ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន គណៈបញ្ជាការ​ឯកភាព រាជធានី​ភ្នំពេញ បាន​ណែនាំ​ឱ្យ​ប្រធាន គណៈបញ្ជាការ​ឯកភាព ខណ្ឌ​ទាំង​១៤ និង​កងកំលាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ឱ្យបាន​ខ្ពស់បំផុត ក្នុង​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅតាម​ទីតាំង​បោះឆ្នោត​នានា នៅក្នុង​រាជធានី​ភ្នំពេញ​។​

​ការណែនាំ​បែបនេះ​របស់លោក ឃួ​ង ស្រេង បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២២ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយមាន ការចូលរួម​ពី ប្រធាន​គណៈបញ្ជាការ​ឯកភាព ខណ្ឌ​ទាំង​១៤ តំណាង​ស្នងការ​នគរបាល រាជធានី តំណាង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី ពន្ធនាគារ​រាជធានី កង​យោធភូមិភាគ​ពិសេស និង​មន្ទីរ​ចំណុះ ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថាៈ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ទាំង​១៤ និង​កងកំលាំង​ពាក់ព័ន្ធ​ទាំងអស់ ក្រៅពី​ការយកចិត្តទុកដាក់​ខ្ពស់ ក្នុង​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅតាម​ទីតាំង​បោះឆ្នោត​ហើយ​នោះ ត្រូវ​ពិនិត្យ​ពី​ភាព​អសកម្ម នានា នៅតាម​ទីតាំង និង​ការិយាល័យ​បោះឆ្នោត សំដៅ​ធ្វើយ៉ាងណា ឱ្យ​ការបោះឆ្នោត​នេះ ដំណើរការ​ទៅដោយ​រលូន ធានាបាន​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ មាន​ភាពយុត្តិធម៌ មាន​តម្លាភាព និង​គ្មាន​អំពើហិង្សា ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី លោក ឃួ​ង ស្រេង ទាមទារ​ឱ្យ កម្លាំង និង​អាជ្ញាធរ​ទាំងអស់ ក្រៅពី​ការខិតខំ​ប្រឹងប្រែង​បំពេញការងារ ក្នុងអំឡុងពេល​យុទ្ធនាការ ឃោសនា និង​អំឡុងពេល​បោះឆ្នោត នេះហើយ ត្រូវ​ពិនិត្យមើល​ផ្លូវច្បាប់ ឱ្យ​ច្បាស់លាស់ ដើម្បី​អនុវត្ត​ការងារ​ទាំងនេះ​បាន ទៅដោយ​រលូន បានល្អ​ប្រសើរ និង​គ្មាន​កំហុសឆ្គង​។​

​គួរ​បញ្ជាក់ថា គណៈបញ្ជាការ​ឯកភាព រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក ឃួ​ង ស្រេង បានរៀបចំ​ផែនការ​រួចហើយ សម្រាប់​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅក្នុង​យុទ្ធនា​ការឃោសនា និង​បោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់​នេះ ដោយនៅ​ភ្នំពេញ អ្នកមាន​ឈ្មោះ ត្រូវ​ទៅ​បោះឆ្នោត មាន​ចំនួន ៨៩៩.៦៨៨ នាក់ មាន​ការិយាល័យ​បោះឆ្នោត ចំនួន ២.១៩៧ ការិយាល័យ ស្មើនឹង ២៦៥ ទីតាំង​។

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថាៈ ចាប់ពីពេលនេះ​តទៅ រហូតដល់​បញ្ចប់​ការបោះឆ្នោត យើង​បានរៀបចំ កម្លាំង​បាន​យ៉ាង​ល្អ ទាំង​កម្លាំង​សន្តិសុខ កម្លាំង​ប៉ូលីស និង​កងរាជអាវុធហត្ថ ។ នៅពេល​បោះឆ្នោត នៅតាម​ការិយាល័យ​បោះឆ្នោត យើង​បាន រៀបចំ​ជា ៣ តំបន់ នោះ​គឺ​តំបន់ A B និង C (A នៅ បរិវេណ​បោះឆ្នោត , B ឆ្ងាយ​ពី​ទីតាំង ៥០ ម៉ែត្រ និង C នៅក្រៅ​ទីតាំង ១០០ ម៉ែត្រ​) សំដៅ​ធ្វើយ៉ាងណា ឱ្យ​ការបោះឆ្នោត​នេះ ដំណើរការ​ទៅដោយ​រលូន ធានាបាន​សន្តិសុខ សុវត្ថិភាព មាន​ភាពយុត្តិធម៌ មាន​តម្លាភាព និង​គ្មាន​អំពើហិង្សា​៕/V​