ដោយ​:​ពៅ​និមល​/​ភ្នំពេញ​៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ជម្រាបជូន​ភាគី​អាម៉េរិក​ថា រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួងពាណិជ្ជកម្ម បាន​ត្រៀមខ្លួន​ក្នុងការ​សហការ និង​ជួយ​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា​។​

​ប្រភពពី​ក្រសួងពាណិជ្ជកម្ម នៅក្រោយ​ចប់​ជំនួប​ការងារ រវាង​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោកស្រី អាន​ប៊ិន ផាន ( Anbinh Phan) តំណាង​ក្រុមហ៊ុន Walmart និង​សហការី ដើម្បី​ពិភាក្សា និង​ស្វែងយល់​បន្ថែម អំពី​សក្តានុពល​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា ព្រមទាំង​លទ្ធភាព​ក្នុងការ ពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​នៅពេល​ខាងមុខ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២២​នេះ បាន​ឲ្យ​រស្មី​កម្ពុជា​ដឹងថា នៅក្នុង​ជំនួប​នា​កាស​នោះ លោក​រដ្ឋមន្ត្រី បាន​ជម្រាបជូន​ភ្ញៀវ​អំពី​ស្ថានភាព​ល្អប្រសើរ​នៃ​ការគ្រប់គ្រង ជំងឺ​កូ​វីដ​-១៩ ក្រោម​ការដឹកនាំ​ប្រកប​ដ៏​ឈ្លាសវៃ និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់ សម្តេចនាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន ដែលនាំឱ្យ​សេដ្ឋកិច្ចកម្ពុជា ស្ទុះ​ងើប ឡើងវិញ​យ៉ាង​ឆាប់រហ័ស​ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។ បន្ថែម​ពីនេះ លោក​ក៏បាន​ជម្រាប អំពី​សមិទ្ធផល​ថ្មីៗ និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួងពាណិជ្ជកម្ម ក្នុង​ការធ្វើ ឱ្យ​ប្រសើរឡើង​នូវ​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា ដូចជា ការចរចា​បង្កើត​ទីផ្សា​រ​ថ្មីៗ បន្ថែមទៀត តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មីៗ ការកសាង​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​បន្ថែម ព្រមទាំង​ការបន្ត​ធ្វើ​ទំនើបកម្ម​សេវាសាធារណៈ ការកាត់បន្ថយ​នីតិវិធី​និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នានា ដែល​បាន​ជួយ​សម្រួល យ៉ាងច្រើន​ដល់​ការធ្វើ​ធុរកិច្ច​និង​ពាណិជ្ជកម្ម​នៅ​កម្ពុជា​កាន់តែ​ប្រសើរឡើង​។​

​ប្រភព​ខាងលើ បានលើកឡើង​បន្តថា ក្នុងឱកាស​នោះ ភាគី​អាម៉េរិក បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមត្ថភាព​ក្នុងការ​គ្រប់គ្រង ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩ ដ៏​មាន​ប្រសិទ្ធភាព​របស់​កម្ពុជា ក៏ដូចជា​អបអរសាទរ ចំពោះ​ការសម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មីៗ ព្រមទាំង​ជម្រាប ជូន​អំពី​ចំណាប់អារម្មណ៍​ក្នុងការ​នាំចូល​ផលិតផល​របស់​កម្ពុជា​បន្ថែមទៀត ដូចជា គ្រឿង​សង្ហា​រឹម ផ្លែឈើ ម្ហូបអាហារ និង​គ្រឿង​អេឡិចត្រូនិក​ជាដើម​។

​ទន្ទឹមនឹងនេះ លោកស្រី ក៏បាន​ជម្រាប​ផងដែរ អំពី​បំណង​ក្នុងការ​ពង្រីក​កិច្ច សហប្រតិបត្តិការ ការពង្រឹង​ភាពជា​ដៃគូ​ក្នុង​សកម្មភាព​ធុរកិច្ច​និង​វិនិយោគ ដែល​នឹង​ចូលរួមចំណែក​ក្នុងការ​បង្កើត​ឱកាស​ការងារ​សម្រាប់​ប្រជាជន​កម្ពុជា ជាពិសេស​ស្ត្រី ការជំរុញ​កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ​។​

​ក្រសួងពាណិជ្ជកម្ម បាន​បន្ថែមថា ក្នុងជំនួប​នាឱកាស​នោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ស្នើឱ្យ​ក្រុមហ៊ុន Walmart ពិនិត្យ​លទ្ធភាព​ក្នុងការ​ពង្រីក​ប្រតិបត្តិការ ធុរកិច្ច​នៅ​កម្ពុជា និង​វិនិយោគ​លើ​វិស័យ​ដែលមាន​សក្តានុពល​នានា​បន្ថែមទៀត នៅ​កម្ពុជា​ផងដែរ​៕​/PC