ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: អតីត​វីរបុរស​បាល់ទាត់​កម្ពុជា​កាលពី​ទសវត្ស​ឆ្នាំ​១៩៦០ និង​១៩៧០ លោក ប៉ែន ផាត មាន​ជំនឿ​ចិត្ត​ថា​ជំនួប​នៅ​ស៊ី​ហ្គេម​នា​ល្ងាច​នេះ​រវាង​កម្ពុជា និង​សឹង្ហ​បុរី កម្ពុជា​នឹង​ឈ្នះ​ដូច​កាលពី​ជំនួប​ជាមួយ​ឡាវ​អញ្ចឹង​។​

​លោក បានបង្ហាញ​ពី​ជំនឿ​ចិត្ត​ថា ក្រុម​ជម្រើសជាតិ U23 កម្ពុជា នឹង​ឈ្នះ​ក្នុង​លទ្ធផល​បច្ចេកទេស ២​ទល់​០ ឬ ៣​ទល់​១​។ ទម្រង់​លេង​របស់​ក្រុម​ជម្រើសជាតិ U23 កម្ពុជា មានការ​សហការគ្នា​យ៉ាង​ល្អ ទាំង​ល្បឿន ទាំង​ការបោះ​បាល់​ចែក​បាល់​ក៏​ល្អ និយាយ​ឲ្យ​ចំពួក​គេ​មាន​បច្ចេកទេស​លេង​ផ្ទាល់ខ្លួន និង​លេង​ជា​ក្រុម​ល្អ​តែម្តង​។​​លោក​បាន​ជូនពរ​អោយ​ក្រុម​ជម្រើសជាតិ U23 កម្ពុជា ទទួលបាន​ជ័យជំនះ ក្នុងជំនួប​ទី​២ ដើម្បី​ទទួលបាន ៦​ពិន្ទុ ឈរ​លេខ​១ ពូ​ល​B​។​

​គួរ​បញ្ជាក់ថា ការប្រកួត​ទី​៣ ក្រុម​ជម្រើសជាតិ U23 កម្ពុជា បាន​ប្រកួត​ឈ្នះ​ក្រុម​ជម្រើស​រើស​ជាតិ U23 ឡាវ ក្នុង​លទ្ធផល ៤​ទល់​១ កាលពី​ថ្ងៃទី​០៩ កន្លងទៅ ហើយ​នៅ​ល្ងាច នេះ ក្រុម​ជម្រើសជាតិ U23 កម្ពុជា ត្រូវ​ជួប​ជាមួយ​ក្រុម​ជម្រើសជាតិ U23 សិង្ហ​បុរី មុននឹង​បន្ត​ជួប​ក្រុម​ជម្រើសជាតិ U23 ថៃ នៅ​ថ្ងៃទី​១៤​។ រីឯ​ការប្រកួត​ចុងក្រោយ កម្ពុជា​ត្រូវ​ជួប​ក្រុម​ជម្រើសជាតិ U23 ម៉ាឡេស៊ី នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២២​។​ចំណែកឯ​ក្រុម​ជម្រើសជាតិ​U23​ម៉ាឡេស៊ី​នឹង​ប៉ះ​ក្រុម​ជម្រើសជាតិ U23 ឡាវ នៅ​ម៉ោង ១៩:០០​នាទី​។​

​សូមបញ្ជាក់​ផងដែរ​ថា សម្រាប់​ការប្រកួត​បាល់ទាត់​ផ្នែក​បុរស នៅ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ក្នុង​ពូ​ល B ក្រុម​ជម្រើសជាតិ U23 ថៃ ឈរ​លេខ​១ ឆ្លងកាត់​២​ប្រកួត ឈ្នះ​១ ចាញ់​១ មាន​៣​ពិន្ទុ ខណៈ​កម្ពុជា​ឈរ​នៅ​លេខ​២ មាន​៣​ពិន្ទុ​។ រីឯ​លេខ​៣ គឺ ម៉ាឡេស៊ី មាន​៣​ពិន្ទុ​ដូចគ្នា ទើបតែ​ប្រកួត​បាន​១​ប្រកួត ខណៈ​ឡាវ លេខ​៤ សិង្ហ​បុរី លេខ​៥ មាន​១​ពិន្ទុ​ដូចគ្នា ឆ្លងកាត់​២​ប្រកួត​៕​