​ដោយ​: សុខុម / ស្ទឹងត្រែង​: សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការខេត្ត នៅ​ព្រឹក​ថ្ងៃទី ១២ ខែឧសភា ឆ្នាំ​២០២២ ពាក់ព័ន្ធ​ករណី​វាយ​បុរស​ម្នាក់ បណ្ដាលឱ្យ​បាត់បង់​ជីវិត​។​

​សមត្ថកិច្ច បាន​ប្រាប់​ឲ្យ​ដឹងថាៈ កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោងជាង ៤ រសៀល នៅ​ភូមិ​ដន​ឡូង (​ត្រើយ​ខាងកើត​ទន្លេសេកុង​) ឋិត​នៅ​ឃុំ​សេកុង ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង មាន​ករណី​អំពើហិង្សា ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​មួយ បានកើត​ឡើង ហើយ​សមត្ថកិច្ច ក៏បាន​ឃាត់ខ្លួន​សង្ស័យ ឈ្មោះ ដន ស៊ីន ភេទ​ប្រុស អាយុ ២២ ឆ្នាំ មាន​ទីលំនៅ ភូមិ​កើតហេតុ ខាងលើ​។ ជនសង្ស័យ បាន​យក​ឈើ​បួន​ជ្រុង ប្រវែង ៦០ សង់ទីម៉ែត្រ វាយ​ទៅលើ​ជនរងគ្រោះ ឈ្មោះ ដាំ វណ្ណា ភេទ​ប្រុស អាយុ ១៩ ឆ្នាំ រស់នៅ​ភូមិ ឃុំ ជាមួយគ្នា បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀតថាៈ មូលហេតុ គឺ​បណ្ដាលមកពី​ផឹកស្រា​ស្រវឹង ហើយ​ជនរងគ្រោះ ចេះតែ​រករឿង បបួល​ជនសង្ស័យ វាយ​គ្នា នៅក្នុង​កម្មវិធី ក្នុងភូមិ​។ ជនរងគ្រោះ មាន ញញួរ ក្នុង​ដៃ ដើររក​រឿង ទៅលើ​ជនសង្ស័យ​។ ពេល​ឈ្លោះប្រកែក និង​វាយ​គ្នា ជនសង្ស័យ បាន​យក​ឈើ​បួន​ជ្រុង វាយ បណ្ដាលឱ្យ​ជនរងគ្រោះ រងរបួស​ធ្ងន់ ត្រូវគេ​បញ្ជូនមក​សង្គ្រោះ នៅ​មន្ទីរពេទ្យ ក្រោយមក ក៏បាន​ស្លាប់ កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២២​។​

​បន្ទាប់ពី​មាន​អំពើហិង្សា​វាយ​គ្នា ធ្វើឱ្យ​ជនរងគ្រោះ រងរបួស​ធ្ងន់ រហូត​ស្លាប់​នោះ សមត្ថកិច្ច នគរបាល​ស្រុក​សៀម​ប៉ាង ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ បញ្ជូនមក​ស្នងការដ្ឋាន​នគរបាល​ខេត្ត កាលពី​ថ្ងៃទី​១១ ឧសភា​។ លុះ​មកដល់​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២២ នេះ សមត្ថកិច្ច ព្រហ្មទណ្ឌ​ខេត្ត ក៏បាន​បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​ច្បាប់​៕/V​