ដោយៈ សុ​ក្ខា​រិ​ន / ពោធិ៍សាត់​: មនុស្ស​ប្រុស​ស្រី ពីរ​នាក់ ត្រូវបាន​រន្ទះបាញ់​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង នៅពេល​ពួកគេ ចេញទៅ​ហៅ​ត្រាក់ទ័រ មក​ភ្ជួរ​ដីស្រែ ចំពេល​មេឃ​កំពុងតែ​ភ្លៀង ហើយ​ពួកគេ រត់​មក​ជ្រក​ក្រោម​ដើមឈើ ។​

​លោក​វរសេនីយ៍ឯក អ៊ុ​ល ហៃ អធិការនគរបាល​ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់ បានឱ្យដឹង នៅ​រសៀល​ថ្ងៃទី​១១ ឧសភា​នេះ​ថាៈ ហេតុការណ៍​គ្រោះថ្នាក់ ដោយ​ធម្មជាតិ​នេះ បានកើត​ឡើង នា​វេលា​ម៉ោង ៥​និង​៤៥​នាទី​ល្ងាច ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២២ ម្សិលមិញ​នេះ នៅ​ចំណុច​ព្រៃ​ឫស្សី វាលស្រែ ស្ថិតក្នុង​ភូមិ​ទួល​ទទឹង ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ ។​

​លោក​វរសេនីយ៍ឯក អ៊ុ​ល ហៃ បាន​ប្រាប់ឱ្យដឹង ថា ក្រោយពី​ទទួលបាន​ទទួល​ព័ត៌មាន ពី​លោក ជួប ថូ មេភូមិ​ទួល​ទទឹង តាមរយៈ​ទូរស័ព្ទ ដែល​បាន​រាយការណ៍​មក សមត្ថកិច្ច​នគ​បាល​ថា មាន​ករណី​គ្រោះថ្នាក់​ធម្មជាតិ ដោយ​រន្ទះបាញ់ បណ្តាលឱ្យ​មនុស្ស ពីរ​នាក់ ស្លាប់​ភ្លាមៗ​នោះ កម្លាំង​សមត្ថកិច្ច បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ​ដែរ​។​

​លោក​បាន​ឲ្យ​ដឹង​ទៀតថាៈ ជនរងគ្រោះ ស្លាប់​ដោយសារ​រន្ទះបាញ់​នេះ មានៈ ១. ឈ្មោះ ឈន ចាន់ ភេទ​ស្រី អាយុ ៥៥ ឆ្នាំ រស់នៅ​ភូមិ​ទួល​ទទឹង ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិសាត់ មានមុខ​របរ ជា​អនុ​ប្រធានភូមិ​ទួល​ទទឹង និង​២. ឈ្មោះ អេង លី ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ រស់នៅ​ភូមិ ឃុំ ស្រុក ជាមួយគ្នា មានមុខ​របរ ជា​កសិករ​។
​លោក​បានបញ្ជាក់​ពី​មូលហេតុ​ថាៈ ពួកគេ​ទាំងពីរ​នាក់ បាន​ដើរទៅ​ហៅ​អ្នកបើក​ត្រាក់ទ័រ មក​ភ្ជួរ​ដីស្រែ នៅពេល​មេឃ​កំពុង​ធ្លាក់ភ្លៀង ហើយ​បាន​រត់​មក​ជ្រក នៅក្រោម​ដើមឈើ ទើប​បណ្ដាល​ឲ្យ​រន្ទះបាញ់​ស្លាប់ ទាំងពីរ​នាក់​តែម្តង ។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច បាន​ចុះ​ទៅដល់ ត្រួតពិនិត្យ និង​ធ្វើ​កំណត់ហេតុ ប្រគល់​សព ជូន​គ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕/V​