​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

យុទ្ធ​

(​យុ​ត ឬ យុ​ត​-​ធៈ​)

​នាមសព្ទ​

( សំ​. បា​. ) ចម្បាំង​; សង្គ្រាម​; ការចូល​ប្រឡូក​គ្នា​
​តយុទ្ធ ។​
​យុទ្ធពិធី ឬ —​វិធី ( យុ​ត​-​ធៈ​— ) ពិធី​ចម្បាំង​, កលឧបាយ​សង្គ្រាម ។ យុទ្ធភណ្ឌ ឬ យុទ្ធោបករណ៍ ( យុ​ត​-​ធៈ​ភ័ន ឬ យុ​ត​-​ធោ​ប៉ៈក ) ប្រដាប់​សម្រាប់​សង្គ្រាម​, គ្រឿង​ចម្បាំង ។ យុទ្ធភូមិ ឬ យុទ្ធរង្គ ( យុ​ត​-​ធៈ​ភូម ឬ —​រង់ ) សមរភូមិ​, ទី​ចម្បាំង​, ទី​ប្រទល់​ទ័ព ។ យុទ្ធវិន័យ ( យុ​ត​-​ធៈ​វិនៃ ) ច្បាប់​សម្រាប់​ទូន្មាន​ពួក​ទាហាន ។ យុទ្ធវិនាស ( យុ​ត​-​ធៈ​— ) សេចក្ដី​វិនាស​ព្រោះ​ចម្បាំង​; ដំណើរ​បាក់ទ័ព ។ យុទ្ធសន្តិភាព ( យុ​ត​-​ធៈ​សន់​តិ​ភាប ) ដំណើរ​ស្ងប់សឹក​, ការ​សះជា​លើកលែង​ច្បាំង​គ្នា ។ យុទ្ធសាស្ត្រ ( យុ​ត​-​ធៈ​សាស ) ក្បួន​ចម្បាំង​, ក្បួន​សម្រាប់​ច្បាំង ( ដូច​យ៉ាង​ក្បួន​ព្យូហ៍សឹក​ជាដើម ) ។ យុទ្ធស្ម័គ្រ ( យុ​ត​-​ធៈ​ស្មា​ក់ ) ដំណើរ​ស្ម័គ្រ​ចិត្តនឹង​ច្បាំង​; ដំណើរ​ភ្ជុំពល​ត្រៀម​ប្រចាំការ ( សំ​. យុទ្ធ​សាម​គ្រី ) ។ ល ។​

​យុទ្ធោបករណ៍​

(​យុ​ត​-​ធោ​ប៉ៈក​)

​នាមសព្ទ​

( សំ​. បា​. < យុទ្ធ “​ចម្បាំង​” + ឧបករណ “​ប្រដាប់​, គ្រឿង​ប្រដាប់​” ) ប្រដាប់​សម្រាប់​ច្បាំង​, គ្រឿង​ចម្បាំង​, ហៅថា យុទ្ធុបករណ៍ ឬ យុទ្ធភណ្ឌ ក៏បាន ( ម​. ព​. យុទ្ធ ផង ) ។​

សំសែ​

​នាមសព្ទ​

​គ្រឿង​សស្ត្រា​មួយ​ប្រភេទ មានមុខ​ទាំងពីរ​ខាង ចុង​ស្រួច​រលែម ទ្រង់ទ្រាយ​ផ្លែ​ស្រដៀង​នឹង​លំពែង តែមាន​ទ្រនុង​ចំ​កណ្ដាល​ទាំងពីរ​ខាង ដង​ខ្លី​
​សំសែ​ជាស​ស្ត្រា រាប់​ចូលក្នុង​យុទ្ធភណ្ឌ ។​

​អក្ខោហិណី​

(​អ័ក​-​ខោ​-​ភិ​— ឬ ហិ​-​នី​)

​បកតិសំខ្យា​

( ម​. ព​. អក្ខោភិនី ) ។​

នាមសព្ទ​

( បា​. ឬ សំ​. ) កងទ័ពជើងគោក​មួយ​ក្បួន​ធំ ( មហា​ចតុរង្គ​សេនា ) មាន​ទាហាន​ថ្មើរជើង ១០៩. ៣៥០, ទាហាន​សេះ ៦៥. ៦១០, ដំរី ២១. ៨៧០, រថ​ឬ​រទេះ ២១. ៨៧០ និង​យុទ្ធភណ្ឌ​គ្រប់​ព្រម​
​កងទ័ព​មួយ​អក្ខោហិណី​; ហៅ អក្ខោភិនី ក៏បាន ( បែប​ប្រើ​ក្នុង​បុរាណសម័យ ) ។​

​អាវុធ​

(—​វុ​ត​)

នាមសព្ទ​

(​បា​. ; សំ​. អាយុធ​) គ្រឿង​ប្រហារ​ឬ​គ្រឿង​ចម្បាំង​ផ្សេងៗ ដែល​ទីទៃ​ពីស​ស្ត្រា​
​ធ្នូ​, ស្នា​, កាំភ្លើង​, … ហៅថា អាវុធ​; ដាវ​, លំពែង​, ផ្គាក់​, … ហៅថា សស្ត្រា ។ (​ព​. កា​. ) : ទាហាន​មោះមុត ដែលមាន​អាវុធ ជាប់​នៅក្នុង​ដៃ កាលបើ​បាន​ចួប ចោរ​កាច​ចង្រៃ មិនសូវ​សំចៃ ច្រើនតែ​គំរាម ។ ព្រោះ​មាន​អាវុធ សម្រាប់​ប្រយុទ្ធ ពុំដែល​ទីមទាម ប្រទះ​សត្រូវ ច្រើន​ត​ទប់​ភ្លាម ស៊ូ​ប្តូរ​សាច់ឈាម ពុំដែល​រួញរា ។ ការពារ​ប្រទេស ពុំ​ដែលមាន​ធ្វេស គួរ​រាស្ត្រប្រជា ជួយឧបត្ថម្ភ គាំទ្រ​យោធា ដោយ​ក្ដី​ស្នេហា ស្រឡាញ់​ទាហាន ។​
​បើ​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ អ​. ថ​. —​ធៈ​, ដូចជា អាវុធករ អ្នកធ្វើ​អាវុធ​, ជាង​ធ្វើ​អាវុធ ។ អាវុធកោដ្ឋាគារ​, អា​វុ​ធា​គារ ឬ អាយុធ​គ្រឹះ​, អាយុ​ធា​គារ ឃ្លាំង​អាវុធ ឬ​ឃ្លាំង​ដាក់​គ្រឿង​សស្ត្រាវុធ ។ អាវុធយុទ្ធភណ្ឌ (—​វុ​ត​-​យុ​ត​-​ធៈ​ភាន់ ) គ្រឿង​អាវុធ​និង​ភណ្ឌៈ​សម្រាប់​ចម្បាំង ។ អាវុធសន្និច្ច័យ ការ​សន្សំ​អាវុធ​ទុក​ឬ​ការ​សាង​គ្រឿង​សស្ត្រាវុធ​ទុក (​បម្រុង​ការពារ​ប្រទេស​)
​ធ្វើ​អាវុធសន្និច្ច័យ ។​
​អាវុធសាលា សាលារៀន​ធ្វើ​អាវុធ​ឬ​រោង​ធ្វើ​គ្រឿង​សស្ត្រាវុធ ។ អាវុធហត្ថ (—​ធៈ​—) អ្នក​កាន់​អាវុធ​; ទាហាន​ដែលមាន​អាវុធ​ក្នុង​ដៃ គឺ​សេនា​ទាហាន​ពួក​មួយ​ដែល​ប្រដាប់​ដោយ​អាវុធ ជា​អ្នកដើរ​ត្រួតត្រា​ការពារ​និង​រក្សា​សេចក្ដីសុខសាន្ត​ក្នុងស្រុក​
​ពួក​អាវុធហត្ថ​បាន​ប្រតិបត្តិការ​យ៉ាង​ម៉ឺងម៉ាត់ ( ហៅ ខ្មាន់​អាវុធ ក៏បាន ) ។ ល ។ (​ម​. ព​. សស្ត្រ ផង​) ។​