ដោយៈ ភ្នំ​សន្ទុក / កំពង់ធំៈ នា​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២២ អគ្គនាយកដ្ឋាន កសិកម្ម សហការ​ជាមួយ គម្រោង​ស្តីពី ” កម្មវិធី​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម​កម្ពុជា ហៅ​កាត់​ថា CAVAC ” បានរៀបចំ​ពិធី​សម្ពោធ ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ធានា គុណភាព​ពូជ​ដំណាំ (​ប​.​គ​.​ព​) (Quality Declared Seed-QDS) សម្រាប់​ផលិតកម្ម និង​អាជីវកម្ម​គ្រាប់ពូជ​ស្រូវ នៅ​សហគមន៍ ត្រពាំង​ឫស្សី ស្ថិតនៅ​ក្នុងភូមិ​គោក​ងួន ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ងួន រតនៈ អភិបាលខេត្ត លោកស្រី Amber Cernobs លេខា​ទី​១ ស្ថានទូត​អូស្ត្រាលី ប្រចាំ​ព្រះរាជាណាចក្រ កម្ពុជា និង​លោកស្រី Miyahary AI តំណាង​អង្គការ JICA លោក​-​លោកស្រី ប្រធាន​សហគមន៍ កសិកម្ម ទាំង ១០ តំណាង​ឲ្យ​ខេត្ត​ទាំង ៨ គឺៈ សហគមន៍​កសិកម្ម អូរ​សារាយ (​តាកែវ​) សហគមន៍​កសិកម្ម ផលិត​ពូជស្រូវ សំរោង​មានជ័យ (​បន្ទាយមានជ័យ​) សហគមន៍​កសិកម្ម ស្រករ​ពន្លក​ថ្មី (​ពោធិ៍សាត់​) សហគមន៍​កសិកម្ម ជីក្រែង​សាមគ្គី (​សៀមរាប​) សហគមន៍​កសិកម្ម ចម្រើន​ផល​រាំង​កេ​សី ទឹកចិត្ត​កសិករ គារ​មានជ័យ និង​ឃុំ​កំពង់​ព្រៀង (​បាត់ដំបង​) សហគមន៍​កសិកម្ម ខេ​ម​ស៊ីដ ជេ​ជ​ចង្វារ (​កំពង់ឆ្នាំង​) សហគមន៍​កសិកម្ម បាភ្នំ​មានជ័យ (​ព្រៃវែង​) និង​សហគមន៍​កសិកម្ម ឃុំ​ត្រពាំង​ឫស្សី (​កំពង់ធំ​)​។​

​លោក ងួន រតនៈ អភិបាលខេត្ត បានឱ្យដឹងថាៈ រដ្ឋបាលខេត្ត​កំពង់ធំ សង្ឃឹមថា ប​.​គ​.​ព នឹង​ដើរតួនាទី យ៉ាងសំខាន់ ក្នុង​ការធានា​គុណភាព​គ្រាប់​ពូជស្រូវ ដើម្បី​ចូលរួម​បង្កើន​ផលិតភាព ផលិតកម្ម​ស្រូវ ទាំង​បរិមាណ និង​គុណភាព មានការ​ប្រកួតប្រជែង ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ និង​ជាពិសេស ចូលរួម លើកកម្ពស់​កម្រិតជីវភាព របស់​សមាជិក​សហគម​ន៍ តាមរយ​:​ការផលិត និង​លក់​ចែកចាយ​គ្រាប់​ពូជស្រូវ មានគុណ​ភាព ជូន​កសិករ នាពេល​អនាគត​។

​លោក​រដ្ឋមន្ត្រី​កសិកម្ម បានបញ្ជាក់​ថាៈ វា​ពិតជា​បាន​ឆ្លើយតប តាម​គោល នយោបាយ​របស់ រាជរដ្ឋាភិបាល ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់​ស៊ីជម្រៅ សម្រាប់​វិស័យ​កសិកម្ម គឺ​ការធ្វើ​ទំនើបកម្ម វិស័យ​កសិកម្ម ការបង្កើន​តម្លៃបន្ថែម និង​ការអភិវឌ្ឍ ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម ដើម្បី​ឆ្លើយតប ទៅនឹង​តម្រូវការ​នៃ​ទីផ្សារ និង​ការប្រកួតប្រជែង ក្នុង​តំបន់ និង​នៅលើ​សាកលលោក ជាពិសេស ការធានា​ចីរភាព​កំណើនសេដ្ឋកិច្ច​-​សង្គម ការកាត់បន្ថយ​ភាពក្រីក្រ ការបង្កើត​ការងារ កាត់បន្ថយ ចំណាកស្រុក និង​ធានាបាន​នូវ​ប្រព័ន្ធ​សន្តិសុខ ស្បៀង ចីរភាព និង​បរិ​យា​ប័ន្ន ដោយ​ផ្សារភ្ជាប់ ទៅនឹង “​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​កម្ពុជា​” នា​ឆ្នាំ​២០៣០ ។

​លោក​រដ្ឋមន្ត្រី​កសិកម្ម បាន​ណែនាំ​ឲ្យ នាយកដ្ឋាន​ពូជ​ដំណាំ និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រាជធានី​-​ខេត្ត និង​ជាពិសេស ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន សហគមន៍​កសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ បន្ត​គាំទ្រ ជួយ​សហការ អនុវត្ត ប​.​គ​.​ព នេះ ឱ្យ​ទទួលបាន​ជោគជ័យ សំដៅ​រួមគ្នា​លើកស្ទួយ វិស័យ​ពូជ​ដំណាំ​នៅ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន និង​បង្កើន​ភាពជឿ​ទុក ចិត្ត និង​បន្ត​គាំទ្រ​។

​លោក​រដ្ឋមន្ត្រី បាន​ណែនាំ ឲ្យ​អគ្គនាយកដ្ឋាន​កសិកម្ម យកចិត្តទុកដាក់​លើ ចំណុច​សំខាន់ៗ ចំនួន ៥ ចំណុច ដូចជា ទី​១. ត្រូវ​ជំរុញ​ការផ្សព្វផ្សាយ ច្បាប់​ស្តីពី​ការគ្រប់គ្រង​ពូជ​ដំណាំ និង​សិទ្ធិ​អ្នក បង្កាត់​ពូជ​ដំណាំ និង​គោល នយោបាយ​ពូជ​ដំណាំ នៅ​កម្ពុជា ឱ្យបាន​ទូលំទូលាយ​។ ទី​២.​ត្រូវ​ជំរុញ ឱ្យ​អ្នក​ផលិត​ពូជ និង​អ្នកធ្វើអាជីវកម្ម​ពូជ​ដំណាំ នៅ​កម្ពុជា ចុះបញ្ជី​ប្រភេទ​ពូជ ដំណាំ ដើម្បី​ធានា បាន​នូវ​គ្រាប់ពូជ ដែលមាន​គុណភាព​ល្អ​។ ទី​៣. ត្រូវ​ពង្រឹង សមត្ថភាព មន្ទីរពិសោធន៍​ជាតិ កសិកម្ម សម្រាប់​វិភាគ​គុណភាព ពូជ​ដំណាំ ដើម្បី​គាំទ្រ​ដល់​ការត្រួតពិនិត្យ គុណភាព​ពូជ​ដំណាំ ដែល​ស្ថិតនៅក្រោម​ប្រព័ន្ធ ផ្តល់​វិញ្ញាបនបត្រ និង​សម្រាប់​តាមដាន គុណភាព​ពូជ​ដំណាំ ដែល​ចរាចរ នៅលើ​ទីផ្សារ​។ ទី​៤. ត្រូវ​លើកទឹកចិត្ត និង​ជំរុញ​ផលិតកម្ម​គ្រាប់ពូជ ដោយ​ផ្សារភ្ជាប់ រវាង​អ្នក​ផលិត ជាមួយ​សហគមន៍​កសិក​រ ឬ​អ្នក​ផលិត ជាមួយ​ក្រុមហ៊ុន តាមរយៈ​ការអនុវត្ត ផលិតកម្ម​គ្រាប់ពូជ តាម​កិច្ចសន្យា​។ ទី​៥. ត្រូវ​ចងក្រង និង​បោះពុម្ព​ឯកសារ​បច្ចេកទេស គោលការណ៍​ណែនាំ​ផ្សេងៗ ទាក់ទង​នឹង ប​.​គ​.​ព និង​ផ្សាយ​ឱ្យបាន​ទូលំទូលាយ ។

​ជាថ្មី​ម្តងទៀត លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ ជូន​ចំពោះ រដ្ឋាភិបាល​អូស្ត្រាលី តាមរយ​:​កម្មវិធី CAVAC និង​រាជរដ្ឋាភិបាល និង​ប្រជាជន ជប៉ុន តាមរយ​:​អង្គការ JICA ដែល​បាន​សហការ ជួយឧបត្ថម្ភ​ទាំង​សម្ភារ ឧបករណ៍​បច្ចេកទេស និង​ថវិកា ដើម្បី​គាំទ្រ​លើ ការអនុវត្ត​គម្រោង​នេះ ហើយ​លោក​រដ្ឋមន្ត្រី សង្ឃឹមថា គម្រោង នឹង​ត្រូវបាន​ពង្រឹង និង​ពង្រីក ឲ្យ​បាន​កាន់តែ​ទូលំទូលាយ ទូទាំងប្រទេស ដោយ​ឈរលើ​ការធានា​គុណភាព គ្រាប់ពូជ​ខ្ពស់ ជា​ចំបង​៕/V​-PC