ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី១១ ខែឧសភាឆ្នាំ២០២២ ម្សិលមិញនេះ លោកបណ្ឌិត ថោង ខុន​ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាកីឡា SEAGAMES លោក ប៊ូ ជុំសេរី និងលោក សុខ សប្បាយណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងមន្តី្ររបស់មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឹនកីឡា បានដឹកនាំក្រុមកីឡាករ កីឡាការិនីកម្ពុជា ចំនួនជាង ១៣០ នាក់ ចេញទៅចូលរួម ព្រឹត្តិការណ៍​ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហូណាយ ប្រទេសវៀតណាម ដោយធ្វើដំណើរ តាមជើងយន្តហោះពិសេស (Charter Flight) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

សម្រាប់ការចេញដំណើរជើងទី៣ នេះ រួមមាន​ កីឡាបាល់ទះក្នុងសាល កីឡាវាយកូនឃ្លីលើតុ កីឡាវាយកូន​បាល់ កីឡាសីដក់ កីឡាគុនដាវ កីឡាបាល់បោះបុរស-នារី កីឡាវូស៊ី ហែលទឹក និងជីជិតស៊ូ ព្រមទំាងគណៈ​ប្រតិភូ គ្រូបង្វឹក ១៣៦ នាក់។

ប្រមុខអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា: គិតមកដល់ពេលនេះ កម្ពុជា កំពុងបានមេដាយប្រាក់ ៤ គ្រឿង ក្នុងដៃហើយ ដោយសារប្រភេទកីឡាឃីកបុកស៊ីងរបស់យើង បានឡើងវគ្គផ្តាច់ព្រ័ត្រ ពីមុនកីឡាឃីកបុកស៊ីង មានការខ្សោយ ប៉ុន្តែការប្រកួត SEA GAMES លើកនេះ យើងខ្លាំង អាចឡើងដណ្តើមមេដាយ ជាមួយកីឡាករ ប្រទេសជិតបាន។ នេះជាការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ក្នុងការធ្វើដំណើរ​របស់ក្រុមកីឡាករ កីឡាការិនី ទំាងងាយស្រួល សម្រាប់ការស្នាក់នៅ ហើយតាមគោលការណ៍ម្ចាស់ផ្ទះ ឲ្យចេញ​ទៅ ២ ថ្ងៃ មុនប៉ុណ្ណោះ។

លោកបានបន្តថា: មុនកម្មវិធីបើកការប្រកួតជាផ្លូវការ លោក នឹងអញ្ជើញចូលរួមប្រជុំ ក្រុមប្រឹក្សាកីឡា SEA GAMES ក្នុងនាមសហប្រធាន ដោយសារតែប្រទេសវៀតណាម ពន្យារពេលការប្រកួត ហើយបើប្រជុំនៅកម្ពុជា ប្រទេសកម្ពុជា ជាប្រធានវិញ ចំណែកការប្រជុំដើម្បីពិនិត្យលើកំណត់ហេតុ ដែលយើងបានប្រជុំនៅខេត្ត​សៀម​រាប កាលពីលើកមុន ឲ្យច្បាស់លាស់ ។ យើងបានសម្រេចម្តងហើយ គឺ ៤០ ប្រភេទកីឡា នៃព្រឹត្តិការណ៍ការ​ប្រកួត​កីឡា SEA GAMES 2023 លើកទី៣២ នៅកម្ពុជា៕/V