ដោយៈ ដេប៉ូ / ភ្នំពេញៈ ” កន្លងមក មាន​ជន ខិលខូច​មួយចំនួន បាន​បំផុស​ព័ត៌មាន នៅក្នុង​បណ្តាញ​សង្គម អំពី​ការប្រមូលទិញ ប្រភេទ​កេសរ​កូ​ល​ព្រៃ ក្នុងតម្លៃ​ខ្ពស់ ដែលជា​ហេតុ ជំរុញឱ្យមាន ការប្រមូល​កេសរ​កូ​ល​ព្រៃ ពី​តំបន់ការពារធម្មជាតិ ដោយ​អនាធិបតេយ្យ ” ។ នេះ​បើតាម​ការបញ្ជាក់ ក្នុង​សេចក្តីជូនដំណឹង​របស់ ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ ២០២២​។​

​ក្នុង​សេចក្តីជូនដំណឹង​នេះ បានបញ្ជាក់​បន្ថែមថាៈ ការប្រមូលទិញ កេសរ​កូ​ល​ព្រៃ ដោយ​អនាធិបតេយ្យ វា​ជា​ទង្វើ​បានធ្វើឱ្យ​ប៉ះពាល់ ដល់​ប្រភេទ​កេសរ​កូ​ល​ព្រៃ និង​អាច​ឈានដល់ ការ​ផុត​ពូជ​ទាំងស្រុង នូវ​ប្រភេទ​កេសរ​កូ​ល​ព្រៃ មួយចំនួន​។​

​ក្រសួងបរិស្ថាន សូម​គូសបញ្ជាក់ថាៈ រាល់​សកម្មភាព​ទាំងឡាយ ដែល​បាន និង​កំពុង​ប្រមូល ជួញដូរ និង​ធ្វើ​អាជីវកម្ម ប្រភេទ​កេសរ​កូ​ល​ព្រៃ ពី​ក្នុង​តំបន់ ការពារ​ធម្មជាតិ ទាំង​ការធ្វើ​អាជីវកម្ម ឬ​ក្នុង​គោលបំណង​ណាមួយ គឺជា សកម្មភាព​ផ្ទុយ​នឹង​ច្បាប់ ស្តីពី​តំបន់ការពារធម្មជាតិ មាត្រា​៥៩ ចំណុច​៣ ចំណុច​៤ និង​មាត្រា ៦១ ចំណុច​៤​។​

​ក្នុងន័យនេះ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព នៃ​ការគ្រប់គ្រង តំបន់ការពារធម្មជាតិ និង​សិទ្ធិ​ប្រើប្រាស់ ធនធានធម្មជាតិ របស់​ប្រជា​សហគមន៍ ស្របតាម​ច្បាប់ ស្តីពី​តំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន សូម​ដាក់ចេញ​នូវ​វិធានការ និង​ការណែនាំ ដូចខាងក្រោម​៖
– បញ្ឈប់​នូវ​រាល់​សកម្មភាព ខុសច្បាប់ ជាអាទិ៍ ការដឹកជញ្ជូន ការប្រមូល ការធ្វើ​សន្និធិ កេសរ​កូ​ល​ព្រៃ
– បញ្ឈប់​នូវ​រាល់​សកម្មភាព​ទិញ​-​លក់ កេសរ​កូ​ល​ព្រៃ​។​

​ក្រសួងបរិស្ថាន ដោយ​សហការ​ជាមួយ ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច និង​រដ្ឋបាល​ថ្នាក់ក្រោម ជាតិ​ពាក់ព័ន្ធ នឹង​ចាត់វិធានការ យ៉ាង​ម៉ឺងម៉ាត់​បំផុត ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​រាល់​សកម្មភាព ល្មើស ដូច​បាន​រៀបរាប់​ខាងលើ ដោយ​ផ្អែកលើ​នីតិវិធី​ច្បាប់ ជា​ធរមាន​។​

​ទទួលបាន​សេចក្ដីជូនដំណឹង​នេះ សូម​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច និង​រដ្ឋបាល​ថ្នាក់ក្រោម ជាតិ​ពាក់ព័ន្ធ ជួយ​ផ្សព្វផ្សាយ​សេចក្ដីជូនដំណឹង​នេះ ឱ្យបាន​ទូលំទូលាយ ដល់​ប្រជាពលរដ្ឋ ដើម្បី​បង្កើន ការយល់ដឹង និង​ចូលរួម គោរព​ច្បាប់​ទាំងអស់គ្នា ដោយ​មិន​ប្រព្រឹត្ត​សកម្មភាព គ្រប់​រូបភាព នៅក្នុង​តំបន់ ការពារ​ធម្មជាតិ ហើយ​សូម​ផ្ដល់​កិច្ចសហការ ក្នុងការ​អនុវត្ត​វិធានការ ចាំបាច់ នានា ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​៕/V​-PC