​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ពុត​និក​) ៖ សំណើ​ថ្មី​មួយ​ដោយ​ក្រុម​អង្កេត​តារាសាស្ត្រ​សៀង​ហៃ​អាច​នឹង​នាំឱ្យ​ប្រទេស​ចិន​ចាប់ផ្តើម​កិច្ចខិតខំ​ប្រឹងប្រែង​ថ្មី​មួយ​ដើម្បី​ស្វែងរក​ភព​ស្រដៀង​នឹង​ផែនដី​របស់​​យើង​នៅក្នុង​លំហ​អាកាស​។​

​យោង​តាម​វេបសាយ Space.com កែវ​យឹត Earth 2.0 ដែល​បាន​ស្នើឡើង អាច​នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​ចម្ងាយ​ប្រហែល ១,៥ លាន​គីឡូម៉ែត្រ​ពី​ភពផែនដី​របស់​យើង​កន្លែង​ដែល​វា​នឹង​ធ្វើ​គោ​​ចរ​ជុំវិញ​ចំណុច​ឡា​ករេង​ទី​ពីរ​នៃ​ផែនដី​និង​ព្រះអាទិត្យ (Sun-Earth Lagrange point 2)​សម្រាប់​រយៈពេល​បួន​ឆ្នាំ​និង​ប្រើប្រាស់​កែវយឹត​ចំនួន​ប្រាំ​ពីរ​របស់​វា​ដើម្បី​ស្វែងរក​តម្រុយ​នៃ​វត្តមាន​​របស់​ភព​ខាងក្រៅ ដូចជា​នៅពេល​ដែល​ផ្កាយ​មួយ​បញ្ចេញ​ពន្លឺ នៅពេល​វា​ឆ្លងកាត់​ពីមុខ​កែវយឹត​នៅ​ផ្នែក​ជាក់លាក់​មួយ​នៃ​ផ្ទៃមេឃ​ឆ្ពោះទៅ​កាន់​ចំណុចកណ្តាល​នៃ​កាឡាក់ស៊ី​។​

​គោលដៅ​ចម្បង​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​ត្រូវបាន​សន្មត់​ថា​ជា​ភព​ដែល​មាន​ទំហំ​ប្រហាក់ប្រហែលនឹង​ផែនដី ដែល​គោចរ​ជុំវិញ​ផ្កាយ​ស្រដៀង​នឹង​ព្រះអាទិត្យ​របស់​យើង​។​

​ទោះយ៉ាងណា សាស្ត្រាចារ្យ​នៅ​ក្រុម​អង្កេត​តារាសាស្ត្រ​សៀង​ហៃ លោក ហ្គេ ចៀន (Ge Jian)​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អ៊ីមែល​ថា​កែវយឹត​នេះ​គ្រាន់តែ​វាស់វែង​ទំហំ​និង​រយៈពេល​គន្លង​របស់​ភព​​ប៉ុណ្ណោះ ខណៈ​លទ្ធភាព​រស់នៅ​បាន​របស់​ភព​ទាំងនោះ​នឹង​ត្រូវ​វាយតម្លៃ​តាម​រយៈ​ការសង្កេត​ពី​កន្លែង​ផ្សេងៗ​ទៀត​៕

​កែវ​យឹត Earth 2.0 ដែល​បាន​ស្នើ​ឡើង​របស់​ចិន អាច​នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​ចម្ងាយ​ប្រហែល ១,៥ លាន​គីឡូម៉ែត្រ​ពី​ភពផែនដី​របស់​យើង​ដើម្បី​ស្វែងរក​ភព​ស្រដៀង​ផែនដី