ដោយៈ សុខុម / ព្រះ​វិហារៈ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ បាន​ឃាត់ខ្លួន​ជនសង្ស័យ ម្នាក់ ករណី​សម្លាប់​យុវជន អ្នកដើរ​ទិញ​អេតចាយ បាន​ហើយ កាលពី​រសៀល ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២២ បន្ទាប់ពី​ជនសង្ស័យ រត់គេចខ្លួន​បាន​បី​ថ្ងៃ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ កាលពី​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២២ មាន​ករណី ឃាតកម្ម​មួយ បានកើត​ឡើង ស្ថិតក្នុង​ភូមិ​មហាផល ឃុំ​ឈានមុខ ស្រុក​ត្បែង មានជ័យ ខេត្តព្រះវិហារ ។ ក្រោយពី​កើតហេតុ​នេះ កម្លាំង​អាវុធហត្ថ បាន​ចុះ​ស្រាវជ្រាវ ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ មុំ ថា អាយុ ៣០ ឆ្នាំ រស់នៅ​ភូមិ​មហាផល ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ​។ ជនសង្ស័យ បាន​ប្រើ​កាំបិត កាប់សម្លាប់​ឈ្មោះ ទុយ ទឺ អាយុ ២៣ ឆ្នាំ រស់នៅ​ភូមិ​ស្លាករ ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង ខេត្តកំពង់ធំ ដែល​បានមក ស្នាក់នៅ ខេត្តព្រះវិហារ ប្រក​បរបរ ជា​អ្នកដើរ​ទិញ​អេតចាយ ។ ការឃាត់ខ្លួន​នេះ គឺ​រយៈពេល ៣ ថ្ងៃ ក្រោយ​កើតហេតុ​។​

​សមត្ថកិច្ច​កងរាជអាវុធហត្ថ បាន​ឃាត់ខ្លួន​ជនសង្ស័យ នៅ​ចំណុច​វាលស្រែ ជិត​ជើងភ្នំ​ត្បែង​មាន ជ័យ ស្ថិតក្នុង​ភូមិ​មហាផល ឃុំ​ឈានមុខ ស្រុក​ត្បែង មានជ័យ ខេត្តព្រះវិហារ ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ កាលពី​ថ្ងៃកើតហេតុ ជនសង្ស័យ​ធ្វើ​សកម្មភាព កាប់សម្លាប់​ជន​រង គ្រោះ ចំនួន ៥ កាំបិត​ខ្វែវ រួច​គេចខ្លួន ទៅ​លាក់ខ្លួន​នៅ​ជើងភ្នំ ។ ជនសង្ស័យ និង​ជនរងគ្រោះ ពុំដែល​ស្គាល់គ្នា​ទេ ពីមុនមក​។ នៅ​ថ្ងៃកើតហេតុ ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​អូស​រ៉ឺម៉ក ដឹក​អេតចាយ តាមផ្លូវ​ជាតិ​លេខ​៦២ ស្ថិតក្នុង​ភូមិ​ឃុំ​កើតហេតុ​។ លុះដល់​មុខផ្ទះ​ជនសង្ស័យ ដោយសារ​អាកាស ធាតុ​ក្តៅ​ពេក ក៏បាន​ឈប់​ម៉ូតូ អង្គុយ​ហូប​ចំណី ក៏​ស្រាប់តែ​ជនសង្ស័យ បាញ់​ចម្ពាមកៅស៊ូ សំដៅ​មក​ជនរងគ្រោះ តែ​មិនត្រូវ​។ ពេលនោះ ជនរងគ្រោះ ក៏​មិន​ចាប់អារម្មណ៍ បាន​មួយ​ភ្លែត ក្រោយមក ក៏​ស្រាប់តែ​ឃើញ​ជនសង្ស័យ កាន់កាប់​បិត​ខ្វែវ ទៅ​កាប់​លើ​ជនរងគ្រោះ​។ ពេលនោះ ជនរងគ្រោះ ក៏​យកដៃ​រង ហើយ​រត់​ហៅ​គេ​ឱ្យជួយ តែ​ជនសង្ស័យ នៅតែ​បន្ត​រត់តាម កាប់សម្លាប់​ជន រងគ្រោះ ចំនួន ៥ កាំបិត រហូតដល់​ស្លាប់​។

​ជនសង្ស័យ ជា​មនុស្ស​សរសៃប្រសាទ នឹង​ប្រើប្រាស់​ថ្នាំ​សរសៃប្រសាទ ជាប្រចាំ​ផងដែរ​។ ជនសង្ស័យ ត្រូវបាន​បញ្ជូនមក​ប​ញ្ជា​ការដ្ឋាន អាវុធហត្ថ ខេត្តព្រះវិហារ ដើម្បី​សាកសួរ និង​ចាត់ការ តាមផ្លូវ​ច្បាប់ ៕/V​-PC