​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ វា​ពិតជា​វិធី​ដ៏​អស្ចារ្យ​ក្នុង​ការបង្ហាញ​ពី​ចំណុច​ខ្លាំង​ដ៏​កក្រើក​បែបនេះ​។ ប៉ុន្តែ​ក្រុមហ៊ុន Land Rover បាន​បង្ហាញ​យ៉ាង​មាន​ទំនុកចិត្ត​បំផុត​នូវ​សមត្ថភាព Off-road ដ៏​អស្ចារ្យ​របស់​រថយន្ត Range Rover Sport ជំនាន់​ទី​បី​ថ្មី​របស់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ​ទី​១០​ឧសភា​ដែល​វា​អាច​បើកបរ​យ៉ាង​សាហាវ​ដូច​ក្នុង​រឿង​ជេ​ម​ស៍ប៊ន​ឆ្លងកាត់​ទឹក​ហូរដ៏​ខ្លាំង​ក្លាធ្លាក់ចុះ​​ពី​ទំនប់​ទឹក​ធំ​មួយ​នៅ​អ៊ី​ស្លង់​។​

​ការបង្ហាញ​ដ៏​វិសេសវិសាល​ដើម្បី​សម្គាល់ការ​ដាក់លក់​ជា​សកល​នៃ​រថយន្ត​ប្រណីត 4X4 ថ្មី​ដែល​ផលិត​ដោយ​ចក្រភព​អង់គ្លេស បាន​ធ្វើឡើង​នៅ​ទំនប់​កា​រ៉ាញ់​ជូកា​(Karahnjukar)​កន្លែង​ដែល​លំហូរ​ទឹក​​ធ្លាក់​ចុះ​ក្រោម​បញ្ចេញ​កម្លាំង​ក្នុង​កម្រិត ៧៥០ តោន​ក្នុង​មួយ​នាទី​ចុះ​ដល់​ផ្លូវ​ចុង​ក្រោយ​ប្រវែង ២៩៤ ម៉ែត្រ​។​

​ការបើកបរ​នេះ​ត្រូវបាន​អនុវត្ត​ដោយ​អ្នក​បើក​ជំនួស​តួ ០០៧ គឺ​លោក ជេស​ស៊ីកា ហក់​ឃី​ន (Jessica Hawkins)​ដែល​ការបើកបរ​ដ៏​សាហាវ​របស់គាត់​ត្រូវបាន​រៀបចំឡើង​ដើម្បី​បង្ហាញ​ពី​សមត្ថភាព​​ដ៏​ខ្លាំងក្លា​និង​សមត្ថភាព Off-road ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នៃ​រថយន្ត SUV ដែល​កំពុង​ពេញនិយម​នេះ ហើយ​វា​ជា​ចំណុចកំពូល​នៃ​ដំណើរ​ផ្សងព្រេង​ឆ្លងកាត់​ទេសភាព​ភ្នំភ្លើង​នៅ​លើ​ប្រទេស​កោះ​នេះ​ដោយ​ឆ្លងកាត់​ថ្មភ្នំ​រដិបរដុប​និង​ផ្លូវ​រូង​ក្រោម​ដី​លិច​ទឹក​ជាច្រើន​។​

​សំណាងល្អ រថយន្ត Range Rover Sport ថ្មី ដែល​ជា​បងប្អូន​បង្កើត​ខ្លាំង​ជាង​ត្រកូល Range Rover ស៊េរី​ថ្មី អាច​នៅ​ក្រោម​ទឹក​ជម្រៅ ៩០០ មីល្លីម៉ែត្រ​ដូច្នេះ​វា​មិន​លិច​ក្រោម​ទឹក​ទាំងស្រុង​​នោះទេ​។​

​ដោយ​មាន​តម្លៃ​ចាប់ពី ៩៧.៦០០ ដុល្លារ រថយន្ត Range Rover Sport ចាប់ផ្តើម​ចេញ​លក់​ឥឡូវនេះ​ជាមួយនឹង​ប្រភេទ​ហាយ​ប្រ៊ី​ដ​ម៉ាស៊ីន​សាំង​-​អគ្គិសនី (PHEV) ប្រភេទ​ម៉ាស៊ីន​សាំង និង​ប្រភេទ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត ដោយ​ការ​ចែកចាយ​លើកដំបូង​នឹង​ចាប់ផ្តើម​ពី​ខែ​កញ្ញា​។​

​រថយន្ត Range Rover ដែល​ប្រើ​អគ្គីសនី​សុទ្ធ​នឹង​ត្រូវ​ដាក់​ឱ្យ​ដំណើរការ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ទៀត​ក្នុង​ឆ្នាំ ២០២៤ ៕

រថយន្ត Range Rover Sport ជំនាន់​ទី​បី​អាច​បើក​កាត់​លំហូរ​ទឹក​ដ៏​ខ្លាំងក្លា​ដោយ​គ្មាន​បញ្ហា