ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
ទើស
កិរិយាសព្ទ
ប៉ះ, ទល់; លូកមិនចុះ
ចូរកាប់មែកឈើដែលទោរមកលើផ្លូវនេះចោលចេញទៅ កុំឲ្យទើសក្បាល, លើកទូចូលមិនរួច ព្រោះទើសនឹងទ្វារ ។ ទើសទាល់ ទើសផងទាល់ផងគឺទើសដំណើរទាល់ទំនងដោយស្គាល់យោគយល់គ្នាជាដើម : សូមអ្នកមានប្រសាសន៍មកចុះ កុំទើសទាល់អ្វី! គេលក់អីវ៉ាន់ឲ្យទាំងទើសទាល់ ។ ទើសទាស់ ទើសផងទាស់ផង,…។ ទើសមេឃ ព.ប្រ. លើកកម្ពស់ហួសពេក ។ ល ។
ធ្លាក់
កិរិយាសព្ទ
របូតពីលើជ្រុះចុះមកក្រោម
ធ្លាក់អីវ៉ាន់ពីលើរានហាល ។
របូតមាត់ចេញសំដីប្រាប់ការណ៍ពិត
សួរឈ្លេចទាល់តែធ្លាក់សំដីពិត។ ធ្លាក់ខ្លួន ចុះសិរីខូចយសស័ក្តិឬទ្រព្យសម្បត្តិ ។ ល ។
បណ្ដោះ
កិរិយាសព្ទ
នាំដោះចេញ, នាំឲ្យឃ្លាត ដោយលបលាក់
បណ្ដោះទ្រព្យ, បណ្ដោះអីវ៉ាន់, បណ្ដោះកូនឲ្យគេចចេញពីផ្ទះ ។
ប្រណែងប្រណោង
កិរិយាវិសេសន៍
រតែងរតោង, រយេងរយោង
រែកអីវ៉ាន់ប្រណែងប្រណោង ។
ផ្ញើ
កិរិយាសព្ទ
បញ្ចូនបញ្ញើពីទីមួយទៅកាន់ទីមួយទៀត
ផ្ញើសំបុត្រទៅបងប្អូននៅកំពង់ចាម, ផ្ញើអីវ៉ាន់តាមកប៉ាល់ ។
ដាក់ទុកឲ្យគេទទួលបញ្ញើដោយមានពាក្យផ្ដាំ ឬ សន្យាយ៉ាងណាៗ
ខ្ញុំសុំផ្ញើហិបនេះនៅផ្ទះអ្នកសិនដល់ថ្ងៃស្អែកខ្ញុំនឹងមកយក ។