​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​,​បាងកក​ប៉ុស្តិ៍​)៖​ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​ម៉ានីល​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ចិន​នឹង​បន្ត​ធ្វើការ​ជាមួយ​ហ្វីលីពីន​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​ថ្មី​ដែល​នឹង​ចូល​​កាន់តំណែង​នាពេលខាងមុខ លោក​ហ្វែរ​ឌីណ​ង់ ម៉ាកូ​ស ជូនៀ (Ferdinand Marcos Junior)​ដែល​បាន​ឈ្នះ​ការបោះឆ្នោត​នៅ​សប្តាហ៍​នេះ​។​

​ដោយ​ស្រង់​សម្តី​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ស្ថានទូត​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​ចិន​នឹង​ប្តេជ្ញា​រក្សា​មិត្តភាព​ជា​មួយ​ប្រទេស​ក្បែរ​ខាង​ខ្លួន ផ្តោត​លើ​កំណើន​ក្រោយ​កូវី​ដ ពង្រីក​​កិច្ចសហការ​ឈ្នះ​-​ឈ្នះ ហើយ​នាំ​មក​ផលប្រយោជន៍​ធំធេង​បន្ថែមទៀត​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ »​។​

​នៅ​ថ្ងៃ​ពុធ​នេះដែរ​ក្រុម​របស់​លោក​បាន​និយាយថា លោក​ហ្វែរ​ឌីណ​ង់ ម៉ាកូ​ស ជូនៀ​បាន​ទៅ​មើល​ផ្នូ​រឪពុក​នៅ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​លោក​ប្រកាស​ជ័យជម្នះ​ក្នុង​ការប្រកួតប្រជែង​យក​តំណែង​ប្រធានា​​ធិបតី ។​

​លោក​ហ្វែរ​ឌីណ​ង់ ម៉ាកូ​ស ដែល​ត្រូវបាន​ទម្លាក់​ចេញពី​អំណាច​និង​រត់​ទៅ​រស់នៅ​និរទេស​ខ្លួន​ទាំង​គ្រួសារ បាន​ស្លាប់​នៅ​ក្រៅ​ប្រទេស​កាលពី​ឆ្នាំ​១៩៨៩ តែ​សាកសព​របស់លោក​ទើបតែ​ត្រូវបាន​អនុញ្ញាត​អោយ​​បញ្ចុះ​ក្នុង​ទី​បញ្ចុះសព​វីរជន​ជាតិ​ក្នុង​ទីក្រុង​ម៉ានីល​នៅ​ឆ្នាំ​២០១៦​ក្រោយ​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ដុយ​ទែ​ត មិន​ស្តាប់​កំហឹង​សាធារណជន​ដោយ​បញ្ជា​អោយ​ធ្វើ​ពិធី​បញ្ចុះសព​ជាមួយនឹង​កងកិត្តិយស​កងទ័ព​​យ៉ាង​ពេញលេញ​។​

​មុន​បញ្ចុះ​នៅ​ក្រុង​ម៉ានីល សាកសព​របស់លោក​ត្រូវបាន​រក្សា​ទុក​ក្នុង​មឈូស​ក្លាស្សេ​អស់​ពេល​រាប់​ទសវត្សរ៍​នៅក្នុង​គេហដ្ឋាន​របស់​គ្រួសារ​នៅក្នុង​ខេត្ត​អ៊ី​ឡូកូ​ស ណត ដែល​ជា​មូលដ្ឋាន​រឹងមាំ​របស់​គ្រួសារ​នេះ​។​

​សូម​រំលឹក​ថា គ្រួសារ​ម៉ាកូស​ត្រូវ​បាន​បណ្តេញចេញ​ពី​អំណាច​ពី​សំណាក់​ប្រជាជន​រាប់លាន​នាក់​ដែល​ឆ្អែត​នឹង​ការគ្រប់គ្រង​បែប​ព្រៃផ្សៃ​និង​ពុករលួយ​អស់​២០​ឆ្នាំ​របស់​លោក​តែ​ម៉ាកូ​ស ជូនៀ បាន​ពណ៌នា​ឪពុក​​លោក​ថា​ជា​«​អ្នកនយោបាយ​ឆ្នើម​»​និង​បាន​ពណ៌នា​ការ​កាន់​អំណាច​រាប់​ទស​វត្សរ៍​របស់​ឪពុក​លោក​ថា​ជា​យុគមាស​មួយ​ដោយសារ​មាន​សន្តិភាព​និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​។​

​តាម​ការជាក់ស្តែង ហ្វែរ​ឌីណ​ង់ ម៉ាកូ​ស បាន​ធ្វើ​ការបង្ក្រាប​យ៉ាង​ព្រៃផ្សៃ​លើ​ជន​ប្រឆាំង​និង​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ធំធេង ដោយ​ក្រុមប្រឆាំង​បាន​ចោទប្រកាន់​ថា​លោក​និង​ក្រុមគ្រួសារ​បាន​លួច​ប្លន់​​យក​លុយ​រាប់​ពាន់​លាន​ដុល្លារ​ពី​ហិប​ប្រាក់​រដ្ឋ​និង​ទុក​អោយ​ប្រទេស​ស្ថិតក្នុង​ស​ភាពក្រីក្រ​៕

​ម៉ាកូ​ស ជូនៀ ដែល​គេ​ហៅ​ផងដែរ​ថា «​បុង​បុ​ង​» បាន​ឈ្នះ​ការបោះឆ្នោត​កាលពី​ថ្ងៃ​ចន្ទ​ជាមួយ​នឹង​សម្លេង​គាំទ្រ​ភ្លូកទឹកភ្លូកដី​។​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការរាប់​សន្លឹកឆ្នោត​ជិត​អស់​បង្ហាញ​ថា​លោក​ឈ្នះ​​ឆ្នោត​លើ​គូប្រជែង ឡេ​នី រ៉ូ​ប្រេ​ដូ លោក​បាន​ទៅ​ផ្នូរ​របស់​ឪពុក តែ​មិន​ដឹង​បន់ស្រន់​ឬ​លាបំណន់​អ្វីខ្លះ​ទេ​