ដោយៈ សុផល / ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១១ ខែឧសភា ឆ្នាំ​២០២២ រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​សម័យប្រជុំរ​បស់​ខ្លួន លើក​ទី​៧ នីតិកាល​ទី​៦ ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមាន​វត្តមាន សមាជិក សមាជិកា​រដ្ឋសភា ពេល​ផ្តើម សម័យប្រជុំ ចំនួន ១០៦ រូប​។​

​របៀបវារៈ សម័យប្រជុំ​រដ្ឋសភា នាឱកាស​នេះ មាន​ចំនួន​៤ គឺ​៖
១. ការសម្រេច​អំពី សុពលភាព នៃ​អាណត្តិ​របស់លោក ស្លេះ ពុន​យ៉ា​ម៉ី​ន ជា​តំណាងរាស្ត្រ មណ្ឌល​កំពង់ចាម ជំនួស​សម្តេច​ឧ​ត្ត​ម​ទេព​ញាណ ហ៊ុន ណេង ដែល​បានទទួល​មរណភាព​។​
២. ការបោះឆ្នោត​ជ្រើសតាំង​៖
– លោក កែប ជុតិមា ជា​សមាជិក​គណៈកម្មកា​រ​មហាផ្ទៃ ការពារជាតិ និង​មុខងារ សាធារណៈ នៃ​រដ្ឋសភា ។​
– លោក ខឹម ច័ន្ទ​គិរី ជា​សមាជិក​គណៈកម្មកា​រ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៃ​រដ្ឋសភា​។​
៣. ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់ ស្ដីពី​វិសោធនកម្ម មាត្រា​១៤០ នៃ​ច្បាប់​ស្តីពី ការគ្រប់គ្រង​រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​ត្រូវ​ប្រកាស​ឱ្យប្រើ ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/០៥០៨/០១៧ ចុះ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០០៨​។​
៤. ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ ៕/V​-PC