ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់នៅស៊ីហ្គេម ថ្ងៃទី១១ ឧសភា ក្រុមយុវជនអាយុ​ក្រោម ២៣ ឆ្នាំ របស់កម្ពុជា លេងចាញ់ក្រុមសឹង្ហបូរី ០ទល់១ ទាំងមិនអស់ចិត្ត ។

ការប្រកួតនេះ កម្ពុជា ពិតជាមានឱកាសច្រើន តែក្រុមកម្ពុជា គ្មានសំណាង ដើម្បីប្រជែងបានជ័យជំនះ ។ សឹង្ហបូរី រកបានមួយគ្រាប់ នៅនាទី៣៦ ដោយការប្រើក្បាល បញ្ជូនបាល់ បញ្ចូលទីកម្ពុជា របស់កីឡាករ Saifullah Akbar ។ ទោះបីជាយ៉ាងនេះក៏ដោយ ក៏ក្រុមកម្ពុជា នៅមិនទាន់អស់សង្ឃឹមនោះទេ គេនៅតែប្រឹងវាយ​សម្រុកទៅលើគូប្រកួត ព្រមទាំងមានឱកាសទាត់បាល់បញ្ចូលទី គូប្រកួតទៀតផង តែបាល់តែងតែរត់ ខុសគោល​ដៅ​ទៅបុកបង្គោលទី ទាំងនៅតង់ទី១ និងតង់ទី២ ។ ទីបំផុត ចប់ការប្រកួត កម្ពុជា ចាញ់សឹង្ហបូរី ០ទល់១ ។ នេះជា​ការប្រកួតទី២ របស់កម្ពុជា ដែលការប្រកួតទី១ កម្ពុជាឈ្នះឡាវ ៤ទល់១ ។

ពេលនេះ ២ប្រកួត កម្ពុជាឈ្នះមួយប្រកួត ចាញ់មួយប្រកួត មាន ៣ ពិន្ទុក្នុងដៃ ។ ចំពោះសឹង្ហបូរី ទើបតែលេង​បានមួយប្រកួត បានទទួលជ័យជំនះ ដោយមាន ៣ពិន្ទុក្នុងដៃ ។ លទ្ធផលនេះ ធ្វើឲ្យក្រុមកម្ពុជា ធ្លាក់មកនៅ​ចំណាត់ថ្នាក់លេខ៣ វិញ ។

គ្រូបង្វឹកកម្ពុជា លោក Ryu Hirose បាននិយាយ ក្រោយបញ្ចប់ការប្រកួតថា: នេះជាការប្រកួតដ៏លំបាកមួយ។ យើងបាត់បង់ឱកាស ល្អៗជាច្រើន ហេតុនេះ ទើបយើងបានទទួលលទ្ធផលក្រៀមក្រំបែបនេះ ។ ការប្រកួតដែល​កីឡាករ គ្មានទំនាក់ទំនងគ្នា មិនសូវល្អបែបនេះហើយ ទើបការបញ្ជូនបាល់ឲ្យគ្នា ក៏មិនសូវបានល្អ ដែលនេះជា​ចំណុច ដែលក្រុមទាំងមូល ត្រូវតែកែតម្រូវឡើងវិ ញ ។ លោកបានបន្តថា: ក្រុមទាំងមូល នឹងមានភាពចាស់ទុំ ជាងមុន នៅក្នុងការប្រកួតក្រោយៗទៀត ។

គ្រូបង្វឹកក្រុមសឹង្ហបូរី Nazri Nasir បាននិយាយបែបចំអកថា: យើងមិនចុះចាញ់ទេ យើងមានសំណាងបន្តិច ។ យើងបានផ្ដោតអារម្មណ៍ រយៈពេល ៩០ នាទី ដោយក្រុមទាំងមូល ធ្វើតាមបច្ចេកទេសបានល្អ ។ យើងរៀនលេង​ឲ្យបានកាន់តែល្អ យើងសក្តិសមនឹងឈ្នះណាស់ ។

អតីតវីរបុរសបាល់ទាត់កម្ពុជា លោក ប៉ែន ផាត បានសរសេរនៅក្នុងហ្វេប៊ុកផ្ទាល់របស់លោកថា: ” ខ្ញុំមានការ​សោកស្ដាយជាខ្លាំង នៅថ្ងៃនេះ តង់ទីមួយ ក្រុមគោព្រៃរបស់យើង មានឱកាសជាច្រើនដង នៅមុខទីគេ តែយើងមានអាត្មានិយម ស៊ុតៗច្រើន. . .។ ត្រូវតែកែគំនិត អាត្មានិយមឱ្យបាន សុំទោសណា​ ” ៕/V