​ប្រែ​សម្រួលៈ​បំណង​(ST,BLOOMBERG)៖​លោក រ៉ានី​ល វិក​ក្រេមេ​ស៊ីង​(Ranil Wickremesinghe) សមាជិក​សភា​និង​ជា​អតីត​នាយករដ្ឋមន្ត្រី ត្រូវបានតែងតាំង​ជា​នាយករដ្ឋមន្ត្រី​បន្ទាប់​របស់​ស្រីលង្កា​នៅ​ប៉ុន្មាន​​ថ្ងៃ​បន្ទាប់ពី​នាយក​រដ្ឋមន្ត្រី​មុន​ដែល​ត្រូវ​ជា​បងប្រុស​របស់​ប្រធានាធិបតី បាន​លាឈប់​ពី​តំណែង​ចំ​ពេល​មាន​បាតុកម្ម​កុបកម្ម​ប្រឆាំង​រដ្ឋាភិបាល​ដោយសារតែ​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​ផុង​ជ្រៅ​ទៅ​។​

​ក្រោយ​ការស្បថ​ចូលកាន់​តំណែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ឧសភា លោក​វិក​ក្រេមេ​ស៊ីង បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រថា​«​យើង​កំពុង​ជួប​វិបត្តិ​មួយ យើង​ត្រូវតែ​ចេញពី​វា​»​។​នៅពេល​ត្រូវ​បាន​​គេ​សួរ​ថា​តើ​អាច​មាន​ដំណោះស្រាយ​ទេ លោក​បាន​តប​ថា «​ប្រាកដ​ណាស់​»​។​

​ការប្រកាស​តែងតាំង​នាយក​រដ្ឋមន្ត្រី​ថ្មី​នេះ​អាច​នាំមក​ស្ថិរភាព​តិចតួច​ដល់​ប្រទេស ដែល​ប្រុង​ក្ស័យធន​និង​ត្រូវការ​រដ្ឋាភិបាល​មួយ​ដឹកនាំ​កិច្ចពិភាក្សា​អំពី​កម្មវិធី​ជំនួយសង្រ្គោះ​សេដ្ឋកិច្ច​ជាមួយ​អង្គការ​រូបិយវត្ថុ​​អន្តរជាតិ​IMF​។​

​ក្នុងពេល​ជាមួយគ្នា ប្រធាន​ធនាគារ​កណ្តាល​បាន​គំរាម​លាឈប់​បើសិនជា​សណ្តាប់ធ្នាប់​នយោបាយ​មិន​ត្រូវ​បាន​ស្តារឡើងវិញ​ភ្លាម​ទេ​។​

​លោក​រ៉ា​វី កា​រូ​ណា​ណា​យ៉ាកេ​(Ravi Karunanayake)​សមាជិក​គណបក្ស​រប​ស់លោក​វិក​ក្រេមេ​ស៊ី​ងនិងជាអតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុ​បាន​និយាយថា​ការតែងតាំង​នាយក​រដ្ឋមន្ត្រី​ថ្មី​នេះ​«​ជា​ជំរើស​តែ​មួយ​សំរាប់​ស្រីលង្កា​។​ខ្ញុំ​គិតថា​ការ​តែង​​តាំង​គាត់​នឹង​ជួយ​បន្ថយ​ការតវ៉ា​ប្រឆាំង តែ​មិនមែន​គ្រប់​គ្នា​ពេញចិត្ត​នោះទេ​»​។​

លោក​បាន​បន្ថែមថា «​អាទិភាព​របស់​នាយក​រដ្ឋមន្ត្រី​ថ្មី គឺ​ត្រូវ​ស្តារ​ការផ្គត់ផ្គង់​ហ្គាស​និង​ប្រេងឥន្ធនៈ ហើយ​នាំ​សេដ្ឋកិច្ច​វិល​​មក​ផ្លូវ​ត្រឹមត្រូវ​វិញ​»​។​

​ជា​មេធាវី​ម្នាក់ លោក​វិក​ក្រេមេ​ស៊ីង បាន​ជាប់ឆ្នោត​ដំបូង​ជា​សមាជិក​សភា​នៅ​ឆ្នាំ​១៩៧៧​។​លោក​ត្រូវបាន​គេ​មើលឃើញ​ថា​ជា​នៅ​មាន​ជីវិត​ម្នាក់​ក្នុង​នយោបាយ​ជាតិ​។​លោក​ធ្លាប់​បំរើការ​ជា​រដ្ឋមន្ត្រី​ក្នុង​រដ្ឋា​​ភិបាល​ជាច្រើន និង​បាន​បំរើការ​ជា​នាយករដ្ឋមន្ត្រី​លើកដំបូង​នៅ​ទសវត្សរ៍​១៩៩០៕

​ប្រធានាធិបតី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​អបអរសាទរ​នាយក​រដ្ឋមន្ត្រី​ថ្មី​។​លោក រ៉ានី​ល វិក​ក្រេមេ​ស៊ីង​(​ឆ្វេង​) ស្បថ​ចូលកាន់​តំណែង​នាយក​រដ្ឋមន្ត្រី​នៅ​ចំពោះមុខ​ប្រធានាធិបតី ហ្គោ​តាបា​យ៉ា រ៉ា​ចា​ប៉ាក់​សា ​នៅ​វិមាន​ប្រធានាធិបតី​កាលពី​ថ្ងៃ​១២​ឧសភា​