​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ អង្គការ​សុខភាព​ពិភពលោក (WHO)​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ទី​១០ ខែ​ឧសភា​ថា ករណី​សង្ស័យ​នៃ​ជំងឺ​រលាក​ថ្លើម​មិន​ស្គាល់​ប្រភពដើម​ចំនួន ៣៤៨​ត្រូវបាន​​កំណត់​អត្តសញ្ញាណ ខណៈ​ការសិក្សា​អំពី​តួនាទី​សក្តានុពល​នៃ​ការឆ្លង​មេរោគ Adenovirus និង កូវី​ដ​១៩ កំពុង​មាន​សន្ទុះ​ឆ្ពោះទៅមុខ​។​

WHO បាន​និយាយ​ថា​សម្មតិកម្ម​ឈាន​មុខ​គេ​នៅតែ​ជា​សម្មតិកម្ម​ដែល​ពាក់ព័ន្ធ​នឹង​មេរោគ Adenovirus ។​

​ករណី​ឆ្លង​សង្ស័យ​ខាងលើ​ត្រូវបាន​រាយការណ៍​នៅក្នុង​ប្រទេស​ចំនួន ២០ ដោយ​មាន​ករណី​បន្ថែម​ចំនួន ៧០ ពី​ប្រទេស​ចំនួន ១៣ ទៀត​ដែល​កំពុង​រង់ចាំ​ការកំណត់​មេរោគ​ខណៈ​ការ​ធ្វើតេស្តិ៍​កំពុង​​រង់ចាំ​បញ្ចប់​លទ្ធផល​។​

​មាន​តែ​ប្រទេស​ចំនួន​ប្រាំមួយ​ប៉ុណ្ណោះ​ដែល​រាយការណ៍​ច្រើនជាង​ប្រាំ​ករណី ដោយ​ជាង ១៦០ ករណី​ត្រូវបាន​រាយការណ៍​នៅក្នុង​ចក្រភព​អង់គ្លេស​។​

​លោកស្រី​វេជ្ជបណ្ឌិត ហ្វី​លីព​ប៉ា អ៊ី​ស្ទើ​ប្រ៊ូក (Philippa Easterbrook) មក​ពី​កម្មវិធី​ជំងឺ​រលាក​ថ្លើម​សកល​របស់ WHO បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា​”​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ចុងក្រោយ​​នេះ​មាន​ការរីកចម្រើន​សំខាន់ៗ​ជាមួយនឹង​ការ​ស៊ើបអង្កេត​បន្ថែម និង​ការកែលម្អ​មួយចំនួន​នៃ​សម្មតិកម្ម​ការងារ​”​។​

​លោកស្រី​បាន​និយាយថា អង់គ្លេស​បាន​និង​កំពុង​សម្របសម្រួល​សំណុំ​នៃ​ការសិក្សា​ដ៏​ទូលំទូលាយ​មួយ ដោយ​ក្រឡេក​មើល​ហ្សែ​ន​របស់​កុមារ​ដែល​រង​ផលប៉ះពាល់ ការឆ្លើយតប​នឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​ពួកគេ មេរោគ​នានា និង​ការសិក្សា​ផ្នែក​រោគរាតត្បាត​បន្ថែមទៀត​។​

​អង្គការ​សុខភាព​ពិភពលោក​ត្រូវ​បាន​ជូនដំណឹង​ជា​លើកដំបូង​នៅ​ថ្ងៃទី ៥ ខែ​មេសា​អំពី​ករណី​ជំងឺ​រលាក​ថ្លើម​ដែល​មិន​អាច​ពន្យល់​បាន​ចំនួន ១០ នៅក្នុង​ប្រទេ​សស្កុ​តឡែ​ន​ដែល​គេ​រកឃើញ​លើ​កុមារ​អាយុ​​ក្រោម ១០ ឆ្នាំ​។​

​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​របស់​សហរដ្ឋ​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ខ្លួន​កំពុង​ស៊ើបអង្កេត​ករណី​បែប​នេះ​ចំនួន ១០៩​ដែល​ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន​ប្រាំ​នាក់​ហើយ​ត្រូវបាន​​រាយការណ៍​៕

​ករណី​សង្ស័យ​នៃ​ជំងឺ​រលាក​ថ្លើម​អា​ថ៍កំ​បាំង​ត្រូវបាន​រាយការណ៍​នៅក្នុង​ប្រទេស​ចំនួន ២០