ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​៖​សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​(IMF)​ទទួលបន្ទុក​ជំនួយ​បច្ចេកទេស​សម្រាប់​កម្ពុជា បានបង្ហាញ​នូវ​កោតសរសើរ​ពី​ការរីកចម្រើន​នៃ​វិស័យ​ធនាគារ​កម្ពុជា​។​

លោក ស៊ុំ ស​ន្និ​សិទ្ធ ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា បានទទួល​ជួប​ជាមួយ លោក Vassilli Prokopenko សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ទទួលបន្ទុក​ជំនួយ​បច្ចេកទេស​សម្រាប់​កម្ពុជា(រូបថតធនាគារជាតិ)

​លោក ស៊ុំ ស​ន្និ​សិទ្ធ ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា បានទទួល​ជួប​ជាមួយ លោក Vassilli Prokopenko សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ទទួលបន្ទុក​ជំនួយ​បច្ចេកទេស​សម្រាប់​កម្ពុជា​ដែល​បានមក​បំពេញ បេសកកម្ម​នៅ​កម្ពុជា ក្នុង​គោលបំណង​ណែនាំ​ជំនាញការ​ថ្មី របស់ IMF អម​ធនាគារជាតិ​នៃ​កម្ពុជា​និង​ពិភាក្សា​ពី​កិច្ច​សហ ប្រតិបត្តិការ​រវាង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​និង​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​និង​ការផ្តល់​ជំនួយ​បច្ចេកទេស​ដើម្បី​បន្ត​គាំទ្រ​ការអភិវឌ្ឍ​វិស័យ​ធនាគារ​នៅ​កម្ពុជា​។​

​ក្នុងជំនួប​កាលពី​ថ្ងៃទី ១០ ខែឧសភា លោក Vassilli Prokopenko តាងនាម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​លោក​បាន​សម្តែង ការគាំទ្រ​ដល់​ធនាគារជាតិ​នៃ​កម្ពុជា ជាពិសេស​បាន​ថ្លែង​កោតសរសើរ​ពី​ការរីកចម្រើន​នៃ​វិស័យ​ធនាគារ​កម្ពុជា ភាពរឹងមាំ​និង​តួនាទី​យ៉ាងសំខាន់​ក្នុងការ​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច​និង​កាត់បន្ថយ​ផលប៉ះពាល់​ពី​វិបត្តិ​កូ​វីដ​-១៩ និង​ទស្សនវិស័យ​វិជ្ជមាន​មកលើ​សេដ្ឋកិច្ចកម្ពុជា​។ លោក​ជឿជាក់ថា លោក Jérôme SCHMIDT នឹង​បន្ត​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យ​ធនាគារ​នៅ​កម្ពុជា​។​

​លោក Jérôme SCHMIDT បច្ចុប្បន្ន​ជា​ជំនាញការ​ត្រួតពិនិត្យ​នៃ​ធនាគារកណ្តាល​បារាំង នឹង​មក​បំពេញបេសកកម្ម​ជាទី​ប្រឹក្សា​របស់ IMF អម​ធនាគារជាតិ​នៃ​កម្ពុជា ចាប់ពី​ខែកញ្ញា ឆ្នាំ​២០២២​បន្ត​ពី​លោក Didier DEBALS បច្ចុប្បន្ន​បំពេញបេសកកម្ម​ជាទី​ប្រឹក្សា​របស់ IMF អម​ធនាគារជាតិ​នៃ​កម្ពុជា ដែល​នឹង​បញ្ចប់​បេសកកម្ម​និង​ត្រឡប់​ទៅ​បំពេញ​មុខងារ​ជា​ជំនាញការ​ត្រួតពិនិត្យ​នៃ​ធនាគារកណ្តាល​បារាំង​វិញ​។​

​ក្នុងឱកាស​នេះ​លោក​ទេសាភិបាលរង បាន​ថ្លែងអំណរគុណ​ដល់ IMF ដែល​តែងតែបាន​ជួយ​គាំទ្រ​និង​ផ្តល់ជំនួយ​បច្ចេកទេស​ទាំង​រយៈពេល​ខ្លី​និង​វែង ដល់​ធនាគារជាតិ​នៃ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩៤ មក ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​ការអភិវឌ្ឍ​វិស័យ​ធនាគារ​កម្ពុជា​ឱ្យមាន​ការរីកចម្រើន​និង​រឹងមាំ​នាពេល​បច្ចុប្បន្ន​។ ឯកឧត្តម ទេសាភិបាលរង ក៏បាន​ថ្លែងអំណរគុណ​ដល់​ធនាគា​រ​កណ្តាល​បារាំង ដែល​បានផ្តល់​ជំនាញការ​ប្រកបដោយ​ស​ម​ត្ថ​ភាព​ខ្ពស់ និង​ការគាំទ្រ​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន ចំពោះ​វត្តមាន​ជំនាញការ​អម​ធនាគារជាតិ​នៃ​កម្ពុជា​៕​សរន​

លោក ស៊ុំ ស​ន្និ​សិទ្ធ ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា បានទទួល​ជួប​ជាមួយ លោក Vassilli Prokopenko សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ទទួលបន្ទុក​ជំនួយ​បច្ចេកទេស​សម្រាប់​កម្ពុជា(រូបថតធនាគារជាតិ)