ដោយៈ សុផល / វ៉ាស៊ិនតោន៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានព្រមព្រៀងគ្នា ជាមួយនាយករដ្ឋមន្ត្រីវៀតណាម ក្នុងការបើកទេសចរណ៍ផ្លូវគោក និងផ្លូវអាកាស ជាមួយគ្នាឡើងវិញ និងបានណែនាំឱ្យ រដ្ឋមន្ត្រីទេសចរណ៍ នៃប្រទេសទាំងពីរ ពិភាក្សាគ្នាឱ្យបានច្បាស់លាស់ ជុំវិញល័ក្ខខ័ណ្ឌ នៃការធ្វើដំណើរនេះ។
ចំណុចនេះ ត្រូវបានលើកឡើង ក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន ជួបសំណេះ សំណាល ជាមួយប្រជាជនខ្មែរអាមេរិក និងខ្មែរកាណាដា នៅរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក នាព្រលឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ម៉ោងនៅកម្ពុជា ខណៈនៅសហរដ្ឋអាមេរិក ចំពេលព្រលប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថាៈ សម្ដេចទើបតែបានព្រមព្រៀង ជាមួយ នាយករដ្ឋមន្ត្រីវៀតណាម លើការបើកទេសចរណ៍ផ្លូវគោក និងផ្លូវអាកាសឡើងវិញ បន្ទាប់ពីផ្អាកដោយសារការរាតត្បាតជំងឺកូវីដ ១៩ ខណៈកម្ពុជា ក៏បានសម្រួលល័ក្ខខ័ណ្ឌ មួយចំនួន ប្រកបដោយភាពងាយស្រួល សុវត្ថិភាព ផ្ដល់ភាពកក់ក្ដៅ សម្រាប់ភ្ញៀវទេសចរ បរទេស ផងដែរ។
គួរជម្រាបថា កម្ពុជា-វៀតណាម បានផ្អាកសកម្មភាពទេសចរណ៍ ជាមួយគ្នា តាំងពីការរាតត្បាត ជំងឹកូវីដ ១៩ នៅប្រទេសទាំងពីរ មានការរីករាលដាលខ្លាំង ជាហេតុនាំឱ្យប្រទេសវៀតណាម ប្រកាសផ្អាកការធ្វើដំណើរ របស់ភ្ញៀវទេសចរបរទេស ចូលក្នុងប្រទេសខ្លួន។ មកទល់ពេលនេះ កម្ពុជា បាននិងកំពុងអនុវត្តយន្តការ ទាក់ទាញភ្ញៀវទេសចរ ចាក់វ៉ាក់សាំង បន្ទាប់ពីប្រកាសបើក ប្រទេសឡើងវិញ កាលពីចុងឆ្នាំ២០២១។ ក្រសួងទេសចរណ៍កម្ពុជា ក៏កំពុងផ្សព្វផ្សាយពី «កម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព និងផ្ដល់ភាពកក់ក្ដៅ» ផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ជនរួមជាតិខ្មែរ នៅឯនាយសមុទ្របន្តទៀតថាៈ បច្ចុប្បន្ននេះ ប្រសិនបើប្រជាជនខ្មែរ នៅបរទេស ឬក៏ជនជាតិបរទេស ចង់ទៅប្រទេសកម្ពុជា ទី១ មិនតម្រូវឱ្យធ្វើតេស្ត PCR រយៈពេល ៧២ ម៉ោងមុននោះទេ។ ទី២ សម្រាប់អ្នកចាក់វ៉ាក់សាំង ពេញលេញ គឺមិនតម្រូវឱ្យធ្វើតេស្តរហ័ស ឬតេស្ត PCR ឡើយ នៅពេលទៅដល់ប្រទេសកម្ពុជា ដោយគ្រាន់តែបង្ហាញកាតចាក់វ៉ាក់សាំង ទៅបានហើយ។ ទី៣ សម្រាប់អ្នកមិនទាន់ចាក់វ៉ាក់សាំង គឺតម្រូវឱ្យធ្វើចត្តាឡីស័ក ត្រឹមតែ ៧ ថ្ងៃប៉ុណ្ណោះ។
សម្ដេចតេជោ ថែមទាំងបានណែនាំ ទៅកាន់រដ្ឋមន្ត្រីទេសចរណ៍ នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ត្រូវពិភាក្សាអំពី ល័ក្ខខ័ណ្ឌឆ្លងកាត់ចេញចូល ឱ្យបានច្បាស់លាស់ ពិសេសគឺ ត្រូវដឹងថា ប្រសិនបើអ្នកដំណើរ ចេញពីកម្ពុជា ចូលវៀតណាម តើខាងវៀតណាម តម្រូវល័ក្ខខ័ណ្ឌអ្វីខ្លះ? តើត្រូវការតេស្ត PCR រយៈពេល ៧២ ម៉ោងមុនទេ? នៅពេលទៅដល់វៀតណាម តម្រូវឱ្យធ្វើចត្តាឡីស័កទេ? ប្រសិនបើធ្វើ តើធ្វើប៉ុន្មានថ្ងៃ? នៅពេលទៅដល់វៀតណាម តម្រូវឱ្យធ្វើតេស្តរហ័ស ឬតេស្ត PCR ដែរទេ? ដែលទាំងនេះ ជាចំណុចសំខាន់ ចំពោះការបើកទេសចរណ៍ឡើងវិញ។
សម្ដេចតេជោ បានបន្តទៀតថាៈ ទោះបីល័ក្ខខ័ណ្ឌខាងភាគីវៀតណាម តឹងរឹង ដែលប្រជាជនកម្ពុជា មិនសូវចេញទៅវៀតណាម ប៉ុន្តែភ្ញៀវទេសចរ ខាងវៀតណាម នឹងចូលមកកម្ពុជាដែរ ហើយកម្ពុជា នឹងទទួលបានភ្ញៀវទេសចរបរទេស បន្ថែមទៀត។
គួរជម្រាបថា កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ កម្ពុជា ក៏បានបើកច្រកព្រំដែនគោក ជាមួយប្រទេសថៃ ឡើងវិញផងដែរ ដើម្បីសម្រួលឱ្យប្រជាជន និងភ្ញៀវទេសចរ អាចធ្វើដំណើរឆ្លងកាត់ ទៅមកបាន ដោយភ្ជាប់ជាមួយល័ក្ខខ័ណ្ឌខ្លះៗ ដែលភាគីថៃ តម្រូវឱ្យអនុវត្ត៕/V