​ដោយ​:​ពៅ​និមល​/​ភ្នំពេញ​: ក្នុងអំឡុងពេល​បើក​សិក្ខាសាលា​ស្តីពី ការយល់ដឹង​អំពី​ការជួញដូរ​សាច់​សុនខ ក្នុង​ខេត្តសៀមរាប ដែលជា​ផ្នែក​មួយ​នៃ​ពិព័រណ៍​សត្វ​ចិញ្ចឹម​លើកដំបូង​របស់​ខេត្តសៀមរាប​អ្នកចូលរួម​ក្នុង​អង្គសិក្ខាសាលា​នេះ​បាន​សន្យាថា នឹងធ្វើ​ការរួម​គ្នា​ដើម្បី​បញ្ឈប់​ការជួញដូរ​សាច់​សុនខ​នៅ​កម្ពុជា​។ នេះ​តាម​ការលើកឡើង​របស់​អង្គការ ហ្វ​រ​ផរ (FOUR PAWS)​។​

​អង្គការ ហ្វ​រ​ផរ នៅ​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២២​នេះ បាន​ឲ្យ​ដឹងថា សិក្ខាសាលា​ខាងលើនេះ មានការ​ចូលរួម​ពី​សំណាក់​តំណាង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា តំណាង​ក្រសួង​/​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ក្រសួងទេសចរណ៍ ព្រមទាំង​អង្គការក្រៅរដ្ឋាភិបាល វិស័យ​ឯកជន និង​ថ្នាក់ដឹកនាំ​សាសនា​ផងដែរ ក្នុង​គោលបំណង ដើម្បី​ពិភាក្សា​អំពី​ផលប៉ះពាល់​នៃ​ការជួញដូរ​សាច់​សុនខ​នៅ​ប្រទេស​កម្ពុជា និង​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ផលប៉ះពាល់​មកលើ​សក្តា​នុព​ល​នៃ​វិស័យ​ទេសចរណ៍ និង​សុខភាព​មនុស្ស និង​ការឈឺចាប់​ដែល​មិនអាច​នឹកស្មាន​ដល់​ចំពោះ​មនុស្ស និង​សត្វ​។

​ជាមួយគ្នានេះ អង្គការ ក៏បាន​ជូន​លិខិត​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ខេត្តសៀមរាប ព្រមទាំង​អបអរសាទរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគាត់​ក្នុងការ​ហាមឃាត់​ការធ្វើ​អាជីវកម្ម​ទិញ​-​លក់ ពិឃាតសត្វ​សុនខ​នៅក្នុង​ខេត្ត​របស់​ពួកគាត់​ផ្ទាល់​។ ក្នុងពេល​អនាគត អង្គការ ហ្វ​រ​ផរ គ្រោង​នឹង​សហការ​បន្ថែមទៀត​ជាមួយ​អាជ្ញាធរ ដោយមាន​គោលបំណង​លុបបំបាត់​ការជួញដូរ​សាច់​សុនខ និង​ឆ្មា​ទូទាំងប្រទេស​កម្ពុជា​។​

​លោក ម៉ា​ត បេ​ក​ហូ​ស ( Matt Backhouse) ដែលជា​ប្រធាន​ផ្នែក​ការថែទាំ​សត្វ​អនាថា​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ នៃ​អង្គការ ហ្វ​រ​ផរ បាន​មានប្រសាសន៍ថា សិក្ខាសាលា​មួយ​នេះ គឺជា​សិក្ខាសាលា​ដ៏​ពិ​សេសមួយ បន្ទាប់ពី​ប្រឈម​នូវ​បញ្ហា​ជុំវិញ​ជំងឺ​កូ​វីដ​-១៩ និង​ផលប៉ះពាល់​មកកាន់​ពិភពលោក យើង​មាន​សេចក្តីសោមនស្ស​រីករាយ​យ៉ាង​អនេកប្បការ ដែល​បានឃើញ​ពី​ការ​តតាំង​យ៉ាងរឹងមាំ​ឆ្ពោះទៅរក​ការបញ្ចប់​អាជីវកម្ម​សាច់​សុនខ និង​ឆ្មា​នៅ​កម្ពុជា​។

​លោក​បន្តថា ការលក់​សាច់សត្វ​ចិញ្ចឹម​បាន​ជះឥទ្ធិពល​នៃ​ផលប៉ះពាល់​មកកាន់​មនុស្ស និង​សត្វ​ផ្ទាល់ ម្យ៉ាង​ដើម្បី​ផលប្រយោជន៍​របស់​ប្រទេសជាតិ​ទាំងមូល យើង​សង្ឃឹមថា​យើងទាំងអស់គ្នា​អាច​សហការគ្នា​ដើម្បី​បញ្ចប់​អាជីវកម្ម​មួយ​នេះ​ឱ្យបាន​ល្អ​។​

​ជាមួយគ្នានេះ តំណាង​ក្រសួងទេសចរណ៍​កម្ពុជា បានបង្ហាញ​ការគាំទ្រ​យ៉ាងខ្លាំង​ចំពោះ​ការបញ្ចប់​អាជីវកម្ម​សាច់​សុនខ និង​ឆ្មា​នៅ​ប្រទេស​កម្ពុជា​ប្រកបដោយ​និរន្តរភាព​។

​លោក​បន្តថា “​វា​ជា​រឿង​ធម្មតា​ដែល​ភ្ញៀវទេសចរ​មិន​ចង់ឃើញ ហើយ​វា​មាន​ហានិភ័យ​ខ្ពស់​ដែល​អាច​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ប្រទេស​យើង​ផ្ទាល់​។ ក្រសួងទេសចរណ៍ គឺ​ទន្ទឹងរង់ចាំ​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​បញ្ចប់​ការជួញដូរ​សាច់​សុនខ​នេះ ដើម្បី​ផលប្រយោជន៍​របស់​កម្ពុ​ជា ប្រជាជន​ផ្ទាល់ និង​សហគមន៍​អន្តរជាតិ​»​។​

​លោក ប៉ែន ប៊ុនធឿន មកពី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បាន​លើកឡើងថា “​យើង​មានការ​សប្បាយចិត្ត​ដែល​បានទទួល​ការទទួល​ការថ្លែងអំណរគុណ​ពី អង្គការ ហ្វ​រ​ផរ ។ យើង​មាន​មោទនភាព​ដែល​បាន​ក្លាយជា​ខេត្ត​ដំបូង​គេ​ក្នុងប្រទេស​កម្ពុជា​ដែល​ចេញ​សេចក្តីជូនដំណឹង​ហាមឃាត់​ការធ្វើ​អាជីវកម្ម​ទិញ លក់ ពិឃាតសត្វ​សុនខ ហើយ​យើង​នឹង​សង្ឃឹម​ខ្ពស់​ក្នុងការ​សហការគ្នាជាមួយ អង្គការ ហ្វ​រ​ផរ និង​ដៃគូ​របស់​យើង​នាពេល​អនាគត ដើម្បី​អនុវត្ត​សេចក្តី​ហាមឃាត់​មួយ​នេះ​។ យើង​លើកទឹកចិត្ត​ឱ្យ​ខេត្ត​ផ្សេងទៀត និង​ប្រជាជាតិ​ទាំងមូល​រួម​រួប​គ្នា​ក្នុងការ​ប្រឆាំង​អាជីវកម្ម​សាច់សត្វ​ចិញ្ចឹម​នេះ​”​។​

​ដោយឡែក លោក ប្រាក់ សុ​ម៉ា​ធី នាយក​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា បាន​គូសបញ្ជាក់ថា “​សត្វ​សុនខ គឺជា​ចំណែក​មួយ​ដ៏​សំខាន់​នៃ​សង្គម​យើង វា​បាន​ជួយសង្គ្រោះ​ជីវិត ការពារ​យើង ហើយ​ពួកវា​ក៏​ជា​ចំណែក​មួយ​ក្នុង​ជីវិត​របស់​យើង​ផ្ទាល់​ផងដែរ​។ សត្វ​សុនខ គួរណា​ស់ត្រូវ​ទទួលបាន​តម្លៃ​ខ្ពស់​ពី​មនុស្ស​ផងដែរ ពួកវា​មិន​សាក​សម​នឹង​ត្រូវបាន​គេ​សម្លាប់​សម្រាប់​យកសា​ច់ម​ក​ជួញដូរ​នោះទេ ហើយ​ពួកវា​ក៏​សាក​សម​នឹង​ទទួលបាន​សេចក្តីស្រលាញ់ និង​ការអាណិតអាសូរ​ពី​មនុស្ស​ផ្ទាល់​។ ក្នុងនោះ លោក​បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ផ្ទាល់ ចាប់ដៃ​សហការគ្នា​ក្នុងការ​បញ្ឈប់​នូវ​ការជួញដូរ​សាច់​សុនខ និង​ឆ្មា​”​។​

​សូមបញ្ជាក់ថា អង្គការ ហ្វ​រ​ផរ ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា វៀតណាម និង​ឥណ្ឌូនេស៊ី ជាមួយ​អាជ្ញាធរ​ថ្នាក់ជាតិ និង​មូលដ្ឋាន ដៃគូ​និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត សម្រាប់​ការបញ្ឈប់​ប្រកបដោយ​និរន្តរភាព​ចំពោះ​ការជួញដូ​សាច់​សុនខ និង​ឆ្មា​៕​