​ដោយ​: សុផល​/​ភ្នំពេញ​: វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន សាកលវិទ្យាល័យ Beijing Jiao Tong University និង​ក្រុមហ៊ុន Beijing Urban Construction Group កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ ២០២២ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​ការផ្លាស់ប្តូរ​និស្សិត និង​ការចុះ​កម្មសិក្សា ទស្សនកិច្ច ឯកទេស​សាងសង់ ការស្រាវជ្រាវ​រួមគ្នា និង​ការបណ្តុះបណ្តាល​បច្ចេកទេស​ផ្លូវដែក​។​

​ពិធី​ចុះហត្ថលេខា​នេះ មានការ​ចូលរួម​ពី​លោក វ៉ា​ស៊ឹម សុរិយា អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក HUANG Taiyan លេខាធិការ​បក្ស​កុម្មុយនីស្ត​ចិន និង​ជា​ប្រធាន​ក្រុមប្រឹក្សា​នៃ​សាកលវិទ្យាល័យ Beijing Jiao Tong University​និង លោក Chen Daihua ប្រធាន​ក្រុមហ៊ុន Beijing Urban Construction Group​។

​លោក ហឿន សំនៀង នាយក​វិទ្យាស្ថាន​តេ​ជោ​សែន​សាធារណការ​និង​ដឹកជញ្ជូន បានឱ្យដឹងថា គោលបំណង​របស់​វិទ្យាស្ថាន​ក្នុងការ​បណ្តុះបណ្តាល​កូន​ខ្មែរ​ឱ្យមាន​ជំនាញ​ច្បាស់លាស់ ចំណេះដឹង​ទូលំទូលាយ និង​មាន​សីលធម៌ អត្តចរិត ចរិយា​ស​ម្ប​តិ្ត​ត្រឹមត្រូវ ដើម្បី​ដោះស្រាយ​វិបត្តិ​កង្វះ​អ្នកជំនាញ​បច្ចេកទេស​នាពេល​បច្ចុប្បន្ន​ផង និង​បង្កើតឱ្យមាន​អ្នក​បន្តវេន​របស់​កម្ពុ​ជា​ដ៏​មាន​សក្តានុពល និង​ស្មារតី​ទទួលខុសត្រូវ​លើ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន នាពេល​អនាគត រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ​។ លោកនាយក​វិទ្យាស្ថាន បាន​សំដែង​នូវ​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា​តាមរយៈ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ ស្ថាប័ន​ទាំងបី​នឹងធ្វើ​ការរួម​គ្នា​យ៉ាង​ចិត្ត​ស្និទ្ធ​ក្នុង​ការជួយ​គ្នា​ទៅវិញទៅមក​។​

​លោក​អនុរដ្ឋលេខាធិការ​លោក វ៉ា​ស៊ឹម សុរិយា បាន​គូសបញ្ជាក់ថា អនុស្សរណៈ នៃ​ការយោគយល់​គ្នា​ថ្ងៃនេះ គឺជា​ធាតុ​សំខាន់បំផុត​មួយ ដែល​រួមចំណែក​ដល់​ការបង្កើត​កិច្ចសហប្រតិបត្តិការ​ត្រីភាគី​ប្រកបដោយ​ប្រសិទ្ធភាព រវាង​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន សាកលវិទ្យាល័យ Beijing Jiao Tong University និង​ក្រុមហ៊ុន Beijing Urban Construction Group ដើម្បី​ធានា​គុណភាព នៃ​ការអប់រំ សមស្រប​ទៅនឹង​តម្រូវការ​ទីផ្សារ និង​ផ្តល់ជំនួយ​បច្ចេកទេស ដែលជា​អត្ថប្រយោជន៍​ដ៏​ធំធេង​សម្រាប់​សិស្សានុសិស្ស​ក្នុងការ​ពង្រីក​ឱកាស​ការងារ ជំនាញ ចំណេះដឹង​ឱ្យ​កាន់តែ​ទូលំទូលាយ​។

​លោក HUANG Taiyan បាន​មានប្រសាសន៍​លើកឡើងថា កម្ពុជា​ជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ចិន និង​ជា​ប្រទេស​សំខាន់​មួយ​នៅក្នុង​គំនិត​ផ្តួចផ្តើម “​ខ្សែក្រវាត់ និង​ផ្លូវ​” របស់​ប្រទេស​ចិន​។ ជាមួយនឹង​ការអភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី នៃ​ភាគី​ទាំងពីរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ រដ្ឋាភិបាល​ទាំងពីរ បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​ការពង្រឹង​ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ និង​ហេដ្ឋារចនាសម្ព័ន្ធ​។ លោក​បាន​បន្ថែមថា សាកលវិទ្យាល័យ BJTU នឹង​រង់ចាំ​ការពង្រឹង​ទំនាក់ទំនង​ជាមួយ​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន Beijing Urban Construction Group ដើម្បី​ពង្រឹងសមត្ថភាព​ធនធាន​មនុស្ស និង​កិច្ចសហប្រតិបត្តិការ​ត្រីភាគី​ក្នុងការ​ផ្លាស់ប្តូរ​និស្សិត និង​ការចុះ​កម្មសិក្សា ទស្សនកិច្ច ឯកទេស​សាងសង់ ការស្រាវជ្រាវ​រួមគ្នា និង​ការបណ្តុះបណ្តាល​បច្ចេកទេស​ផ្លូវដែក ដែល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រក្សា​នូវ​មិត្តភាព វិបុលភាព​រួមគ្នា និង​ផលប្រយោជន៍​ទៅវិញទៅមក​នៃ​ប្រទេស​ទាំងពីរ​។​

​ជាមួយគ្នា​នោះដែរ លោក Chen Daihua បាន​ជម្រាបជូន​ថា ក្រុមហ៊ុន BUCG ជា​សហគ្រាស​សំណង់​ធំ​មួយ​របស់​រដ្ឋ ហើយក៏​ជា​សហគ្រាស​មួយ​ក្នុងចំណោម​សហគ្រាស​កំពូល​ទាំង​៥០០​របស់​ចិន ឋិត​ក្នុង​ចំណាត់ថ្នាក់​ទី​១៤ នៅក្នុង “​កំពូល​អ្នកម៉ៅការ​សំណង់​ជាស​កល ២៥០” នៃ ENR ។ ក្រុមហ៊ុន BUCG និង​សាកលវិទ្យាល័យ Beijing Jiao Tong University មាន​កិច្ចសហប្រតិបត្តិការ​ជាច្រើន​ក្នុង​វិស័យ​ដឹកជញ្ជូន​ផ្លូវដែក​ក្នុង​ទីក្រុង ការបណ្តុះបណ្តាល​សមត្ថ​ភាព ការស្រាវជ្រាវ​គម្រោង និង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ជាច្រើន ដែល​បាន​បង្កើតបានជា​មូលដ្ឋានគ្រឹះ​ដ៏​ល្អ​សម្រាប់​ការអភិវឌ្ឍ​រួមគ្នា​រវាង​ស្ថាប័ន​ទាំងពីរ​។

​លោក​បាន​សំដែង​ក្តី​សង្ឃឹមថា​៖ វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន សាកលវិទ្យាល័យ Beijing Jiao Tong University និង​ក្រុមហ៊ុន BUCG អាច​ឆ្ពោះទៅមុខ​រួមគ្នា ដើម្បី​លើកកម្ពស់​ការបង្កើត​ទ្រឹស្តី ក៏ដូចជា​ការអនុវត្ត​ទ្រឹស្តី​ទាំងនោះ​ដោយផ្ទាល់ ព្រមទាំង​បង្កើត​កម្មវិធី​សម្រាប់​ការបណ្តុះបណ្តាល​សមត្ថភាព​ធនធានមនុស្ស​រួមគ្នា​។​

​ដោយឡែក លោក Guan Zhongliang បាន​ថ្លែង​មតិ​ចាប់អារម្មណ៍​ថា​៖ សាកលវិទ្យាល័យ BJTU បាន​ប្តេជ្ញាចិត្ត​បម្រើការ​អភិវឌ្ឍន៍​លើ​វិស័យ​ដឹកជញ្ជូន​របស់​ប្រទេស​ចិន និង​បាន​ចូលរួម​យ៉ាង​ពេញទំហឹង​ក្នុងការ​ស្រាវជ្រាវ និង​ការសាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​។ BJTU បាន​ទទួលយក​និស្សិត​កម្ពុជា​ជិត​មួយរយ​នាក់ និង​បាន​បណ្តុះបណ្តាល​លើ​ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល វិស្វកម្ម​អគ្គិសនី សេដ្ឋកិច្ច និង​ការគ្រប់គ្រង នាពេល​អនាគត សាកលវិទ្យាល័យ​នឹង​ស្វាគមន៍​និស្សិត​ឆ្នើម​កម្ពុជា​ពី​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន បន្ថែមទៀត​ដើម្បី​ទៅ​សិក្សា​នៅ BJTU និង​បាន​សំដែង​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់​ភាគី​ទាំងបី​នឹង​ទទួលបាន​ផ្លែផ្កា​ល្អ​។​

​ជាងនេះទៅទៀត លោក Guan បាន​ជម្រាបជូន​ថា​៖ លោក Li Xiaopeng រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន នៃ សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ឯកភាព​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង​ដឹកជញ្ជូន នៃ​ព្រះរាជាណាចក្រ​កម្ពុជា បង្កើតឱ្យមាន​កិច្ចសហប្រតិបត្តិការ​នា​ពេលអនាគត រវាង​សាកលវិទ្យាល័យ BJTU និង​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន ការបណ្តុះបណ្តាល​បច្ចេក​ទេស និង​ទិដ្ឋភាព​ផ្សេងទៀត​នៅក្នុង​ការកសាង​ផ្លូវដែក​។

​គួរបញ្ជាក់​ផងដែរ​ថា ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ត្រីភាគី រវាង​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណ ការ និង​ដឹកជញ្ជូន សាកលវិទ្យាល័យ Beijing Jiao Tong University និង​ក្រុមហ៊ុន Beijing Urban Construction Group បាន​ឯកភាពគ្នា​ជាគោលការណ៍​លើ​ការអភិវឌ្ឍ​លើ​ការអប់រំ ការបណ្ដុះបណ្ដាល និង​ស្រាវជ្រាវ ក្នុង​ដែន​សមត្ថកិច្ច​របស់​ភា​គី​នីមួយៗ រួមមាន​៖ សហការ​ក្នុង​ការផ្តល់​ការបណ្តុះបណ្តាល​លើ ជំនាញ​បច្ចេកទេស​ផ្សេងៗ ផ្លាស់ប្តូរ​មន្ត្រី សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និង​បុគ្គលិក សហការ​លើ​ការ​ស្រាវ ជ្រាវ និង​ការអនុវត្ត​គម្រោង​រួមគ្នា​ក្នុង​វិស័យ​ពាក់ព័ន្ធ សហការ​ក្នុងការ​ផ្តល់ជំនួយ​បច្ចេកទេស​លើ​ការអប់រំ និង​កម្មវិធី​បណ្តុះបណ្តាល​ផ្សេងៗ ចូលរួម​សន្និសីទ សិក្ខាសាលា កម្មវិធី​បណ្តុះបណ្តាល និង​ព្រឹត្តិការណ៍ ផ្សេងៗ​ទៀត ផ្លាស់ប្តូរ​ព័ត៌មាន និង​ឧបករណ៍​បច្ចេកទេស​ផ្សេងៗ​ទៀត ប្រើប្រាស់​ឧបករណ៍​សម្ភារៈ​សំណង់ និង​ធនធាន​រួមគ្នា ផ្តល់ឱកាស​ដល់​និស្សិត ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​សិក្សា ផ្តល់ជូន​វិញ្ញាបនបត្រ​នៃ​ការ បណ្តុះបណ្តាល​បច្ចេកទេស និង​ការអនុវត្ត​ការងារ​ជាក់ស្តែង​ដែល​ពាក់ព័ន្ធ ជំរុញ​អនុវត្ត​សកម្មភាព​ផ្សេងៗ ទៀត​ស្របតាម​ស្មារតី​នៃ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​៕​