ដោយ៖តារារិទ្ធ(ភ្នំពេញ)ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសា សន៍ថា៖ លោក ជូ បៃឌិន ប្រធានាធិបតី សហរដ្ឋអាមេរិកអាចនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងឆ្នាំ ២០២២ នេះ ។ សម្តេចបានបញ្ជាក់ថាចុងឆ្នាំនេះកម្ពុជាធ្វើជាប្រធានអាស៊ាននិងមានជំនួបកំពូល អាស៊ានអាមេរិកធម្មតាឆ្នាំនេះខួបលើកទី ៤៥ ជាជំនួបប្រជុំពិសេស។ សម្តេចបន្តថាឆ្នាំនេះអាចជាលទ្ធភាពដែលប្រធានាធិបតី ជូ បៃឌិន ទៅកម្ពុជា ព្រោះពីមុនលោក បារ៉ាក់ អូប៉ាម៉ា អតីតប្រធានាធិបតីអាមេរិកក៏ទៅកម្ពុជាម្ដងហើយក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០១២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

សម្តេចតេជោបានថ្លែងឲ្យដឹងបែបនេះក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ-អាមេរិកកាំងនិងខ្មែរ-កាណាដាដែលបានធ្វើដំណើរមកពីបណ្តា រដ្ឋផ្សេងៗដើម្បីជួបសម្តេចនិងស្វាគមន៍សម្តេចក្នុងឋានៈជាជនរួមជាតិ,ជាឈាមខ្មែរដូចគ្នាដែលមានការនឹករលឹកគ្នាដូចជាបងប្អូនដោយបានបង្ហាញការគោរពស្រឡាញ់ ដ៏ជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅល្ងាចថ្ងៃទី១១ខែឧសភាឆ្នាំ២០២២នៅសណ្ឋាគារ Willard Intercontinental Hotel, Washington DC, សហរដ្ឋអាមេរិក(ដែលត្រូវនឹងម៉ោង៤៖៣០ទាបភ្លឺថ្ងៃទី ១២ ខែឧសភាម៉ោងនៅកម្ពុជា) ។

នៅក្នុងជំនួបដ៏មានសារៈសំខាន់នេះសម្តេចតេជោ ហ៊ុន សែន បានជម្រាបជូនបងប្អូនជនរួមជាតិអំពីសភាពការណ៍កម្ពុជាពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច ការប្រយុទ្ធប្រឆាំងកូវីដ ១៩ និង បញ្ហានៃដំណើរមកកាន់សហរដ្ឋអាមេរិក ៕