​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ​អាម៉េរិក​លោកស្រី អាវ​រី​ល ហេ​នស៍ (Avril Haines) បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១០​ឧសភា​ថា​ប្រធានាធិបតី​ វ្ល៉ា​ឌី​មៀ ពូ​ទីន​នឹង​មិន​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​ជាមួយនឹង​យុទ្ធនាការ​នៅ​ដុនបា​ស​នោះ​ទេ ហើយ​ប្តេជ្ញា​ភ្ជាប់​ស្ពាន​ដីគោក​ទៅកាន់​ទឹកដី​ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី​ក្នុងប្រទេស​ម៉ុល​ដាវី​។​

​ចារកម្ម​របស់​អាម៉េរិក​ក៏​យល់​ឃើញ​ដែរ​ថា​វា​កាន់តែ​ទំនង​ដែល​លោកពូ​ទីន​នឹង​កេណ្ឌ​ទ័ព​ក្នុង​ប្រទេស​ទាំងមូល រួម​ទាំង​ការ​ចេញ​ច្បាប់អាជ្ញាសឹក​ហើយនឹង​ពឹងផ្អែក​លើ​ការខិតខំ​ជា​បន្ត​របស់​គាត់​ដើម្បី​កាត់​​ផ្តាច់​ការគាំទ្រ​របស់​លោក​ខាងលិច​សម្រាប់​អ៊ុ​យក្រែន​។​

​លោកស្រី​ហេន​ស៍បាន​និយាយថា “​យើង​វាយតម្លៃ​ឃើញថា ប្រធានាធិបតី​ពូ​ទីន​កំពុង​ត្រៀម​សម្រាប់​ជម្លោះ​អូសបន្លាយ​ពេល​យូរ​ក្នុងប្រទេស​អ៊ុយ​ក្រែន​ដែល​ក្នុង​អំឡុងពេល​នោះ​គាត់​នៅតែ​មាន​បំណង​ចង់​​សម្រេចបាន​នូវ​គោលដៅ​ហួស​ឆ្ងាយ​ពី​តំបន់​ដុន​បាស​”​។​

​ចារកម្ម​អាម៉េរិក​គិតថា​ការសម្រេចចិត្ត​របស់​លោក​ពូ​ទីន​ក្នុង​ការប្រមូលផ្តុំ​កងកម្លាំង​រុស្ស៊ី​នៅក្នុង​តំបន់​ដុន​បាស​ភាគ​ខាងកើត​គឺ​”​គ្រាន់តែ​ជា​ការផ្លាស់ប្តូរ​បណ្តោះអាសន្ន​”​បន្ទាប់​ពី​បរាជ័យ​របស់​ពួកគេ​ក្នុង​​ការដណ្តើមយក​ទីក្រុង​គៀវ​នៅ​ភាគ​ខាងជើង​។​

​លោកស្រី​ហេន​ស៍បាន​ប្រាប់​គណៈកម្មាធិការ​សេវាកម្ម​ប្រដាប់អាវុធ​របស់​ព្រឹទ្ធសភា​ថា កងកម្លាំង​រុស្ស៊ី​នៅតែ​មាន​បំណង​ចង់​ដណ្តើម​យក​ទឹកដី​នៅ​ទូទាំង​ឆ្នេរសមុទ្រ​ខ្មៅ ជា​ផ្នែក​មួយ​ដើម្បី​ធានា​ធនធាន​ទឹក​សម្រាប់​តំបន់​គ្រីមេ ដែល​ទីក្រុង​មូ​ស្គូ​បាន​ដណ្តើមយក​កាលពី​ឆ្នាំ ២០១៤​។​

​លោកស្រី​ហេ​នស៍​និយាយ​ដោយ​សំដៅ​ទៅ​តំបន់​ផ្តាច់ខ្លួន​ដែល​គាំទ្រ​ដោយ​មូ​ស្គូក្នុង​ប្រទេ​សម៉ុល​ដាវី​នៅតាម​បណ្តោយ​ព្រំដែន​ភាគ​និរតី​របស់​អ៊ុយ​ក្រែនថា “​យើង​…​មើលឃើញ​ការ​ចង្អុលបង្ហាញ​ថា យោធា​រុស្ស៊ី​ចង់​ពង្រីក​ស្ពាន​ដីគោក​ទៅ​កាន់​តំបន់​ត្រែ​នស៍​នី​ស្ទ្រៀ (Transnistria)”៕

​នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ​អាម៉េរិក​លោកស្រី អាវ​រី​ល ហេ​នស៍​