ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ វាមានរយៈពេលពីរបីសប្តាហ៍ហើយចាប់តាំងពីហ្វូងមនុស្សចាយលុយអេឡិចត្រូនិក (Crypto)ធ្វើពិធីជប់លៀងនៅម៉ៃអាមី។
ស្ថាបនិកក្រុមហ៊ុន Coinbase Global លោក ប្រាយអែន អាមស្ត្រង (Brian Armstrong) មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនចំនួន ១៣,៧ ពាន់លានដុល្លារអាម៉េរិកកាលពីខែវិច្ឆិកា និងប្រហែល ៨ ពាន់លានដុល្លារអាម៉េរិកនៅចុងខែមីនា។ យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ឥឡូវនេះវានៅសល់តែ ២,៣ ពាន់លានដុល្លារអាម៉េរិកប៉ុណ្ណោះ បន្ទាប់ពីការលក់រូបិយប័ណ្ណឌីជីថលពី Bitcoin ទៅ Ether បានបង្កឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃទីផ្សារក្រុមហ៊ុន Coinbase ដែលជាទីផ្សារប្តូររូបិយប័ណ្ណឌីជីថលធំបំផុតរបស់សហរដ្ឋអាម៉េរិក។
ភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះជិត ៨៦ ភាគរយចាប់តាំងពីការលក់ហ៊ុនជាសាធារណៈលើកដំបូងក្នុងខែមេសា ២០២១ របស់ពួកគេរហូតដល់ថ្ងៃពុធទី១១ ឧសភាឆ្នាំ២០២២បន្ទាប់ពីក្រុមហ៊ុនបានព្រមានថា បរិមាណជួញដូរនិងអ្នកប្រើប្រាស់ប្រតិបត្តិការប្រចាំខែត្រូវបានរំពឹងថានឹងមានទាបនៅក្នុងត្រីមាសទីពីរជាងត្រីមាសទីមួយ។
វាបានចោទជាសំណួរអំពីសមត្ថភាពរបស់ក្រុមហ៊ុន Coinbase ក្នុងការទប់ទល់នឹងការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃលុយ Crypto ដោយបង្ខំឱ្យលោកអាមស្ត្រងចូលទៅ Twitterដើម្បីការពារក្រុមហ៊ុន។ លោកអាមស្ត្រង ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនបាននិយាយថា “មិនមានហានិភ័យនៃការក្ស័យធនទេ” សូម្បីចំពេលមានព្រឹត្តិការណ៍ “ក្ងានខ្មៅ”ហើយមូលនិធិរបស់អ្នកប្រើប្រាស់គឺមានសុវត្ថិភាព។
បន្ទាប់មកគឺមានលោកម៉ៃឃើល ណូវ៉ូហ្គ្រាតស៍ (Michael Novogratz)។ នាយកប្រតិបត្តិនៃធនាគារ Galaxy Digital រូបនេះបានឃើញទ្រព្យសម្បត្តិរបស់គាត់ធ្លាក់ចុះមកនៅត្រឹម ២,៩ ពាន់លានដុល្លារពី ៨,៥ ពាន់លានដុល្លារនៅដើមខែវិច្ឆិកា។ គាត់បានក្លាយជាអ្នកការពារលុយអេឡិចត្រូនិក TerraUSDដែលឥឡូវមានហានិភ័យនៃការដួលរលំទាំងស្រុងចំពេលមានការធ្លាក់ចុះតម្លៃលុយអេឡិចត្រូនិកនៅក្នុងប្រព័ន្ធអេកូដូចគ្នា គឺ Luna ។
លោកណូវ៉ូហ្គ្រាតស៍បាននិយាយនៅឯសន្និសីទ Bitcoin 2022 នៅម៉ៃអាមីកាលពីថ្ងៃទី ៦ ខែមេសាថា “ខ្ញុំប្រហែលជាបុរសតែម្នាក់គត់នៅក្នុងពិភពលោកដែលមានទាំងរូបសាក់ Bitcoin និង Luna”។
ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីលុយអេឡិចត្រូនិក ដែលកើនឡើងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ កំពុងបាត់ទៅវិញយ៉ាងលឿនបន្ទាប់ពីការលក់ចេញដែលបានចាប់ផ្តើមពេលដែលភាគហ៊ុនបច្ចេកវិជ្ជាបានហក់ចូលទៅក្នុងលុយឌីជីថល។ Bitcoin ដែលជារូបិយប័ណ្ណឌីជីថលដ៏ពេញនិយមបំផុត និង Ether បានធ្លាក់ចុះជាង ៥០ ភាគរយចាប់តាំងពីឡើងថ្លៃខ្ពស់មិនធ្លាប់មានកាលពីចុងឆ្នាំមុន៕
ស្ថាបនិកក្រុមហ៊ុន Coinbase Global លោក ប្រាយអែន អាមស្ត្រង (ឆ្វេង) និងនាយកប្រតិបត្តិក្រុមហ៊ុន Binance លោក ចាវ ចាងផឹង (Zhao Changpeng) ទាំងពីរនាក់បានរាយការណ៍ពីការខាតបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនយ៉ាងច្រើន