ដោយៈ បញ្ញា​សាស្ត្រ /​ភ្នំពេញៈ នៅ​ជិត​ពាក់កណ្តាល​ឆ្នាំ​២០២២ នេះ អ្នកណា ក៏​ដឹងថា តារាចម្រៀង អេ​ឡិច ចាន់​ត្រា ឡើង​កូដ​ខ្លាំង ព្រោះតែ​ការជឿទុកចិត្ត របស់​ភ្ញៀវកិត្តិយស មកពី​គ្រប់​មជ្ឈដ្ឋាន លើ​ក្រុម​តន្ត្រី​របស់លោក​។ ពោលគឺ ក្រុម​តន្ត្រី​របស់​តារាចម្រៀង វ័យ​សាមសិប​ស្តើង​រូបនេះ មាន​ភាព​ទាក់ទាញ និង​ប្រកបដោយ​គុណភាព ជូន​ដល់​អតិថិជន​របស់លោក​។

​តាម​ការសង្កេតឃើញថា ក្រុម​ចម្រៀង អេ​ឡិច ចាន់​ត្រា មាន​ការងារ​ស្ទើរតែ រាល់ថ្ងៃ ព្រោះតែ​ការបំរើ​ជូន​អតិថិជន​ដ៏​ល្អ​។

​អេ​ឡិច បាន​បង្ហើប​ឱ្យដឹងថា​: នៅក្នុង​ខែឧសភា ឆ្នាំ ២០២២ នេះ ក្រោយពេល ដែល​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្ងប់ស្ងាត់ និង​ទប់ស្កាត់​ការរីក​រាលដាល ជំងឺឆ្លង បាន​ស្ទើរតែ​ទាំងស្រុង ព្រោះតែ​ការខិតខំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​បាន​ស្វះ​ស្វែងរក​ថ្នាំ​បង្ការ ជំងឺ​កូ​វីដ មកចាក់​ជូន​ប្រជាពលរដ្ឋ គ្រប់ៗ​រូប ទើប​ធ្វើឱ្យ​ប្រទេស​របស់​យើង បាន​ឆ្លង​ផុតពី​ការរង​គ្រោះ​ខ្លាំង ដោយសារ​កូ​វីដ និង​ងាក​មក​បើក​ប្រទេស ឡើងវិញ និង​អនុញ្ញាត​ឱ្យមាន​កម្មវិធី​ជួបជុំ រៀបចំ​ពិធី​នានា​។ ដូច្នេះហើយ ទើប​ក្រុមការងារ​របស់លោក បាន​ឱកាស​បំរើ​អតិថិជន​របស់ខ្លួន យ៉ាង​សស្រាក់ សស្រាំ ក្រោយ​ខកខាន អស់ពីរ​ឆ្នាំ ដោយសារតែ​ជំងឺ​រាតត្បាត​សកល​។

​សូម​ជំរាប​ថា ក្រុម​តារាចម្រៀង អេ​ឡិច ចាន់​ត្រា ក្នុងឆ្នាំនេះ លោក​បានទទួល ភ្ញៀវ​ធំៗ ពី​មន្ត្រីរាជការ អ្នកជំនួញ​ធំៗ ជាពិសេស កាលពីពេល​ថ្មីៗ​នេះ ផ្ទុះ​ការចាប់ អារម្មណ៍​មួយ ដែល​ក្រុម​លោក បាន​ផុស​រូបភាព រោង​មង្គលការ​មួយ ដែល​មើលទៅ​អស្ចារ្យ និង​ការរៀបចំ​ប្លែក ដែល​បាន​រៀបចំឡើង នៅ​កន្លែង ញាំ​ការ​ថ្មី ក្នុង​គម្រោង​បូរី​ប៉េង​ហួត បឹង​ស្នោរ ទៀតផង​៕/V​-PC