ដោយៈ សុផល / ភ្នំពេញ: កម្ពុជា និងស្រីលង្កា បានឈានដល់ការចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ដើម្បីបើកផ្លូវ ដល់ការអភិវឌ្ឍ វិស័យទេសចរណ៍ ខណៈភាគីទាំងពីរ ក៏បានឯកភាព ចាប់ផ្ដើមអនុវត្តការងារ ចម្បងៗ ច្រើនចំណុច ដូចជា ការជំរុញចលនាទេសចរ ការតភ្ជាប់ជើងហោះហើរ ការបង្កើតព្រឹត្តិការណ៍ទេសចរណ៍សាសនា ការផ្លាស់ប្ដូទស្សនកិច្ច ទៅវិញទៅមក ជាដើម។
ការចុះអនុស្សរណៈនេះ ធ្វើឡើងរវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី ឆាមីនដា អ៉ី. ខូឡូនណេ (Chaminda I. Colonne) ឯកអគ្គរដ្ឋទូតស្រីលង្កា ប្រចាំកម្ពុជា នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍។
មុននឹងចុះហត្ថលេខា លើអនុស្សរណៈនេះ ថ្នាក់ដឹកនាំទាំងពីរ បានជួបពិភាក្សាគ្នា លើកិច្ចការ សំខាន់ៗមួយចំនួន ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍ វិស័យទេសចរណ៍ និងជំរុញចលនាទេសចរ ពីគ្នាទៅវិញទៅមក។
លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថាៈ បច្ចុប្បន្ន កម្ពុជា បានដកនូវល័ក្ខខ័ណ្ឌជាច្រើន ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ភ្ញៀវទេសចរ ដូចជា ការដកចេញនូវល័ក្ខខ័ណ្ឌ ដែលតម្រូវឱ្យធ្វើតេស្ត PCR ៧២ ម៉ោង ការលើកលែងការធ្វើតេស្តរហ័ស នៅពេលមកដល់ និងបានអនុវត្តឡើងវិញ នូវការស្នើសុំទិដ្ឋការ ក្នុងពេលមកដល់ (Visa on arrival) ព្រមទាំងការរង់ចាំស្វាគមន៍ ភ្ញៀវទេសចរ ពីគ្រប់ទិសទី ខណៈកម្ពុជា ក៏កំពុងផ្សព្វផ្សាយពី គោលដៅទេសចរណ៍សុវត្ថិភាព ផ្ដល់ភាពកក់ក្ដៅផងដែរ។ និយាយរួម កម្ពុជា បានត្រៀមរួចរាល់ ហើយ ក្នុងការទទួលភ្ញៀវទេសចរឡើងវិញ។
លោករដ្ឋមន្ត្រី ថោង ខុន បានលើកយោបល់ ទៅកាន់ភាគីស្រីលង្កា ពាក់ព័ន្ធនឹងការជំរុញឱ្យមាន ការហោះហើរត្រង់ កម្ពុជា-ស្រីលង្កា នាពេលខាងមុខ ឬជាលក្ខណៈ Charter Flight ខណៈពេលបច្ចុប្បន្ន ប្រទេសទាំងពីរ មិនទាន់មានការហោះហើរត្រង់ នៅឡើយទេ ពោលគឺ ភ្ញៀវត្រូវធ្វើដំណើរ ឆ្លងកាត់ប្រទេសថៃ ឬម៉ាឡេស៊ី ឬ សិង្ហបុរី ជាមុនសិន ទើបបន្តមកដល់កម្ពុជា តាមក្រោយ។
កម្ពុជា-ស្រីលង្កា ក៏បានឯកភាពរៀបចំ ព្រឹត្តិការណ៍ទេសចរណ៍ ផ្សារភ្ជាប់ជាមួយពុទ្ធសាសនា ដោយសារតែប្រទេសទាំងពីរ កាន់ព្រះពុទ្ធសាសនា ហិនយាន ដូចគ្នា ហើយប្រជាជនកម្ពុជា ក៏និយមធ្វើទេសចរណ៍ ផ្សារភ្ជាប់ជាមួយពុទ្ធសាសនា ទៅកាន់ប្រទេសស្រីលង្កា និងប្រទេស ឥណ្ឌា ផងដែរ។ កម្ពុជាធ្លាប់មានបទពិសោធន៍ រួចហើយ ក្នុងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ពុទ្ធសាសនា (Buddhist Tourism) នេះ ដោយកាលពីពេលកន្លងទៅ កម្ពុជាបានសហការជាមួយ ឥណ្ឌូណេស៊ី ឡាវ មីយ៉ាន់ម៉ា ថៃ ជាដើម រៀបចំព្រឹត្តិការណ៍លំអាន អរិយធម៌ម្តងរួចមកហើយ កាលពីឆ្នាំ២០១១។
ភាគីទាំងពីរ ក៏បានជំរុញឱ្យមានការផ្លាស់ប្ដូរ ទស្សនកិច្ចរបស់ព្រះសង្ឃ គ្រឹះស្ថានឧត្តមសិក្សា ពុទ្ធសាសនបណ្ឌិត្យ នៃប្រទេសកម្ពុជា និងស្រីលង្កា ទៅវិញទៅមក នាពេលអនាគត។
ភាគីកម្ពុជា-ស្រីលង្កា ក៏បានពិភាក្សាគ្នា លើការជំរុញឱ្យមានការផ្សព្វផ្សាយ វិស័យទេសចរណ៍ និងការផ្សព្វផ្សាយ ពីវិស័យទេសចរណ៍ ជាមួយគ្នា ឱ្យបានច្រើនដែរ ដើម្បីទាក់ទាញលំហូរ ភ្ញៀវទេសចរ ទៅវិញទៅមក និងភ្ញៀវទេសចរ ប្រទេសទី៣។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានជម្រាបទៅកាន់លោកស្រី ឯកអគ្គរដ្ឋទូតស្រីលង្កា ទៀតថាៈ បច្ចុប្បន្ន ក្រសួងកំពុងសហការជាមួយ ក្រសួងធម្មការ និងសាសនា ជំរុញឡើងវិញ នូវការអនុវត្តផែនការ រៀបចំវត្តទេសចរណ៍គំរូ នៅទូទាំងប្រទេស ដោយក្នុងខេត្តនីមួយៗ ត្រូវមានវត្តទេសចរណ៍គំរូ យ៉ាងតិច ២ វត្ត ដើម្បីបង្កើនផលិតផល ទេសចរណ៍ ចូលរួមទាក់ទាញ ចលនាទេសចរជាតិ-អន្តរជាតិបន្ថែម។
ដើម្បីជំរុញឱ្យការងារអនុវត្តអនុស្សរណៈ រវាងកម្ពុជា និងស្រីលង្កា ប្រព្រឹត្តទៅបានល្អ និងទទួលបានលទ្ធផលផ្លែផ្កា គាប់ប្រសើរ លោករដ្ឋមន្ត្រី ថោង ខុន បានស្នើឱ្យមានការជួបប្រជុំ ក្រុមការងារភាគីទាំង២ ក្នុងពេល ៣ ខែម្ដង ខណៈសំណើនេះ ក៏ទទួលបានការឯកភាព ពីលោកស្រី ឯកអគ្គរដ្ឋទូតស្រីលង្កា ផងដែរ៕/V