ដោយៈ ប​.​ជ័យ / ប្រាក់​ជួប​គី​រី​ខ័​ន្ធ​-​ថៃៈ ក្រុម​លេខា នៃ​គណៈកម្មាធិការ​ព្រំដែន ថ្នាក់​ភូមិភាគ ថៃ​-​កម្ពុជា (​យោធភូមិភាគ​ទី​៥-​កងទ័ព​ភូមិភាគ​ទី​១) កាលពី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២២ បាន​ជួបប្រជុំ​ជាមួយគ្នា​ឡើងវិញ ក្រោយពី​វិបត្តិ​ជំងឺ ឆ្លង​សាកល កូ​វីដ​១៩ មកនេះ ដើម្បី​ជាការ​ត្រៀម​សម្រាប់ កិច្ចប្រជុំ​ថ្នាក់ មេបញ្ជាការ ភូមិភាគ ថៃ​-​កម្ពុជា លើក​ទី​២៨ នៅ​ខេត្ត​ប្រាក់​ជួប​គី​រី​ខ័​ន្ធ​។​

​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ ភាគី​កម្ពុជា ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគ​ទី​៥ (​កម្ពុជា​) និង​ជា សហប្រធាន​នៃ​កិច្ចប្រជុំ​។ លោក​បាន​ដឹកនាំ​គណៈប្រតិភូ ស្ថាប័ន មន្ទីរ​ពាក់ព័ន្ធ ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ រួមជាមួយ មេបញ្ជាការ កងកម្លាំង ប្រដាប់អាវុធ ក្នុង​ខេត្ត​ទាំងពីរ ចូលរួម​ប្រជុំ ជាមួយ​ភាគី​ថៃ​។ ចំណែក​ភាគី​ថៃ ដឹកនាំ ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ប្រាក់​ផុន គិ​តិ​យ៉ាន​សាប់ នាយសេនាធិការ កងទ័ព​ភូមិភាគ​ទី​១ (​ថៃ​) ជា​សហប្រធាន​នៃ​អង្គប្រជុំ​។​

​យោង​មន្ត្រី​កម្ពុជា ដែល​ចូលរួម​កិច្ចប្រជុំ លើកដំបូង​នេះ បានឱ្យដឹង កាលពី​ថ្ងៃទី​៩ ខែឧសភា​ថាៈ កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ពិភាក្សា កែសម្រួល ឲ្យ​មានការ​ឯកភាពគ្នា លើ​ខ្លឹមសារ​កំណត់ហេតុ​រួម និង​រំលឹក​ឡើងវិញ នូវ​ភាព​រីកចម្រើន នៃ​ការអភិវឌ្ឍ លើ​វិស័យ​ផ្សេងៗ ពាក់ព័ន្ធ​ទៅនឹង​សម្ព័ន្ធភាព កងទ័ព ស្ថាប័ន​ស៊ីវិល និង​សន្តិសុខ នៅតាម​ព្រំដែន សម្រាប់​ដាក់ជូន​ប្រធាន​កិច្ចប្រជុំ គណៈកម្មាធិការ​ព្រំដែន ថ្នាក់​ភូមិភាគ​ថៃ​-​កម្ពុជា លើក​ទី​២៨ ដែល​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​៩ ដល់ ១១ ខែឧសភា ឆ្នាំ​២០២២ ដើម្បី​ពិនិត្យ និង​សម្រេច ។​

​កិច្ចប្រជុំ នឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព សហប្រធាន​កម្ពុជា​-​ថៃ លោក​ឧ​ត្ត​ម សេនីយ៍​ឯក ឯក សំ​អូន មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធ ភូមិភាគ​ទី​៥ កម្ពុជា និង​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ុប​សាន់ ណង​ប៊ួ​ឡាង មេបញ្ជាការ​កងទ័ព​ភូមិភាគ​ទី​១ ថៃ នៅ​កន្លែង​លំហែ កាយ កងទ័ពជើងគោក​ថៃ ស្ថិតនៅ​សួន​សុន​ប្រា​ដិ​ផាត់ ខេត្ត​ប្រាក់​ជួប​គី​រី​ខ័​ន្ធ នៅ​ប្រទេស​ថៃ ៕/V​-PC