ដោយ​: សុខុម / ស្ទឹងត្រែង​: មន្ទីរ​កសិកម្ម ក៏ដូចជា​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី ១១ ខែឧសភា ឆ្នាំ​២០២២ បាន​ជួប​កសិករ ជាង ១៥០ នាក់ នៅ​មន្ទីរ​កសិកម្ម​ខេត្ត បាន​ណែនាំ ក្នុង​ការដាំ​ដំណាំ​ដំឡូង​មី តាម​បច្ចេក ទេស​ថ្មី ដែល​គ្មាន​ជំងឺ បង្កើនបាន​ទិន្នផល​ខ្ពស់ ជួយ​ដល់​សេដ្ឋកិច្ច​គ្រួសារ ឲ្យ​កាន់តែ​ប្រសើរឡើង​។​

​ការណែនាំ​នេះ បន្ទាប់ពី​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ ម្ចាស់ជំនួយ​គឺ​លោកស្រី Amber Cernovs លេខា​ទី​១ អម​ស្ថាន ទូត​អូស្ត្រាលី ប្រចាំ​ប្រទេស​កម្ពុជា និង​ជា​តំណាង​របស់​ឯកអគ្គរាជទូត​អូស្ត្រាលី ដែល​បាន​អញ្ជើញ មកកាន់​ខេត្តស្ទឹងត្រែង ដើម្បី​ជួប​ជាមួយ​កសិករ គឺ​មក ប្រគល់​ផ្ទះ​សំណាញ់ សម្រាប់​ពង្រីក​ពូជ​ដំឡូង​មី ឆាប់រហ័ស និង​គ្មាន​ជំងឺ​។ ក្នុងនោះ ក៏មាន​ការអញ្ជើញ​ចូលរួម​ផងដែរ ពី​លោក ស្វាយ សំ​អៀង អភិបាល​នៃ គណ​:​អភិបាលខេត្ត តំណាង​ក្រុមហ៊ុន ។​

​លោក ទុំ នី​រ៉ូ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អាន​របាយ ការណ៍ អំពី​សក្តានុពល នៃ​ផលិតកម្ម​ដំឡូង​មី ពូជ បញ្ហា​ប្រឈម​ទីផ្សារ និង​ការ​សាក​ពិសោធន៍ ពូជ​ដំឡូង​មី ដែល​កំពុងដំណើរការ​។​

​លោក​បាន​ឲ្យ​ដឹងថាៈ គម្រោង​ផ្ទះ​សំណាញ់ ត្រូវបាន​គាំទ្រ ដោយ​មូលនិធិ រដ្ឋាភិបាល​អូស្ត្រាលី តាមរយៈ​កម្មវិធី​ខ្សែសង្វាក់​តម្លៃ​កសិកម្ម កម្ពុជា​-​អូស្ត្រាលី អនុវត្ត​ដោយ​ក្រុមហ៊ុន ខាត​ណ្ហ អ៊ី​មើ​ជី​ង ម៉ា​ឃី​ត ហៅ​កាត់​ថា CAVAC II ។ ផ្ទះ​សំណាញ់ និង​ពូជ​ដំឡូង​មីនេះ គឺ​ទទួលបាន​ការគាំទ្រ បច្ចេកទេស ពី​មជ្ឈមណ្ឌល​អន្តរជាតិ សម្រាប់​កសិកម្ម តំបន់​ត្រូ​ពិ​ក ហៅ​កាត់​ថា CIAT ។ ប្រភេទ​ពូជ KU50 គឺជា​ពូជ​ស្អាត គ្មាន​ជំងឺ ដោយ​នាំចូល​មកពី​មជ្ឈមណ្ឌល ស្រាវជ្រាវ​ពូជ​ដំណាំ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ​។​

​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តស្ទឹងត្រែង បានបញ្ជាក់​ថាៈ កាលពី ១០ ឆ្នាំមុន មាន​ការដាំដុះ​ដំណាំ​ដំឡូង​មី បន្តិចបន្តួច​ប៉ុណ្ណោះ គឺ​ប្រមាណ ជាង ៣៨២ ហិកតា នៅក្នុង​ឆ្នាំ ២០០៦ ប៉ុន្តែ​បន្ត​កើនឡើង ចំនួន ១.៦៥៧ ហិកតា នៅ​ឆ្នាំ​២០០៩​។ ក្រោយមក ផ្ទៃដី​ដាំ​ដុះ ដំណាំ​នេះ មានការ​កើនឡើង ជា​បន្តបន្ទាប់ នៅក្នុង​ឆ្នាំ ២០១៥ មាន​ផ្ទៃដី​ដាំ​ដុះ ចំនួន ១៤.៤១៨ ហិកតា និង​ក្នុង​ឆ្នាំ​២០២១ កើនឡើង​រហូតដល់ ២០.២១៤ ហិកតា (​ទិន្នផល​ទទួលបាន ប្រមាណ ៤០ ម៉ឺន​តោន ក្នុង​ឆ្នាំ​២០២១ កន្លងមកនេះ ដែល​ទិន្នផល​នេះ គឺ​សល់​ពី ការបំផ្លាញ​ពី​ជំងឺ ម៉ូ​សា​អ៊ិ​ក​)​។ ផល​ដំឡូង​មី ដែល​ប្រជាកសិករ នៅ​ខេត្តស្ទឹងត្រែង ផលិត​បាន​ទាំង​ដំឡូង​មី​ស្ងួត និង​ដំឡូង​មី​ស្រស់ គឺ​ត្រូវបាន​ឈ្មួញកណ្ដាល ប្រមូល​ទិញ នាំ​ចេញទៅ​លក់​បន្ត នៅ​ប្រទេស​វៀតណាម​៕/V​-PC