ដោយ៖ ដេប៉ូ / ភ្នំពេញ៖ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋាន គោលនយោបាយ និងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន ក្រោមការគាំទ្រពីកម្មវិធីសម្ព័ន្ធភាព ប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) បានរៀបចំកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលប្រតិបត្តិ លើកទី៣។ កិច្ចប្រជុំនេះ បានរៀបចំឡើង កាលពីថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថាៈ ប្រទេសកម្ពុជា បានប្រឈមផលប៉ះពាល់ ពីការរាតត្បាតនៃជំងឺកូវីដ១៩ ប៉ុន្តែក្រោមការដឹកនាំ យ៉ាងត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា យើងអាចគ្រប់គ្រងបានទាំងស្រុង ហើយបានបង្ហាញពីការងើបឡើង កំណើនសេដ្ឋកិច្ច គួរឱ្យកត់សម្គាល់។ ជំងឺកូវីដ១៩ បង្កផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ច ប៉ុន្តែផលប៉ះពាល់ ពីការប្រែប្រួលអាកាសធាតុ កាន់តែបង្កហានិភ័យខ្លាំងក្លា និងយូរអង្វែង ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងផែនការអភិវឌ្ឍន៍របស់ប្រទេស ដូចនេះការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម គួរតែត្រូវគិតគូរ អំពីភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងបញ្ហាហានិភ័យ ចំពោះសុខភាព ផ្សេងៗទៀត។
ជាមួយគ្នានេះ លោក រដ្ឋមន្ត្រី បានបង្ហាញពីសកម្មភាព និងកិច្ចសហការសំខាន់ៗ ជាមួយក្រសួងពាក់ព័ន្ធ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់ សេដ្ឋកិច្ច រួមមានការបញ្ជ្រាបការប្រែប្រួលអាកាសធាតុ ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ជាតិ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងកិច្ចសហការជាមួយវិស័យឯកជន។
លោក រដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថាៈ ដើម្បីដោះស្រាយការប្រែប្រួលអាកាធាតុ និងការគ្រប់គ្រងធនធានធម្មជាតិ យើងត្រូវកសាងសេដ្ឋកិច្ចគ្រួសារ បង្កើតឱកាសទីផ្សារ និងកសាងសេដ្ឋកិច្ចតំបន់ជនបទ។
ក្នុងឱកាសនោះដែរ លោកស្រី ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា បានបង្ហាញការគាំទ្រ និងកោតសរសើរអំពី សមិទ្ធផលសំខាន់ៗ លើការដោះស្រាយ ការប្រែប្រួលអាកាសធាតុ របស់រាជរដ្ឋាភិបាល។
លោកស្រី ក៏បានបង្ហាញ អំពីកម្មវិធីសហភាពអឺរ៉ុប ឆ្នាំ២០២១-២០២៧ មានទឹកប្រាក់ សរុប ១៥៥ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់វិស័យសំខាន់ៗ ចំនួន ៣ រួមមានៈ ការអភិវឌ្ឍបៃតង និងការងារសមរម្យ ការអប់រំ និងបំណិន និងអភិបាលកិច្ចល្អ។
កិច្ចប្រជុំ បានពិនិត្យ និងពិភាក្សា លើសមិទ្ធផលការងារ សម្រេចបានសំខាន់ៗរបស់ CCCA3 ក្នុងឆ្នាំ២០២១ និងបានអនុម័ត លើផែនការសកម្មភាព សម្រាប់ឆ្នាំ២០២២-២០២៣។ កិច្ចប្រជុំ ក៏បានពិភាក្សា អំពីផែនការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន នៅកម្ពុជា វឌ្ឍនភាពនៃការរៀបចំអនុក្រឹត្យ ស្តីពីការគ្រប់គ្រង យន្តការកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការអនុវត្តគម្រោងមូលនិធិ ជំនួយឥតសំណងនវានុវត្តន៍ ការសិក្សាស្រាវជ្រាវ និងកិច្ចសហការ រវាងអន្តរក្រសួង ដើម្បីភ្ជាប់ទំនាក់ទំនង គោលនយោបាយ និងហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងសហភាពអឺរ៉ុប ក្នុងវិស័យបរិស្ថាន និងសង្គម សម្រាប់ឆ្នាំ២០២១-២០២៧៕/V