើង AK47 ចំនួន ៣ កេស​, សំបក ក សន្នោ ចំនួន ៥ កេស , ទូរស័ព្ទដៃ ចំនួន ៦ គ្រឿង , រថយន្ត​ចំនួន ៣ គ្រឿង (​ម៉ាក​សាំ​យ៉ុង ពណ៌​ទឹកប្រាក់ ១ គ្រឿង និង​ម៉ាក Morning ១ គ្រឿង ពណ៌​ស ស្លាក​លេខ បាត់ដំបង 2D-0257 និង​ម៉ាក Lexus RX 330 ១ គ្រឿង ពណ៌​ស ស្លាក លេខ ភ្នំពេញ 2BH-6099 ) ៕/V