ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ មនុស្ស​ប្រុស​ស្រី ចំនួន បីនាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល ដោយសារ​ខ្សែភ្លើង ដាច់​ធ្លាក់​តាមផ្លូវ បណ្ដាល​ឲ្យ​ទាក់ ក និង​ទាក់ ដៃ​ម៉ូតូ ដួល​លើផ្លូវ​ថ្នល់​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៨​និង​៣០ នាទី ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២២ នៅត្រង់ចំណុច​ភូមិ​ស្វាយ ទន្ទឹម ឃុំ​ត្រពាំង​ស្ដៅ ស្រុក​រមាសហែក ខេត្តស្វាយរៀង​។

​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល ស្រុក​រមាសហែក បាន​ឲ្យ​ដឹងថាៈ ជន​រង គ្រោះ​ទាំង បីនាក់ រួមមានៈ ១. ឈ្មោះ វង្ស ពេទ្យ អាយុ ៥៧ ឆ្នាំ មុខរបរ ប្រធាន​មណ្ឌល​សុខភាព ត្រពាំង​ស្ដៅ រស់នៅ​ស្រុក​រមាសហែក ត្រូវ​ខ្សែភ្លើង ឆក់​ដៃ​។ ២. ឈ្មោះ ព្រំ សុ​ម៉ាលី ភេទ​ស្រី អាយុ ៤៧ ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ​ត្រពាំង​ឈ្នាង ឃុំ​ត្រពាំង​ស្ដៅ ស្រុក​រមាសហែក​។ ៣. ឈ្មោះ ព្រំ ណាត ភេទ​ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កសិករ​រស់នៅ ភូមិ​ត្រពាំងរុន ឃុំ​ច​ន្ត្រី ស្រុក​រមាសហែក​។

​បើតាម​អ្នកភូមិ បាន​ឲ្យ​ដឹងថាៈ មុនពេល​កើតហេតុ មាន​មនុស្ស​ប្រុស​ស្រី បី នាក់ បានធ្វើ​ដំណើរ តាមផ្លូវ ខណៈដែល​កំពុងបើក​ម៉ូតូ ស្រាប់​តែមាន​ខ្សែភ្លើង បាន​ដាច់​ធ្លាក់​មកលើ បណ្ដាល​ឲ្យ​ទាក់ ក និង​ទាក់​ដៃ​ម៉ូតូ និង​ឆក់ ដួល​ច្រ​ងាប់ ច្រ​ងិ​ល បង្ក​ការភ្ញាក់ផ្អើល ដល់​អ្នកភូមិ និង​អ្នកធ្វើដំណើរ ទាំង​ព្រឹក​តែម្តង​។

​សមត្ថកិច្ច បាន​បន្តថាៈ អ្នករងរបួស​ទាំង​៣​នាក់ ត្រូវបាន​សមត្ថកិច្ច ហៅ​រថយន្ត សាមុយ ដឹក​យកទៅ​សង្គ្រោះ នៅ​មណ្ឌល​សុខភាព ត្រពាំង​ស្ដៅ ស្រុក​រមាស ហែក​ភ្លាមៗ ៕/V​-PC