​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ សហរដ្ឋ​អាម៉េរិក​និង​ចិន​បាន​ប្រកាន់​ជំហរ​ផ្ទុយគ្នា​នៅ​ឯ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ពុធ ទី​១១​ឧសភា​ស្តីពី​វិធី​កាត់បន្ថយ​ភាព​តានតឹង​​ជាមួយ​កូរ៉េ​ខាងជើង ដោយ​ទីក្រុង​វ៉ាស៊ីនតោន​ជំរុញ​ដាក់ទណ្ឌកម្ម​បន្ថែមទៀត​ប្រឆាំង​នឹង​ទីក្រុង​ព្យុង​យ៉ាង ខណៈ​ទីក្រុង​ប៉េកាំង​អំពាវនាវ​ឱ្យមាន​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​។​

​កិច្ចប្រជុំ​បន្ទាន់​នៃ​ស្ថាប័ន​ដែល​ទទួលបន្ទុក​ខាង​សន្តិភាព​និង​សន្តិសុខ​ពិភពលោក​នេះ​បាន​កើតឡើង​ចំពេល​មាន​ការបារម្ភ​ថា​កូរ៉េ​ខាងជើង​នឹង​បន្ត​ការសាកល្បង​នុយក្លេអ៊ែរ​ឡើងវិញ​នៅ​ប៉ុន្មាន​សប្តាហ៍​​ខាងមុខនេះ​។​

​ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​លោកស្រី លីន​ដា ថូ​ម៉ាស​-​ហ្គ្រី​ន​ហ្វៀ​ល បាន​និយាយថា “​វា​ដល់​ពេល​ហើយ​ដើម្បី​បញ្ឈប់​ការផ្តល់​ការអនុញ្ញាត​ស្ងាត់ៗ​ហើយ​ចាប់ផ្តើម​ធ្វើ​សកម្មភាព​។ យើង​ត្រូវ​ងាក​ទៅ​ពង្រឹង​របប​ទណ្ឌកម្ម​ឱ្យបាន​ឆាប់រហ័ស មិនមែន​ពិចារណា​អំពី​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​នោះទេ​”​។​

​លោកស្រី​លីន​ដា ថូ​ម៉ា​សបាន​ច្រាន​ចោល​សេចក្តីព្រាង​នៃ​សេចក្តីសម្រេច​ចិត្ត​ពី​ចិន​និង​រុស្ស៊ី ដែល​មាន​បំណង​បន្ធូរបន្ថយ​ទណ្ឌកម្ម​ដែល​បាន​ដាក់​ក្នុង​ឆ្នាំ ២០១៧​។​

​ផ្ទុយទៅវិញ លោកស្រី​បាន​និយាយថា ពួកគេ​ធ្វើ​ជិត​រួចរាល់​នូវ​ការចរចា​លើ​អត្ថបទ​ដាច់ដោយឡែក​មួយ​របស់​សហរដ្ឋ​អាម៉េរិក ដែល​ធ្វើ​បច្ចុប្បន្នភាព​ការដាក់ទណ្ឌកម្ម​។​

​លោកស្រី​បាន​និយាយថា “​យើង​មិនអាច​រង់ចាំ​រហូតដល់​កូរ៉េខាងជើង​ធ្វើ​សកម្មភាព​បង្កហេតុ ខុសច្បាប់ និង​គ្រោះថ្នាក់​ដូច​ជា​ការសាកល្បង​នុយក្លេអ៊ែរ​នោះទេ​។ យើង​ត្រូវ​និយាយ​ឥឡូវ​នេះ​”​។​

​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក ចាង ជុន (Zhang Jun)​បាន​ហៅ​លទ្ធភាព​នៃ​ការកើនឡើង​ភាព​តានតឹង​ថា “​គួរឱ្យ​ព្រួយបារម្ភ​” ហើយ​បាន​អំពាវនាវ​ឱ្យ​មាន “​ការអត់ធ្មត់​” ដោយ​បន្ថែម​ថា ការ​រឹតបន្តឹង​ទណ្ឌកម្ម​នៅក្នុង​បរិយាកាស​នៃ​ការ​មិន​ជឿ​ទុកចិត្ត​គ្នា​គឺ “​មិន​មាន​លក្ខណៈ​ស្ថាបនា​ទេ​”​។​

​លោក​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP បន្ទាប់ពី​កិច្ចប្រជុំ​ថា “​អ្វី​ដែល​ចិន​ចង់​ចៀសវាង​គឺ​ការសាកល្បង​នុយក្លេអ៊ែរ​ថ្មី​។​ដូច្នេះហើយ​បានជា​យើង​មិន​ចង់​មាន​ទណ្ឌកម្ម​បន្ថែម​ដែល​អាច​នឹង​​បង្ខំ​ភាគី​មួយ​ទៀត​ឱ្យ​ចាត់វិធានការ​សកម្ម​ជាង​នេះ​”​។​

“​ការចរចា​គឺ​ប្រសើរ​ជាង​វិធានការ​បង្ខិតបង្ខំ​។ យើង​បានឃើញ​វិធានការ​បង្ខិតបង្ខំ​ជាច្រើន​នៅក្នុង​ពិភពលោក នៅក្នុង​ប្រទេស​ស៊ី​រី នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​អា​ហ្វ​ហ្គានី​ស្ថាន​។​តើ​អ្នក​បាន​ឃើញ​​លទ្ធផល​ល្អ​ឬទេ​? អ្វី​ដែល​យើង​បានឃើញ​គឺ​មានតែ​ការ​រងគ្រោះ​ផ្នែក​មនុស្សធម៌​ប៉ុណ្ណោះ​”​។​

​ឯកអគ្គរដ្ឋទូត​រង​របស់​រុស្ស៊ី​លោកស្រី អាន​ណា យ៉េវ​ស្ទីក​នីវ៉ា (Anna Yevstigneeva) ក៏​បាន​តស៊ូ​មតិ​ចំពោះ​សេចក្តីសម្រេចចិត្ត ដែល​ស្នើ​ឡើង​ជាមួយ​ចិន​ផង​ដែរ​និង​បាន​អំពាវនាវ​ឱ្យ​បន្ត​ការ​ស​ន្ទ​​នា​ឡើងវិញ​៕

​កិច្ចប្រជុំ​បន្ទាន់​នៃ​ស្ថាប័ន​ដែល​ទទួលបន្ទុក​ខាង​សន្តិភាព​និង​សន្តិសុខ​ពិភពលោក​នេះ​បាន​កើតឡើង​ចំពេល​មាន​ការបារម្ភ​ថា​កូរ៉េ​ខាងជើង​នឹង​បន្ត​ការសាកល្បង​នុយក្លេអ៊ែរ​ឡើងវិញ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ