​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ រូបិយប័ណ្ណ​អេឡិចត្រូនិក​បាន​ពង្រីក​ការធ្លាក់ចុះ​របស់​ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ឧសភា​នេះ បន្ទាប់​ពី​ការប៉ុនប៉ង​មួយ​ភ្លែត​ដើម្បី​ស្តារ​ឡើង​វិញ​ខណៈ​ការដួលរលំ​​នៃ​លុយ TerraUSD បាន​បង្ក​ឱ្យ​មាន​ការ​សម្រុ​ករត់​ជាន់គ្នា​ចេញពី​លុយ​អេឡិចត្រូនិកដ៏​ពេញនិយ​ម​បំផុត​នៃ​ទីផ្សារ​ទ្រព្យសកម្ម​ឌីជីថល​ជាច្រើន​។​

​ក្រុមហ៊ុន​នៅ​ពីក្រោយ​លុយ TerraUSD គឺ Terraform Labs ត្រូវបាន​បង្កើតឡើង​នៅ​ប្រទេស​សិង្ហ​បុរី​ក្នុង​ខែមេសា ឆ្នាំ ២០១៨​។​

​លុយ TerraUSD ឬ UST ដែល​បាន​បាត់បង់​តម្លៃ​ជា​លុយ​ដុល្លារ​អាម៉េរិក​របស់ខ្លួន បាន​ធ្លាក់ចុះ​នៅសល់​ត្រឹម ២០ សេន​អាម៉េរិក​កាលពី​ថ្ងៃ​ពុធ ដោយ​ធ្វើឱ្យ​តម្លៃ​ទីផ្សារ​ធ្លាក់ចុះ​ពី ១៨,៤​ពាន់​លាន​​ដុល្លារ​អាម៉េរិក​មក​នៅ​ត្រឹម ៥ ពាន់​លាន​ដុល្លារ​។ លុយ​នេះ​ត្រូវបាន​ជួញដូរ​ក្នុងតម្លៃ ៧០ សេន​អាម៉េរិក​នៅ​ម៉ោង ១២៖១០ ថ្ងៃត្រង់​ម៉ោង​នៅ​សិង្ហ​បុរី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​លុយ​អេឡិចត្រូនិក ដែល​មាន​សម្ពន្ធ​ជាមួយ​លុយ UST គឺ​លុយ Luna បាន​ធ្លាក់ចុះ​ប្រហែល ៩៥ ភាគរយ​កាលពី​ថ្ងៃ​ពុធ ហើយ​បន្ត​ធ្លាក់ចុះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ទៀត​។ វា​ត្រូវ​បាន​ជួញដូរ​ក្នុងតម្លៃ ៤១ សេន​អាម៉េរិក ពោលគឺ​ធ្លាក់ចុះ ៩៩,៧ ភាគរយ​នៅក្រោម​តម្លៃ​ខ្ពស់​គ្រប់​ពេល​របស់​វា ១១៩,១៨ ដុល្លារ​អាម៉េរិក​កាលពី​ខែ​មុន​។​

​លុយ Bitcoin ជា​រូបិយប័ណ្ណ​អេឡិចត្រូនិក​ធំ​បំផុត​របស់​ពិភពលោក បាន​ធ្លាក់ចុះ​មក​នៅត្រឹម ២៦.៩៧០ ដុល្លារ​អាម៉េរិក ដែល​ជា​កម្រិត​ទាប​បំផុត​ចាប់តាំងពី​ថ្ងៃទី ២៨ ខែ​ធ្នូ ឆ្នាំ ២០២០​។​ក្នុង​វគ្គ​ជួញ​​ដូរ​ប្រាំបី​លើកចុងក្រោយ វា​បាន​បាត់បង់​តម្លៃ​មួយ​ភាគ​បី ឬ ១៣.០០០ ដុល្លារ​។​

​លុយ​អេឡិចត្រូនិក​ដទៃទៀត​ដូចជា Avalanche និង Solana ដែល​គាំទ្រ​ពិធីការ​ហិរញ្ញវត្ថុ​វិមជ្ឈការ (DeFi) សំខាន់ៗ​មួយចំនួន​ដូចជា​លុយ​TerraUSD​ក៏​បាន​ពង្រីក​ការធ្លាក់ចុះ​របស់​ពួក​វា​ផង​​ដែរ​។ មុននេះ ពួក​វា​បាន​ប្រកាស​ពី​ការកើនឡើង​ភាគរយ​ពីរ​ខ្ទង់ ប៉ុន្តែ​ការកើនឡើង​នេះ​បាន​បញ្ចប់​វិញ​យ៉ាង​លឿន​៕

​លុយ TerraUSD ឬ UST បាន​ធ្លាក់ចុះ​នៅសល់​ត្រឹម ២០ សេន​អាម៉េរិក​កាលពី​ថ្ងៃ​ពុធ​