​ដោយៈ ជា សីហៈ​,សុខុម/​ភ្នំពេញៈ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រួម​ដំណើរ​ជាមួយ​លោកស្រី អាំ​ប័​រ ស៊ី​ណូ​ប (Amber Cernobs) លេខា​ទី​១ នៃ​ស្ថានទូត​អូស្ត្រាលី ប្រចាំ​កម្ពុជា លោក ស្វាយ សំ​អៀង អភិបាលខេត្ត​ស្ទឹងត្រែង និង​សហការី បាន​អញ្ជើញ​មក​ពិនិត្យ ចំការ​ស្វាយ របស់​ក្រុមហ៊ុន ហ្គ្រី​ន ស៊ី អេ​ហ្គ្រី​ខ​ល​ជ័រ នៅ​ឃុំ អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​។

​នាយក​ចាត់ការ​ទូទៅ​នៅ​ក្រុមហ៊ុន​នេះ បាន​អះអាងថា ពូជ​ស្វាយ​នៅទីនេះ​ត្រូវបាន​នាំចូល​ពី​ប្រទេស​តៃវ៉ាន់ អាមេរិក និង​អូស្ត្រាលី មានពូជ ៖ R2E2 , Jinh Wang , Keitt Mango , Red Golden Dragon, Tainong , Guire ជាមួយនឹង​ថ្នាល​កូន​ស្វាយ​ពូជ​អាយុ​បី​ឆ្នាំ សម្រាប់​ដាំ​ដុះ​បន្ត ។

​ប្រភព​ដដែល​បន្តថា មកទល់នឹង​បច្ចុប្បន្ននេះ​ក្រុមហ៊ុន​បាន​ដាំ​ដុះ​លើ​ផ្ទៃដី​សរុប​ចំនួន ១.២០០ ហ​ត ហើយ ស្មើនឹង ១២% ធៀប​នឹង​ផែនការ​ម​លើ​ផ្ទៃដី​ទំហំ ៩.៧៧២​ហ​ត​។ បច្ចុប្បន្ន​មាន​បុគ្គលិក កម្មករ​បម្រើ​ការសរុប ២០៥​នាក់ ក្នុងនោះ​បុគ្គលិក​ខ្មែរ ២៨​នាក់ បរទេស ៨​នាក់ កម្មករ​ខ្មែរ​អចិន្ត្រៃយ៍ ១៩​នាក់ កម្មករ​អណ្ដែត ១៥០​នាក់ ហើយ​អនាគត​ដល់​រដូវ​ប្រមូល​ផល​នៅ​ឆ្នាំ​២០២៣ ក្រុមហ៊ុន​នឹង​ត្រូវការ​កម្មករ​ចំនួន ៣០០​នាក់​ទាំង​អ្នកប្រមូល​ផល និង​វេច​ខ្ចប់ ដែល​ភាគច្រើន​គឺជា​ពលរដ្ឋ​នៅ​មូលដ្ឋាន​នេះ​តែម្តង​។

​ប្រភព​ដដែល​បន្តថា កម្មវត្ថុ​នៃ​ផលិតកម្ម គឺ​ការនាំចេញ​ទៅកាន់​ប្រទេស​ចិន​ឆ្លងកាត់​ប្រទេស​វៀតណាម ថៃ និង​កំពង់ផែ​ក្នុង​ព្រះសីហនុ​។ គិត​មកទល់​បច្ចុប្បន្ន ក្រុមហ៊ុន​បាន​ចំណាយ​ថវិកា​ជិត ៧០​លាន​ដុល្លារ​ហើយ​។

​នាឱកាស​នោះ លោក​រដ្ឋមន្ត្រី​បានផ្តល់ ការណែនាំ អំពី​ស្ថានភាព​ជារួម​នៃ​ការនាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ ជាពិសេស​ទីផ្សារ​ចិន រួមទាំង​មធ្យោបាយ​ដឹកជញ្ជូន​ទាំង​ក្នុងស្រុក និង​អន្តរជាតិ ដែល​ក្រុមហ៊ុន​កំពុង​ប្រឈម​។ តែ​ទោះជា​យ៉ាងណា លោក​បាន​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ឲ្យ​បន្ត​ខិតខំ​លើ​ការងារ​ផលិតកម្ម​បន្ថែមទៀត ពិសេស​ការអនុវត្ត​នី​តិ​វិធី​ភូតគាម​អនាម័យ​ដែលជា​គោលការណ៍​គ្រឹះ សម្រាប់​នាំចេញ បើ​ទោះ​សកម្មភាព​នៃ​ការនាំចេញ​បាននិងកំពុង​តែ​ប្រឈម ហើយ​នេះ​មិនមែន​តែ​ប្រទេស​កម្ពុជា​ទេ តែ​ជា​បញ្ហា​សកល​ដែល​មិនអាច​ចៀសវាង​បាន​។ មួយវិញទៀត ក្រុមហ៊ុន​ក៏ត្រូវ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ធ្វើយ៉ាងណា​ឲ្យ​កិច្ចដំណើរការ​នៃ​ការវិនិយោគ​នេះ​ប្រ​ព្រ​ត្តិ​ទៅដោយ​រលូន និង​ទទួលបាន​ជោគជ័យ ហើយ​លោក​បាន​បញ្ជាក់ថា ភាពជោគជ័យ​នេះ​មិនមែន​សម្រាប់តែ​ក្រុមហ៊ុន​ទេ គឺ​សម្រាប់​សេដ្ឋកិច្ចជាតិ និង​ជាពិសេស​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផ្ទាល់​តាមរយ​:​ការ បង្កើត​ការងារ មានការ​ងារ មាន​ចំណូល គ្មាន​ចំណាកស្រុក មាន​ជីវភាព​ល្អប្រសើរ ទាំងនេះ​ជា​ក្តី​បំណង​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ ជា​នាយករដ្ឋមន្ត្រី ដែល​តែងតែ​គាំទ្រ និង​លើក ទឹកចិត្ត បង្កើត​លក្ខខណ្ឌ​អំណោយផល​ដល់​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស​៕​