​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ តាមរយៈ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ នៅ​ទីក្រុង​ហាណូយ កាលពី​ថ្ងៃទី​១២ ឧសភា គេ​រកបាន​ប្រទេស ដែលជា​បេក្ខភាព ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣៤ ឆ្នាំ​២០២៧ និង​លើក​ទី​៣៥ ឆ្នាំ​២០២៩ ហើយ​។​

​អង្គប្រជុំ បានសម្រេច​ជា​ផ្លូវការ​ហើយ​ថា ស៊ី​ហ្គេម​លើក​ទី​៣៤ ឆ្នាំ​២០២៧ នឹងធ្វើ​នៅ​ប្រ​​ទេស​ម៉ាឡេស៊ី ។ នេះ​ជាការ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ លើក​ទី​៧ របស់​ប្រទេស​ម៉ាឡេស៊ី បន្ទាប់ពី​ប្រទេស​នេះ បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ លើកដំបូង នៅ​ឆ្នាំ​១៩៦៥ ហើយ​បន្ទាប់ មកទៀត គឺ​ឆ្នាំ​១៩៦៩ ឆ្នាំ​១៩៧៧ ឆ្នាំ​១៩៨៩ ឆ្នាំ​២០០១ និង​ចុងក្រោយ ឆ្នាំ​២០១៧ ។​ ​នេះ​ក៏​ត្រូវបាន​ចាត់ទុកថា ជា​ខួប​គម្រប់ ១០ ឆ្នាំ​ផងដែរ នៃ​ការធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ខណៈ​លើកចុងក្រោយ​របស់គេ គឺ​កាលពី​ឆ្នាំ​២០១៧​។​

​ដោយឡែក សម្រាប់​ស៊ី​ហ្គេម លើក​ទី​៣៥ ឆ្នាំ​២០២៩ នឹងធ្វើ​ឡើង នៅ​ប្រទេស​សឹង្ហ​បុរី នាំ​ឲ្យ​ប្រទេស​ដី​កោះ​មួយ​នេះ ក្លាយជា​ប្រទេស ដែល​ទទួល​រៀបចំ​ព្រឹត្តិការណ៍​នេះ កើន​ដល់ ៥ លើក គិត​ចាប់តាំងពី​កីឡា ប្រចាំ​តំបន់ កកើតឡើង នៅ​ឆ្នាំ​១៩៥៩​។ នេះ​ក៏​ត្រូវបាន​ចាត់ ទុក​ថា ជា​ខួប​គម្រប់ ១០ ឆ្នាំ​ផងដែរ នៃ​ការធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ខណៈ​លើកចុងក្រោយ របស់គេ គឺ​កាលពី​ឆ្នាំ​២០១៧​។​

​បច្ចុប្បន្ន ស៊ី​ហ្គេម​លើក​ទី​៣១ ឆ្នាំ​២០២ (​លើក​មក​ប្រកួត​ឆ្នាំ​២០២២) កំពុងតែ​ដំណើរការ នៅ​ប្រទេស​វៀតណាម ខណៈ​ជា​បន្តបន្ទាប់ ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ នឹងធ្វើ​នៅ​ប្រទេស​កម្ពុជា​, លើក​ទី​៣៣ ឆ្នាំ​២០២៥ ធ្វើ​នៅ​ប្រទេស​ថៃ​, លើក​ទី​៣៤ ឆ្នាំ​២០២៧ ធ្វើ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​លើក​ទី​៣៥ ឆ្នាំ​២០២៩ ធ្វើ​នៅ​ប្រទេស​សិង្ហ​បុរី​៕/V​