​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ជប៉ុន​និង​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ព្រមព្រៀង​គ្នា​ថា​នឹង​បង្កើន​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី នៅពេល​មេដឹកនាំ​មកពី​ភាគី​ទាំងពីរ​បាន​សម្តែង​ការព្រួយបារម្ភ​​អំពី​ផលប៉ះពាល់​របស់​សង្គ្រាម​លើ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ។​

​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ហ្វ៊ុយ​មី​អុ គី​ស៊ី​ដា ដែល​បាន​ពិភាក្សា​ជាមួយ​ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប​លោក​ស្រី អឺ​ស៊ូ​ឡា វ៉ុន ដឺ ឡេ​យេន និង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក ឆា​លស៍ មី​សែ​ល​(Charles Michel) បាន​ប្រាប់​សន្និសីទកាសែត​រួមគ្នា​មួយ​ថា ជប៉ុន​គាំទ្រ​ទណ្ឌកម្ម​តឹងរ៉ឹង​ឡើង​លើ​រុស្ស៊ី និង​គាំទ្រ​អ៊ុ​យក្រែន ដោយសារ​សង្គ្រាម​«​អង្រួន​គ្រឹះ​សណ្តាប់ធ្នាប់​ពិភពលោក មិន​ត្រឹមតែ​នៅ​អឺរ៉ុប​តែ​ក៏​នៅ​​អាស៊ី​ដែរ​»​។​

​គី​ស៊ី​ដា បាន​និយាយថា « សន្តិសុខ​នៅ​អឺរ៉ុប​និង​នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក មិន​អាច​ផ្តាច់ចេញ​ពី​គ្នា​បានទេ​»​។​

​ក្រុម​មេដឹកនាំ​សហភាព​អឺរ៉ុប​បាន​និយាយថា​ពួក​គេ​ចង់​ដើរតួនាទី​និង​យក​ការទទួលខុសត្រូវ​ធំ​ឡើង​នៅក្នុង​តំបន់ ហើយ​បាន​ព្រមព្រៀង​ថា​នឹង​ជំរុញ​កិច្ចសហការ​លើ​វិស័យ​ជា​ច្រើន​ចាប់​ពី​ការផ្លាស់ប្តូរ​ឌី​ជី​​ថ​ល ថាមពល​កកើត​ឡើងវិញ​និង​អាកាសធាតុ​។​

វ៉ុន ដឺ ឡេ​យេន បាន​និយាយ​នៅ​សន្និសីទកាសែត​ថា «​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ជា​តំបន់​ចំរើន​លូតលាស់​មួយ តែ​វា​ក៏​ជា​តំបន់​នៃ​ភាព​តានតឹង​មួយ​។​ស្ថានការណ៍​នៅ​សមុទ្រ​ចិន​ខាងកើត​និង​សមុទ្រ​ចិន​ខាងត្បូង ឬ​​ការ​គំរាម​ជាប្រចាំ​មកពី​កូរ៉េខាងជើង ។​យើង​ចង់​ទទួលខុសត្រូវ​ច្រើនឡើង​ក្នុង​តំបន់​មួយ​ដែល​សំខាន់​ចំពោះ​វិបុលភាព​របស់​យើង​»​។​

​ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប​លោក​ស្រី អឺ​ស៊ូ​ឡា វ៉ុន ដឺ ឡេ​យេន (​ស្តាំ​)​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក ឆា​លស៍ មី​សែ​ល​(​ឆ្វេង​)​ជួប​នាយករដ្ឋមន្ត្រី​ជប៉ុន​នៅ​តូ​ក្យូ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១២​ឧសភា​

​លោកស្រី អឺ​ស៊ូ​ឡា វ៉ុន ដឺ ឡេ​យេន​និយាយថា រុស្ស៊ី​ជាការ​គំរាម​ខ្លាំង​បំផុត​ចំពោះ​សណ្តាប់ធ្នាប់​ពិភពលោក​

​លោកស្រី អឺ​ស៊ូ​ឡា វ៉ុន ដឺ ឡេ​យេន បាន​បន្ថែមថា «​សង្គ្រាម​ព្រៃផ្សៃ​»​របស់​រុស្ស៊ី ប្រឆាំង​អ៊ុយ​ក្រែន​នាំអោយ​មាន​ការបារម្ភ​អំពី​ឥទ្ធិពល​និង​មហិច្ឆតា​ចិន​កាន់តែ​កើនឡើង ។​

​ចំណែក​លោក ឆា​លស៍ មី​សែ​ល​បាន​និយាយ​ថា​កិច្ចសហការ​អំពី​រឿង​អ៊ុយ​ក្រែន​មាន​សារសំខាន់​ស្លាប់រ​ស់​សំរាប់​អឺរ៉ុប​និង​ក៏​សំខាន់​នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែរ​ហើយ​«​យើង​ជឿ​ថា​ចិន​ត្រូវ​តែ​ងើបឈរ​ការពារ​ប្រព័ន្ធ​​ពហុ​និយម​ដែល​ផ្តល់​ប្រយោជន៍​ដល់​ការអភិវឌ្ឍ​ប្រទេស​ខ្លួន​»​។​

​ក្នុងពេល​ជាមួយគ្នា ពួក​មន្ត្រី​ការបរទេស​ជប៉ុន​បាន​និយាយថា ចំណាត់ការ​របស់​សហ​ភាព​អឺរ៉ុប​នេះ​ឆ្លុះបញ្ចាំង​ការងា​ក​ដ៏​ធំ​មួយ​របស់​ប្លុក​នេះ​ចេញ​ពី​ចិន ចំ​ពេល​មាន​ការព្រួយបារម្ភ​កាន់តែ​ខ្លាំង​អំពី​​បញ្ហា​សិទ្ធិមនុស្ស​របស់​ចិន​និង​បញ្ហា​ដទៃ​ទៀត​នៅក្នុង​តំបន់​៕